វិស័យកសិកម្ម

ស្លឹកគ្រៃក្រៀមពូជ«ភ្លុកដំរី» កំពុងមានការពេញនិយមសម្រាប់ទីផ្សារនាំចេញទៅប្រទេសថៃ


ខណៈកម្ពុជា កំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ វិស័យកសិកម្ម ហាក់នៅតែមានភាពលេចធ្លោជាងគេ បើប្រៀបនឹងវិស័យដទៃ។ ដ្បិត កូវីដ-១៩ នៅបន្តវាយលុក និងបានធ្វើឱ្យតម្លៃកសិផលមួយចំនួនធ្លាក់ចុះ នាពេលកន្លងមក តែកម្ពុជា នៅតែអាចនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិជាបន្តបន្ទាប់។ នាពេលបច្ចុប្បន្ននេះ ស្លឹកគ្រៃប្រភេទភ្លុកដំរី កំពុងតែមានតម្រូវការទីផ្សារខ្លាំងនៅប្រទេសថៃ រហូត១០០តោន ក្នុងមួយសប្ដាហ៍ ខណៈកម្ពុជា ទើបតែមានលទ្ធភាពផ្គត់ផ្គង់ស្លឹកគ្រៃក្រៀម ប្រមាណ ៥តោន ប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍។
សកម្មភាពក្រុមកសិករដាំស្លឹកគ្រៃភ្លុកដំរីក្នុងខេត្តសៀមរាមកំពុងប្រមូលផលស្លឹកគ្រៃសម្រាប់នាំទៅថៃ

បើ​ទោះបី​វិបត្តិ​កូ​វី​ដ​-១៩ បាន​ក្លាយជា​បញ្ហា​ប្រឈម ក្នុង​វិស័យ​កសិកម្ម ធ្វើ​ឱ្យ​តម្លៃ​ផលិតផល​មួយ​ចំនួន​ធ្លាក់​ចុះ តែ​វិបត្តិ​នេះ មិន​បា​នប​ន្ទុ​ច​បង្អាក់​នៃ​ដំណើរការ​ផលិតកម្ម ក្នុង​វិស័យ​កសិកម្ម​ឡើយ​។ តួយ៉ាង សព្វថ្ងៃ កសិករ​នៅ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន កំពុង​តែ​មមាញឹក ដាំ​ដុះ​ដំណាំ​ស្លឹកគ្រៃ​ប្រភេទ​ភ្លុក​ដំរី ព្រោះ​ស្លឹកគ្រៃ​ប្រភេទ​នេះ កំពុង​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ ទាំង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ​។ សម្រាប់​ទីផ្សារ​ប្រទេស​ថៃ ឯណោះ​វិញ កំពុង​មាន​តម្រូវការ​ស្លឹកគ្រៃ​ក្រៀម​ខ្ពស់ រហូត ១០០​តោន ក្នុង​មួ​យស​ប្ដា​ហ៍​។

លោក នាក់ ភា ប្រធាន​សហគមន៍ កសិកម្ម​មាន​ជ័យ ស្នូល​ទ្រ​ត បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ក្រោយ​សហគមន៍​ទទួល​បាន​វិ​ញ្ញា​ប័ន​ប​ត្រ​បញ្ជាក់​ពី​លក្ខខណ្ឌ​ភូតគាម​អនាម័យ ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពេល​នេះ​សហគមន៍​បាន​នាំ​ចេញ​ស្លឹកគ្រៃ​ក្រៀម បណ្ដើរ​ៗ​ហើយ ទៅ​ទីផ្សារ​ប្រទេស​ថៃ​។ បើ​តាម​លោក នាក់ ភា ស្លឹកគ្រៃ​ស្ងួត ដែល​សហគមន៍​ទិញ​ពី​កសិករ មាន​តម្លៃ ១ ៤០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ចំណែក ស្លឹកគ្រៃ​សើម មាន​តម្លៃ ២៥០​រៀល ក្នុង​មួយ​គីឡូក្រាម​។

ប្រធាន​សហគមន៍​រូប​នេះ បាន​បញ្ជាក់​ថា បច្ចុប្បន្ន មាន​កសិករ​សរុប​ប្រមាណ ១០០​គ្រួ​លារ កំពុង​ដាំ​ដុះ​ស្លឹកគ្រៃ​ពូជ​ភ្លុក​ដំរី លើ​ផ្ទៃដី​សរុប ប្រមាណ ២០០​ហិ​កតា សម្រាប់​ផលិត​ស្លឹកគ្រៃ​ក្រៀម​។ បើ​តាម​លោក នាក់ ភា ប្រទេស​ថៃ ជាទី​ផ្សារ​ធំ​សម្រាប់​នាំ​ចេញ​ស្លឹកគ្រៃ​ក្រៀម​ពូជ​ភ្លុក​ដំរី ហើយ​មួយ​ផ្នែក​ទៀត ក៏​បាន​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ ក្នុងស្រុក​ដែរ​។ យ៉ាងណា​ក៏​ដោយ លោក នាក់ ភា បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន សហគមន៍ មិន​ទាន់​អាច​ផ្គត់ផ្គង់​ស្លឹកគ្រៃ​ក្រៀម តាម​តម្រូវការ​ទីផ្សារ​នៅឡើយ​ទេ ព្រោះ​ទីផ្សារ​កំពុង​មាន​តម្រូវការ​លើសលប់​ពី​ប្រទេស​ថៃ ខណៈ​ទីផ្សារ​ប្រទេស​ថៃ​ត្រូវការ​ស្លឹកគ្រៃ​ក្រៀម ប្រមាណ​១០០​តោន ឯណោះ ក្នុង​មួ​យស​ប្ដា​ហ៍ តែ​សហគមន៍​ទើប​អាច​ផ្គត់ផ្គង់​ស្លឹកគ្រៃ​ក្រៀម ប្រមាណ ៥​តោន ក្នុង​មួ​យស​ប្ដា​ហ៍​។ 

ស្រប​នឹង​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ​ស្លឹកគ្រៃ​ភ្លុក​ដំរី​ខ្ពស់ ប្រធាន​សហគមន៍ កសិកម្ម​មាន​ជ័យ ស្នូល​ទ្រ​ត ក៏​បាន​អំពាវនាវ​ឱ្យ​កសិករ ចូលរួម​ដាំ​ស្លឹកគ្រៃ​ភ្លុក​ដំរី បន្ថែម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ នា​ពេល​បច្ចុប្បន្ន​។ តែ​យ៉ាងណា លោក នាក់ ភា បាន​សង្កត់ធ្ងន់​ថា សហគមន៍​ទទួល​ទិញ​ស្លឹកគ្រៃ តែ​ពូជ​ភ្លុក​ដំរី​សរីរាង្គ ស្រប​តាម​គោលការណ៍​របស់​សហគមន៍​សម្រាប់​នាំ​ចេញ ពិសេស​កសិករ ជា​សមាជិក​របស់​សហគមន៍​ផ្ទាល់​។

ជុំវិញ​សន្ទុះ​ទីផ្សារ​ស្លឹកគ្រៃ​ភ្លុក​ដំរី ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​នេះ​ដែរ ត្រូវ​បាន​លោក ញ៉ សុភាព ប្រធាន​ក្រុម​កសិករ​ដាំ​ស្លឹកគ្រៃ​ភ្លុក​ដំរី ក្នុង​ខេត្តសៀមរាប បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ ដំណាំ​ស្លឹកគ្រៃ​ភ្លុក​ដំរី ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ពី​ទីផ្សារ​ប្រទេស​ថៃ រួម​ទាំង​ទីផ្សារ​ក្នុងស្រុក​ផង​។ លោក ញ៉ សុភាព បាន​រៀបរាប់​ទាំង​អារម្មណ៍​សប្បាយ​រីករាយ ថា ទោះបី​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ កសិផល​មួយ​ចំនួន​ពិបាក​រក​ទីផ្សារ តែ​ស្លឹកគ្រៃ​ភ្លុក​ដំរី បែរជា​មាន​ទីផ្សារ​ទូលាយ​ទៅ​វិញ​។

ជា​អ្នក​ដាំ​ស្លឹកគ្រៃ​ភ្លុក​ដំរី និង​ជា​តំណង​ក្រុម​កសិករ ក្នុង​ខេត្តសៀមរាប លោក សុភាព បានឱ្យ​ដឹង​ថា ស្លឹកគ្រៃ​ភ្លុក​ដំរី មាន​រសជាតិ​ឆ្ងាញ់ ក្លិន​ឆ្ងុយ ប្លែក​ពី​រសជាតិ​ស្លឹកគ្រៃ​ធម្មតា ដែល​ពលរដ្ឋ​ខ្មែរ​និយម​ដាំ​នៅ​តាម​ផ្ទះ​កន្លង​មក ហើយ​វា​សាក​សម​សម្រាប់​ការ​ច្នៃ​ធ្វើ​ជា តែ​ស្លឹកគ្រៃ ឱសថ ទើប​វា​មាន​តម្រូវការ​ខ្ពស់​។ តំណាង​កសិករ​រូប​នេះ បញ្ជាក់​បន្ថែម​ថា ស្លឹកគ្រៃ​ភ្លុក​ដំរី ងាយស្រួល​ដាំ ហើយ​ក៏​មិន​ពិបាក​ថែទាំ​ដែរ ម្យ៉ាងវិញទៀត ស្លឹកគ្រៃ​ជា​តម្រូវ​ចម្បង​សម្រាប់​ទីផ្សារ ដូច្នេះ កសិករ​អាច​រក្សា​ទុក​គល់​របស់​វា ឱ្យ​លូតលាស់​បន្ត ដើម្បី​ប្រមូល​ផល​នៅ​ពេល​ក្រោយ​ៗ​ទៀត​។

ស្លឹកគ្រៃ​ក្រៀម​ភ្លុក​ដំរី គេ​អាច​យក​ច្នៃ​ជា តែ​ស្លឹកគ្រៃ ឱសថ និង​គ្រឿងសម្អាង​ផ្សេង​ៗ​។ បច្ចុប្បន្ន ស្លឹកគ្រៃ​ប្រទេស​នេះ កំពុង​មានការ​ពេញ​និយម​ដាំ​ដុះ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូច​ជា បាត់ដំបង សៀមរាប បន្ទាយ​មាន​ជ័យ ប៉ៃលិន ក្រចេះ ជាដើម​។ កសិករ​ដែល​មាន​បំណង​ដាំ​ដុះ​ស្លឹកគ្រៃ​ភ្លុក​ដំរី ត្រូវ​ស្នើ​សុំ​ទៅ​សហគមន៍​ជា​មុន ដើម្បី​ទទួល​បាន​ពូជ សម្រាប់​ដាំ​ដុះ និង​ត្រូវ​ដាំ​ឱ្យ ស្រប​តាម​គោលការណ៍​ណែនាំ​របស់​សហគមន៍ ដែល​ជា​ប្រភេទ​ស្លឹកគ្រៃ​សរីរាង្គ ត្រូវ​មាន​វិធីសាស្ត្រ​ប្រមូល​ផល​ល្អ និង​មានការ​ស​ម្ងួ​ត​ស្លឹកគ្រៃ ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WhatsApp ត្រូវសហភាពអឺរ៉ុប​ផាកពិន័យ ២៦៧លានដុល្លារ ពីបទរំលោភ​ច្បាប់​ឯកជនភាព

ព័ត៌មាន
កម្មវិធី WhatsApp ដែល​ជារបស់​ក្រុមហ៊ុនហ្វេសប៊ុក ត្រូវបាន​ផាក​ពិន័យ​ទឹកប្រាក់ ២៦៧លានដុល្លារ ដោយគណៈកម្មការ​ការពារទិន្នន័យ​របស់​ប្រទេសអៀ…

ថ្នាក់ដឹកនាំរំពឹងថា គម្រោងទីក្រុងឆ្លាតវៃនឹងជួយទាក់ទាញអ្នកវិនិយោគនិងភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបកាន់តែច្រើន

ព័ត៌មាន
ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប បានអះអាងថា ទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុន(JICA)នឹងជួយរដ្ឋបាលខេត្តសៀមរាប ដើម្បីរៀបចំក្រុងសៀមរាបឲ្យក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ