
ដោយមើលឃើញពីសារសំខាន់នៃអក្ខរកម្មឌីជីថល ក្រុមហ៊ុន អប្សរា មេឌា សឺវ៉ីស (AMS) និងមជ្ឈមណ្ឌលកម្ពុជា ៤.០ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥ បានសម្ពោធកម្មវិធីថ្មីមួយ ស្ដីអំពី អក្ខរកម្មឌីជីថល (Digital Literacy) ក្រោមវត្តមាន ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុន អប្សរា មេឌាសឺវ៉ឺស និងអ្នកជំនាញផ្នែកឌីជីថល ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។
លោក លឹម ឃុនស្រ៊ុន អគ្គនាយកនៃក្រុមហ៊ុន អប្សរា មេឌា សឺវីស ( AMS ) បានមានប្រសាសន៍ថា បរិវត្តកម្មឌីជីថល ជាពិសេសការវិវត្តដ៏ជឿនលឿននៃបច្ចេកវិទ្យា AI បានចូលមកដល់ជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នារួចទៅហើយ ដូចជាការប្រើប្រាស់សេវាធនាគារ ការផ្ទេរប្រាក់តាមQR Code ការប្រើប្រាស់ផែនទី Google Map ការប្រើប្រាស់បណ្ដាញសង្គម ការទទួលបានព័ត៌មាន ឬមាតិកានានាលើបណ្ដាញសង្គម ការប្រើប្រាស់ស្មាតហ្វូនជាដើម ។

លោកបន្តថា នៅពេលបច្ចុប្បន្ននិងអនាគត ការប្រើប្រាស់ AI គឺមានសារសំខាន់និងកាន់តែទូលំទូលាយ ។AI មិនត្រឹមតែជាកន្លែងដែលយើងសួរ និងឆ្លើយសំនួរនោះទេ ប៉ុន្ដែ AI ជាឧបករណ៍ដ៏សម្បូរបែប ដើម្បីជួយនៅក្នុងការសិក្សា ជួយនៅក្នុងការងារប្រចាំថ្ងៃ ជួយក្នុងការគ្រប់គ្រងអាជីវកម្ម ។
លោក លឹម ឃុនស្រ៊ុន បញ្ជាក់ថា អក្ខរកម្មឌីជីថ គឺជាបំណិនជីវិតដ៏ចាំបាច់មួយ ដោយមិនអាចមើលរំលងបាននាពេលបច្ចុប្បន្ន និងតទៅអនាគត ។ នៅពេលសាធារណជនមានមូលដ្ឋានមានចំណេះដឹងឌីជីថលហើយ ពួកគេនឹងមានលទ្ធភាពក្នុងការចាប់យកឱកាសថ្មីៗ ការងារនិងធុរកិច្ច ហើយនឹងអាចមានសមត្ថភាពក្នុងការការពារខ្លួនពីអំពើឆបោកអនឡានផ្សេងៗផងដែរ ។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានមានប្រសាសន៍ឱ្យដឹងផងដែរថា ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល គឺជាភាពចាំបាច់និងបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការចូលរួមនិងការសម្រេចបានចក្ខុវិស័យក្នុងការកសាងកម្ពុជា ឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ។ ការរៀបចំកម្មវិធី អក្ខរកម្មឌីជីថល គឺជាផ្នែកសំខាន់មួយក្នុងការចូលរួមជាចំណែកមួយដល់ការសម្រេចបាននូវចក្ខុវិស័យនេះ ។
ឯកឧត្តមបន្តថា ការរៀបចំជាកម្មវិធីផ្សព្វផ្សាយជាភាគខ្លីៗអំពីអក្ខរកម្មឌីជីថលនេះ គឺជាការចូលរួមមួយសម្រាប់ការបណ្ដុះបណ្ដាលតាមអនឡាញ សម្រាប់អ្នកដែលមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលដោយផ្ទាល់ផងដែរ។

ជាមួយគ្នានេះ លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាននៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានមានប្រសាសន៍ថា កម្មវិធីអក្ខរកម្មឌីជីថល គឺជាកម្មវិធីសម្រាប់លើកកម្ពស់ចំណេះដឹងក្នុងយុគសម័យឌីជីថល ដើម្បីចែករំលែកបទពិសោធន៍ចំណេះដឹងឌីជីថល ដែលមិនមែនត្រឹមតែមូលដ្ឋានដ៏មានសារសំខាន់តែមួយប៉ុណ្ណោះទេ តែក៏ជាឧបករណ៍ដ៏មានសារសំខាន់ដែលអាចផ្ដល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីបង្កើនសមត្ថភាពទំនាក់ទំនង ក្នុងការចូលរួមក្នុងសហគមន៍សាកលដោយមានភាពជឿជាក់ប្រកបដោយភាពច្បាស់លាស់ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅនេះ បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥ ដោយមានទិសដៅកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី។








