លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជាបានចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចាប់ខ្លួនជនសង្ស័យជាមេខ្លោងនៃអំពើឧក្រិដ្ឋកម្មអនឡាញថា បានបង្ហាញពីភាពស្អាតស្អំក្នុងការបោសសម្អាតអំពើឧក្រិដ្ឋកម្មអនឡាញទៅកាន់ពិភពលោក។ បើតាមអ្នកជំនាញរូបនេះ ការចាប់ខ្លួនជនសង្ស័យឈ្មោះ ចេន ហ្ស៊ី និងបក្ខពួកនឹងផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចស្ដារកេរ្តិ៍ឈ្មោះឡើងវិញ ហើយវានឹងរួមចំណែកជួយទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជាបានច្រើនបន្ថែមទៀតនាពេលខាងមុខ។
ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក៏បានជំរុញឱ្យរដ្ឋាភិបាលបន្តសកម្មភាពបង្រ្កាបនេះឱ្យកាន់តែស៊ីជម្រៅ។ លោកយល់ឃើញថា ដើម្បីឱ្យកេរ្តិ៍ឈ្មោះកម្ពុជាល្អប្រសើរឡើងវិញជាជានិរន្តរ៍ អាជ្ញាធរត្រូវតែបន្តវែកមុខ និងចាប់ខ្លួនមេខ្លោងធំៗដែលនៅសេសសល់ដទៃទៀត។ ការណ៍នេះ មិនត្រឹមតែផ្ដល់ផលល្អដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញទំនុកចិត្តដល់អ្នកវិនិយោគទុនធំៗឱ្យមកបោះទុននៅកម្ពុជាផងដែរ។
យោងតាមការបញ្ជាក់ពីក្រសួងមហាផ្ទៃ ជនសង្ស័យទាំង៣នាក់រួមមានលោក ចេន ហ្ស៊ី (Chen Zhi), Xu Ji Liang និង Shao Ji Hui ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ត្រូវបានធ្វើបត្យាប័នបញ្ជូនទៅកាន់ប្រទេសចិនរួចរាល់ហើយ។ នេះគឺជាជោគជ័យថ្មីមួយទៀតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលបង្ហាញថា កម្ពុជាលែងជាជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជនអនឡាញទៀតហើយ។ សរុបមក ការបង្រ្កាបមេខ្លោងធំៗនាដើមឆ្នាំ២០២៦នេះ ត្រូវបានគេរំពឹងថា នឹងក្លាយជា«របត់ថ្មី»ក្នុងការប្រែសម្រួលរូបភាពអវិជ្ជមានរបស់កម្ពុជាមកជាប្រទេស ដែលមានសុវត្ថិភាព និងមានសក្ដានុពលខ្ពស់សម្រាប់សហគមន៍អន្តរជាតិឡើងវិញ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ