ជើងហោះហើរកម្ពុជាចិន

កម្ពុជាស្នើឲ្យចិនបង្កើនចំនួនជើងហោះហើរត្រង់ជាមួយគ្នាឲ្យបាន៣០០ជើងក្នុង១សប្ដាហ៍


ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យអាកាសចរស៊ីវិលរបស់កម្ពុជា និងចិនឡើងវិញ ភាគីកម្ពុជាបានស្នើឲ្យចិន ជំរុញការផ្តល់អាទិភាពលើការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញឲ្យបានឆាប់រហ័សយ៉ាងហោចណាស់ ៣០០ជើងក្នុងមួយសប្តាហ៍។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។
កម្ពុជាស្នើឲ្យចិនបង្កើនចំនួនជើងហោះហើរត្រង់ជាមួយគ្នាឲ្យបាន៣០០ជើងក្នុង១សប្ដាហ៍
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការស្នើរបស់កម្ពុជាទៅកាន់ភាគីចិន អំពីកិច្ចសហប្រតិបត្តិការវិស័យអាកាសចរនៃភាគីទាំងពីរខាងលើនេះបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាមួយលោក Captain Song Zhiyong ប្រធានរដ្ឋបាលអាកាសចរស៊ីវិលចិនកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ ក្នុងជំនួបពិភាក្សានោះឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានស្នើឲ្យចិនជួយជំរុញការផ្តល់អាទិភាពក្នុងការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់ឡើងវិញ ឱ្យបានបានយ៉ាងតិច៣០០ជើងក្នុង១សប្តាហ៍។ ទន្ទឹមនឹងស្នើឲ្យបង្កើនជើងហោះហើរ ភាគីទាំងពីរក៏បានចុះហត្ថាលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិបត្តិការ ស្តីពីការពង្រឹងសុវត្ថិភាពហោះហើរនៅទីក្រុងប៉េកាំងប្រទេសចិនផងដែរ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានកត់សម្គាល់ឃើញថា នៅ១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ពិសេសការធ្វើប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍តែម្ដង។ លោកបន្តថា ទោះបីវិស័យទេសចរណ៍កម្ពុជា មិនអាចពឹងផ្អែកទាំងស្រុងលើទេសចរជនជាតិចិន ក៏ប៉ុន្តែ អ្នកជំនាញរូបនេះបានបង្ហាញការសាទរចំពោះកិច្ចសហប្រតិបត្តិវិស័យអាកាសចររវាង កម្ពុជា និងចិន ដោយលោកបានបញ្ជាក់ថា បើសិនភាគីទាំងពីរបង្កើនជើងហោះហើរត្រង់ដល់រហូត៣០០ជើងក្នុង១សប្ដាហ៍មែននោះ វាមិនត្រឹមតែជួយស្ដារ និងជំរុញកំណើនវិស័យទេសចរណ៍របស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយទាក់ទាញវិនិយោគិនពីប្រទេសចិនឲ្យបោះទុនវិនិយោគនៅកម្ពុជាផងដែរ។

បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា មុនវិបត្តិជំងឺកូវីដ-១៩ ពោលគឺក្នុងឆ្នាំ២០១៩ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសកម្ពុជា-ចិនមានចំនួនជាង៤០០ជើងក្នុង១សប្តាហ៍។ ក៏ប៉ុន្តែ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាប្រឈមនានានៅក្នុងពិភពលោក បានធ្វើឲ្យការចាប់ផ្តើមហោះហើរត្រង់ឡើងវិញរវាងប្រទេសទាំងពីរ មកទល់បច្ចុប្បន្ននេះ មានត្រឹមប្រមាណ១០០ជើងប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។ បើយោងតាមរបាយការណ៍ដែលផ្ដល់ដោយអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅត្រីមាសទី១ឆ្នាំ២០២៣ ចំនួនជើងហោះហើរតាមផ្លូវអាកាសរបស់កម្ពុជា មានជាង១ម៉ឺន២ពាន់ជើង។ ក្នុងនោះចំនួនជើងហោះហើរក្នុងស្រុក មានជាង១ពាន់ជើង រីឯចំនួនជើងហោះហើរក្រៅស្រុកមានប្រមាណ១ម៉ឺនជើង។ ដោយឡែក ចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅត្រីមាសទី១ឆ្នាំ២០២៣ មានចំនួនសរុបជាង១លាន២សែននាក់។

សូមបញ្ជាក់ថារយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជាទទួលបានជើងហោះហើរសរុបជាង២ម៉ឺន២ពាន់ជើងមានការកើនឡើងជាង១៦០% បើធៀបនឹងឆ្នាំ២០២១។ នៅឆ្នាំ២០២២ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសសរុប ជាង២លាន៣សែននាក់កើនឡើងជាង៧៨០% បើធៀបនឹងឆ្នាំ២០២១៕




អត្ថបទបន្ទាប់


កោះជាង ២០ក្នុងចំណោម៣០ នៅខេត្តព្រះសីហនុត្រូវបាន CDC អនុម័តឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍

ព័ត៌មាន
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអះអាងថា នៅក្នុងខេត្តព្រះសីហនុ មានកោះចំនួនប្រមាណ៣០កោះ ក្នុងនោះមានកោះជាង២០កោះត្រូវបាន ក្រុមប្រឹ…

រដ្ឋាភិបាលបន្តលើកទឹកចិត្តឲ្យដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុក្រៅប្រព័ន្ធតុលាការ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបន្តលើកទឹកចិត្តឲ្យក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុក្រៅប្រទេសតុលាការ ដ្បិតវា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ