ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ដើម្បីបន្តអនុវត្ត និងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួងកសិកម្មបន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានាដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្មប្រកបដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងស្រុក ឱ្យមកដាក់ពាក្យស្នើសុំនៅក្រសួងកសិកម្ម។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ប្រសិនជាមានក្រុមហ៊ុនណា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្ម ដែលមានគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងស្រុកនោះ គឺក្រសួងនឹងស្វាគមន៍ និងចេញលិខិតអនុញ្ញាតជូនក្នុងរយៈពេលឆាប់បំផុត ឱ្យតែស្របតាមនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។ ឯកឧត្តម បន្ថែមថា ប៉ុន្តែបើតាមការពិភាក្សាជាមួយក្រុមហ៊ុននាំចូលជីថ្នាំកសិកម្ម គឺក្រុមហ៊ុននៅមិនទាន់អាចស្វែងរកជីប្រភេទផ្សេងណា ដែលមានតម្លៃទាបជាងជីប្រភេទមុនៗនោះទេ ហើយវាជាកត្តាមួយមិនអាចប្រកួតប្រជែងជាមួយទីផ្សារជី ដែលមានក្នុងស្រុកបច្ចុប្បន្នបាន។
ទាក់ទងនឹងការលើកទឹកចិត្តក្នុងការផលិត ឬនាំចូលជីកសិកម្មប្រកបដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងស្រុកនេះដែរ លោក ហួរ ធីនាង នាយកប្រតិបត្តិផ្នែកជីថ្នាំកសិកម្មនៃក្រុមហ៊ុនអង្គរហ្គ្រីន បានគូសបញ្ជាក់ថា នេះគឺជាសញ្ញាដ៏ល្អមួយ បង្ហាញថាក្រសួងកសិកម្មបានយកចិត្តទុកដាក់ទៅលើគុណភាពជីពិតប្រាកដ។ ទោះយ៉ាងណា បើតាម លោក ហួរ ធីនាង ការស្វែងរកជីកសិកម្មដែលមានតម្លៃសមរម្យ ហើយគុណភាពល្អសម្រាប់នាំចូលនោះ វាជារឿងពិបាកមួយ ដែលមិនទាន់អាចរកបាននៅឡើយទេ នាពេលបច្ចុប្បន្ន។ ទោះជាបែបនេះក្ដី បើតាមអ្នកជំនាញរូបនេះ ដោយសារតម្រូវការជីកសិកម្មរបស់ប្រជាកសិករកាលពីរដូវកាលកន្លងមក មានតម្រូវការតិច មានការធ្លាក់ចុះជាងឆ្នាំមុនៗ ដូចនេះ បច្ចុប្បន្ន បានធ្វើឱ្យស្តុកជី និងថ្នាំកសិកម្មរបស់អ្នកផ្គត់ផ្គង់នៅមានចំនួនច្រើននៅឡើយ ដែលធ្វើឱ្យពួកគាត់អាចនឹងពិចារណាក្នុងការទម្លាក់តម្លៃជីបានក្នុងកម្រិតតិចតួចផងដែរ។
សូមបញ្ជាក់ថា នៅរយៈពេល១០ខែ ឆ្នាំ២០២២នេះ ការនាំចូលជីកសិកម្មរបស់កម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ២រយលានដុល្លារ ធ្លាក់ចុះជិត ៩,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា៕