លោក ឧកញ៉ា សៀ ប្ញទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដ គ្រុប បានគូសបញ្ជាក់ថា រយៈពេល៣ ទៅ៥ឆ្នាំចុងក្រោយនេះ កម្ពុជាគឺមានការផលិត និងផ្គត់ផ្គង់អចលនទ្រព្យច្រើន ខណៈការអភិវឌ្ឍអចលនទ្រព្យ គឺត្រូវការពេលវេលាយ៉ាងតិច ៣ទៅ៥ឆ្នាំដែរ ទើបរួចរាល់ ហើយឈានទៅរកការចាប់ផ្តើមអភិវឌ្ឍគម្រោងថ្មីបន្ថែម។
លោក ឧកញ៉ា សៀ ប្ញទ្ធី បានឲ្យដឹងទៀតថា នៅឆ្នាំ២០២០ នេះកម្ពុជាខ្លួនឯងអាចរស់រាន ក៏ដូចជាអាចផ្គត់ផ្គង់នៅអ្វីដែលខ្លួនយើងមានបាន តែយ៉ាងណា នៅចាប់ពីដើមឆ្នាំ២០២១តទៅ សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនល្អប្រសើរឡើងវិញ ដូចទៅនឹងការព្យាកររបស់ស្ថាប័នអន្តរជាតិផ្សេងៗដែរ ហើយក៏សង្ឃឹមផងដែរថា វិបត្តិកូវីដនឹងមិនបន្តអូសបន្លាយយូរតទៅទៀតនោះដែរ។
ទិន្នន័យសំណង់បង្ហាញថា ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២០នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់លិខិតអនុញ្ញាតសាងសង់ ៣.៧៣៩គម្រោង ដែលមានទុនវិនិយោគជិត ៦ពាន់លានដុល្លារ ធៀបនឹងឆ្នាំ២០១៩ មានការធ្លាក់ចុះ ៩ភាគរយ។ ទោះយ៉ាងណា បើពិនិត្យទៅលើគម្រោងសំណង់ ដែលស្ថិតនៅក្រោមសមត្ថកិច្ចថ្នាក់រាជធានីខេត្តបែរជាមានការកើនឡើងគួឲ្យកត់សម្គាល់ប្រមាណជាង ២៤ភាគរយ។
យ៉ាងណាក៏ដោយចុះ បើតាមឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ធ្លាប់បានប្រាប់លើកឡើង នាពេលកន្លងមកថា ការថមថយកំណើនវិនិយោគលើវិស័យសំណង់នៅក្នុងឆ្នាំនេះ គឺដោយសារតែបញ្ហានៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យមានការការប្រែគម្រោងប្លង់សំណង់មួយចំនួន និងការពន្យារពេលនៃគម្រោងវិនិយោគសំណង់ធំៗ ប៉ុន្តែ ចំពោះគម្រោងដែលជាសមត្ថកិច្ចរបស់រាជធានីខេត្តមិនមានការថយចុះនោះឡើយ គឺមានកំណើនរហូតដល់ជាង ២៤ភាគរយឯណោះ។
ឯកឧត្តម ឡៅ ទិព្វសីហា បន្ថែមថា ភាគច្រើននៃគម្រោងដែលបានស្នើសុំសាងសង់នាពេលនេះរួមមាន អគារពាណិជ្ជកម្ម អគារផ្សារ លំនៅដ្ឋានលក្ខណៈបុរី ប្រភេទផ្ទះល្វែង សំណង់អគាររោងចក្រឧស្សាហកម្មនានានៅតែដំណើរការស្នើសុំសាងសង់ជាបន្តបន្ទាប់ និងពិសេសគឺសំណង់អគារខ្ពស់ៗស្ថិតនៅខេត្តព្រះសីហនុ៕