អ្វីដែលលោក ក្រេស៊ីមៀ ម៉ាខេន បានអះអាងខាងលើនេះគឺជាការបន្ទរតាមសេចក្តីថ្លែងការណ៍របស់ប្រធានគណៈកម្មការអឺរ៉ុប គឺលោកស្រី អ៊ឺស៊ូឡា វ៉ុនឌឺ ឡេយិន (Ursula von der Leyen) ដែលបានថ្លែងនៅទីក្រុង ស្ត្រាសប៊ួ (Strasbourg) ប្រទេសបារាំង កាលពីថ្ងៃទី ១៨ ខែមេសាថា ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មពីចិនគឺច្បាស់ណាស់មិនអាចទៅរួចទេ មិនមែនជាអ្វីគួរឱ្យចង់បានទេ ឬមិនងាយស្រួលទេ សម្រាប់អឺរ៉ុប។
ក្នុងកំឡុងថ្លែងសុន្ទរកថានោះ ប្រធានគណៈកម្មការអឺរ៉ុបរូបនេះបាននិយាយថា ស្ថានភាពអន្តរជាតិ និងសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏ដូចជាផលប្រយោជន៍ផ្ទាល់របស់អឺរ៉ុប ធ្វើឱ្យវាកាន់តែមានសារៈសំខាន់សម្រាប់អឺរ៉ុបក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនឱ្យបានត្រឹមត្រូវជាមួយចិន។ លោកស្រីបានបន្តថា អ៊ឺរ៉ុបត្រូវតែបង្កើតវិធីសាស្រ្តអឺរ៉ុបផ្ទាល់ដោយឡែក ដើម្បីទុកចន្លោះខ្លះសម្រាប់ឱ្យសមាជិកនានាសហការជាមួយដៃគូផ្សេងទៀត។
អ្នកវិភាគ លោក ម៉ាខេន បាននិយាយថា ដោយសារអឺរ៉ុបនិងចិនជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏ជិតស្និទ្ធនឹងគ្នានោះ វាជាផលប្រយោជន៍របស់អឺរ៉ុបក្នុងការប្រកាន់ជំហរបែបនេះ។ លោកបានបន្ថែមថា ទាំងអឺរ៉ុប ទាំងចិន សុទ្ធតែត្រូវការគ្នាទៅវិញទៅមក ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក៏ដូចជាកិច្ចការអន្តរជាតិផងដែរ។
ទីភ្នាក់ងារស្ថិតិរដ្ឋាភិបាលអឺរ៉ុប យូរ៉ូស្តេត (Eurostat) បាននិយាយថា ប្រទេសចិនគឺជាប្រភពដ៏ធំបំផុតនៃការនាំចូលរបស់សហភាពអឺរ៉ុប និងជាអ្នកទិញទំនិញធំបំផុតទី៣របស់សហភាពអឺរ៉ុបក្នុងឆ្នាំ២០២២។ ជាក់ស្ដែង ការនាំចូលនិងការនាំចេញទ្វេភាគីសរុបឈានដល់ជាងជាង ៨៥៦ ប៊ីលាន អឺរ៉ូ ឬប្រហែល ៩៦០ ប៊ីលានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងឱ្យឃើញពីសារៈសំខាន់សេដ្ឋកិច្ចរបស់ប្រទេសចិនចំពោះអឺរ៉ុប។ ជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំមុន និងជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យចិនក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់បន្ថែមទៀតសម្រាប់សហភាពអឺរ៉ុប។
លោក ម៉ាខេន បានសាទរចំពោះអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនចំនួន ៤,៥% នៅក្នុងត្រីមាសទីមួយឆ្នាំនេះ ដោយកត់សម្គាល់ថា ធនាគារពិភពលោកបានបង្កើនអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនដល់ ៥,១% សម្រាប់ឆ្នាំ២០២៣ គឺខ្ពស់ជាងការព្យាករកាលពីខែមករារបស់ធនាគារនេះដែលថាមានត្រឹម ៤,៣%។ ទន្ទឹមនឹងនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនថាមាន ៥,២% នៅឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំមុនដែលមានអត្រាកំណើនតែ ៣% ប៉ុណ្ណោះ។
ប្រសិនបើប្រៀបធៀបគ្នាទៅ មូលនិធិ IMF រំពឹងថា អត្រាកំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះពីអត្រា ៣,៤% ក្នុងឆ្នាំ២០២២ មកនៅត្រឹម ២,៨% នៅឆ្នាំនេះ ហើយអត្រាកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី ២,១% នៅឆ្នាំ២០២២ មកនៅត្រឹម ១,៦%នៅឆ្នាំនេះ ខណៈដែលសេដ្ឋកិច្ចសហភាពអឺរ៉ុបអាចនឹងធ្លាក់ចុះពីអត្រា ៣,៥% ក្នុងឆ្នាំ២០២២ មកដល់អត្រា ០,៨% នៅឆ្នាំនេះ។
លោក ម៉ាខេន បាននិយាយថា សេដ្ឋកិច្ចចិននឹងបន្តកើនឡើង ហើយលោកគិតថា អនាគតនៃសេដ្ឋកិច្ចចិនមានភាពភ្លឺស្វាង។ លោកបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងនៅតែជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចពិភពលោកជាដដែល៕
អត្ថបទ៖ សុខ ជា