វិស័យច្បាប់

អ្នកជំនាញព្រមានថា ថៃ អាចនឹងរកលេសគេចវេស មិនព្រមដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា ទោះបីកម្ពុជា ទទួលបានឯកសារផ្លូវច្បាប់ពីបារាំង ក៏ដោយ


ក្រុមអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងអ្នកជំនាញផ្នែកច្បាប់ បានលើកឡើងថា ការសន្យាផ្តល់ឯកសារពាក់ព័ន្ធនឹងព្រំដែនកម្ពុជា ពីប្រទេសបារាំង គឺជាឧបករណ៍ផ្នែកច្បាប់ដ៏មានសារសំខាន់សម្រាប់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ។ ទោះជាយ៉ាងណា អ្នកជំនាញបានបង្ហាញការព្រួយបារម្ភថា ភាគីថៃ អាចនៅតែរកល្បិចកល គេចវេស មិនព្រមចូលរួមដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ក្នុងករណីដែលភាគីថៃ នៅតែមិនព្រមទទួលស្គាល់ឯកសារផ្លូវច្បាប់ ដែលផ្តល់ដោយប្រទេសបារាំង តើកម្ពុជា គួរតែមានជំហានបន្តដូចម្តេច?
វិស័យច្បាប់
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា ឯកសារដែលបារាំង ត្រៀមផ្តល់ជូនកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយថៃ គឺជាឯកសារប្រវត្តិសាស្ត្រ និងជាឯកសារផ្លូវច្បាប់ដ៏មានតម្លៃខ្ពស់។ ឯកសារទាំងនេះ អាចជាមូលដ្ឋានសំខាន់ សម្រាប់កម្ពុជា យកទៅប្រើប្រាស់នៅលើវេទិកាអន្តរជាតិ។

ទោះជាយ៉ាងណា លោកបណ្ឌិត គិន ភា បញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែនឱ្យមានប្រសិទ្ធភាព មិនអាស្រ័យតែភស្តុតាងផ្នែកច្បាប់តែមួយផ្នែកប៉ុណ្ណោះទេ ប៉ុន្តែត្រូវការឆន្ទៈនយោបាយ និងភាពស្មោះត្រង់ក្នុងកិច្ចសហប្រតិបត្តិការពីភាគីថៃ ផងដែរ។ សង្កេតមើលលើបទពិសោធ​កន្លងមក លោក គិត ភា យល់ឃើញថា ភាគីថៃ ហាក់មិនទាន់បង្ហាញឆន្ទៈពេញលេញ ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា តាមផ្លូវច្បាប់អន្តរជាតិឡើយ។

លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងជាទីប្រឹក្សា អមរិន្ទ បានលើកឡើងថា ឯកសារពាក់ព័ន្ធនឹងព្រំដែនកម្ពុជា ដែលបារាំងនឹងផ្តល់ជូន គឺជាភស្តុតាងបន្ថែមដ៏រឹងមាំ រួមមានផែនទីព្រំដែនរវាងប្រទេសទាំងពីរ ក្នុងមាត្រដ្ឋាន ១ លើពីរយពាន់ និងកិច្ចព្រមព្រៀងបារាំង–សៀម ដែលធ្លាប់មានពីមុនមក។

ទោះជាយ៉ាងណា លោក សុខ សំអឿន បញ្ជាក់ថា ទោះមានភស្តុតាងគ្រប់គ្រាន់ក៏ដោយ ភាគីថៃ នៅតែអាចបដិសេធ ឬគេចវេសមិនទទួលស្គាល់បានដដែល។ ទី១ ប្រើកម្លាំងទ័ពវាយដណ្ដើមយកទឹកដីមកវិញ និងមួយទៀត គឺត្រូវបន្ដប្រើប្រាស់យន្តការអន្តរជាតិ ដោយប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ បន្តទៅទៀត ដើម្បីស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំរៀបចំការពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងសហគ្រាសសាធារណៈ

នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារកែទម្រង់ការគ្…

ផលិតផល និងអាជីវកម្មថៃ កាន់តែច្រើនបន្ដបាត់ពីទីផ្សារកម្ពុជា! តើវាជាសញ្ញាអវសាននៃអាជីវកម្មថៃ នៅកម្ពុជា ឬយ៉ាងណា?

កសញ្ញានៃផលិតផលថៃ មួយចំនួន ដែលធ្វើអាជីវកម្មនៅក្នុងទីផ្សារកម្ពុជា ចាប់ផ្ដើមរង្គោះរង្គើ គួរឱ្យកត់សម្គាល់ ដោយសារការធ្វើពហិការផលិតផលថៃ ដោយពលរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ