កម្ពុជា-អាមេរិក-នយោបាយ

កូនប្រុស​លោក គន់ គីម ច្រាន​ចោល​ទណ្ឌកម្ម​អាមេរិក​ថា “គ្មាន​មូលដ្ឋាន និង​​​មាន​ចរិត​នយោបាយ”


កូនប្រុស​លោក គន់ គីម ទេសរដ្ឋមន្ដ្រី ដែល​ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌកម្ម បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​មក​លើ​ឪពុក​របស់​លោក ថា “គ្មាន​មូលដ្ឋាន ហើយ​មាន​ចរិត​នយោបាយ” និង​បាន​ថ្លែង​ការពារ​​សាច់​ញាតិ​របស់​​គាត់​ ថា ធ្វើ​អាជីវកម្ម​ដោយ​សុចរិត​និង​ស្រប​ច្បាប់។
លោក គីម រិទ្ធី កូនប្រុស​របស់​លោកទេសរដ្ឋមន្ត្រី គន់ គីម, ជា​អភិបាល​រង​ខេត្ត​កណ្ដាល និង​ជា​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពជា។ រូបភាព៖ ហ្វេសប៊ុក
ដោយ

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក នៅថ្ងៃ​ចន្ទ ទី៩ ខែធ្នូ បាន​ដាក់​ទណ្ឌកម្ម​លើ​លោក គន់ គីម និង​ក្រុម​គ្រួសារ ដោយ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​តាមរយៈ​ការ​ទទួល​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​យ៉ាង​ច្រើន​ពី​ទំនាក់​ទំនង​របស់​គាត់ ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ចិន​ នៅ​ខេត្ត​កោះកុង។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​សមាជិក​គ្រួសារ ៣​នាក់​ផ្សេង​ទៀត​របស់​លោក គន់ គីម និង​ក្រុមហ៊ុន​ចំនួន ៥​ផ្សេង​ទៀត ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បុគ្គល​ទាំង​នេះ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ផង​ដែរ។

កូនប្រុស​របស់​លោក គន់ គីម គឺ​លោក គីម រិទ្ធី អភិបាល​រង​ខេត្ត​កណ្តាល និង​ជា​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​និយាយ​តាមរយៈ​ហ្វេសប៊ុក​នៅ​ថ្ងៃ​អង្គារ ទី១០ ខែ​ធ្នូ យ៉ាង​ដូច្នេះ​ថា “របាយការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក គឺ​គ្មាន​មូលដ្ឋាន ហើយ​មាន​ចរិត​នយោបាយ ដើម្បី​បរិហារ​កេរ្តិ៍​មន្ត្រី​កម្ពុជា។”

លោក គីម រិទ្ធី បាន​បន្ត​ថា “ប្អូនៗ​របស់​ខ្ញុំ ធ្វើ​អាជីវកម្ម​ដោយ​សុចរិត​និង​ស្រប​ច្បាប់ ដោយ​គោរព​យ៉ាង​ហ្មត់ចត់​តាម​ច្បាប់​របស់​កម្ពុជា។ ក្រុម​គ្រួសារ​របស់​យើង​ខ្ញុំ គោរព​យ៉ាង​ជ្រាល​ជ្រៅ​បំផុត ចំពោះ​មាតុភូមិ និង​ប្រជាជន​កម្ពុជា។”

លោក គីម រិទ្ធី បាន​និយាយ​ផងដែរ​ថា ឪពុក​របស់​លោក​បាន​លះ​បង់​គ្រប់​បែប​យ៉ាង ក្នុង​ការ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ ការ​កសាង​ធនធាន​មនុស្ស និង​ស្ថាប័ន​រឹងមាំ ដោយ​ការ​គោរព​ខ្ពស់​បំផុត ចំពោះ​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ។

របាយការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក គឺ​គ្មាន​មូលដ្ឋាន ហើយ​មាន​ចរិត​នយោបាយ ដើម្បី​បរិហារ​កេរ្តិ៍​មន្ត្រី​កម្ពុជា
— គីម រិទ្ធី

ជាមួយ​គ្នា​នេះ​ដែរ អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លោក​ឧកញ៉ា ទ្រី ភាព ផងដែរ ពី​បទ​ចូលរួ​មដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ក្នុង​អំពើ​ពុករលួយ តាមរយៈ​ការ​កាប់​ឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ ដោយ​មាន​ការឃុប​ឃិត​គ្នា​ជាមួយ​មន្រ្តី​កម្ពុជា។

ក្រុមហ៊ុន​ចំនួន ១១ ដែល​ចុះ​បញ្ជី​ក្រោម​ឈ្មោះ​ឧកញ៉ា ទ្រី ភាព ក៏ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌកម្ម ផងដែរ។

ក្រសួង​ការបរទេស​កម្ពុជា​បាន​សម្តែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទណ្ឌកម្ម​ទាំង​នេះ ហើយ​បាន​និយាយ​ថា លោក គន់ គីម និង​លោក​ឧកញ៉ា ទ្រី ភាព បាន​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ការពារ​និង​ថែ​រក្សា​សុខ​សន្តិភាព​និង​ទ្រទ្រង់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនកូនខ្មែរ បោះទុនវិនិយោគ ៤លានដុល្លារ បង្កើតគម្រោង ECOCYCLE ដុតសំណល់ឧស្សាហកម្មរាប់ម៉ឺនតោនក្នុងមួយឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុនស៊ីម៉ង់តិ៍ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ នាពេលថ្មីៗនេះ បានបោះទុនវិនិយោគជាង ៤លានដុល្លារអាមេរិក បង្កើតគម្រោង ECOCYCLE ដែល…

សម្ដេច ហ៊ុន សែន ផ្ដាំទៅម្ចាស់រោងម៉ាស៊ីនកិនស្រូវ «កុំយកទុន​ ៥០លានដុល្លារ ដែលបានពីរដ្ឋទៅច្របាច់កប្រជាជន» ដោយការទិញស្រូវទម្លាក់ថ្លៃ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ដែលទទួលទិញស្រូវពីកសិករក្នុងរដូវប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ