ភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាលើសកលលោកបានជំរុញឱ្យឧស្សាហកម្មគ្រឿងម៉ាស៊ីន និងគ្រឿង បង្គុំបម្រើឱ្យវិស័យនេះនៅតាមប្រទេសនីមួយៗរួមទាំងកម្ពុជា មានការរីកដុះដាលគួរឱ្យកត់សម្គាល់នៅមួយទស្សវត្សរ៍ចុងក្រោយនេះ។ ស្របពេលការនាំចេញទំនិញផ្សេងៗរបស់កម្ពុជាហាក់មានទំនោរធ្លាក់ចុះ តែការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីនៅតែរក្សាបានកំណើនគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងនៅ១១ខែឆ្នាំនេះ ការនាំចេញផលិតផលទាំងនេះសម្រេចបានជិត៣ពាន់លានដុល្លារ កើនឡើងជាង៧៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានជាង១ពាន់៦រយលានដុល្លារ។ គួរបញ្ជាក់ថា ទំហំនាំចេញសរុបរបស់កម្ពុជានៅរយៈពេល១១ខែឆ្នាំនេះសម្រេចបានជាង២០ពាន់លានដុល្លារ កើនឡើងជាង១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកគ្រឿងម៉ាស៊ីន គ្រឿងបង្គុំ និងសម្ភារអគ្គិសនី គឺជាផលិតផលដ៏សំខាន់សម្រាប់ការធ្វើពិពិធកម្មនាំចេញទំនិញរបស់កម្ពុជា។
ហើយតាមរយៈកំណើននៃការនាំចេញផលិតផលនេះ ធ្វើឱ្យមន្ត្រីរាជរដ្ឋាភិបាល និងអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា ផលិតផលនេះអាចនឹងចូលមកជំនួសការពឹងផ្អែកខ្លាំងរបស់កម្ពុជាលើការនាំចេញផលិតផលកាត់ដេរ និងវាយនភណ្ឌ។ យ៉ាងណាក៏ដោយ ការកាត់បន្ថយការចំណាយផ្សេងៗនៅលើសកលលោក ក្រោយសេដ្ឋកិច្ចបានរងការរង្គោះរង្គើ ដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន សង្គ្រាមរវាងអ៊ីស្រាអែល-ក្រុមហាម៉ាស និងបញ្ហាភូមិសាស្រ្តនយោបាយជាដើម នៅតែជាបញ្ហាប្រឈមសម្រាប់ការនាំចេញរបស់កម្ពុជា។ បញ្ហានេះ បានធ្វើឲ្យការនាំចេញទំនិញផ្សេងទៀតរួមទាំងផលិតផលផ្នែកកាត់ដេរ វាយនភណ្ឌនៅតែបន្តធ្លាក់ចុះ។ ជាក់ស្ដែងនៅ១១ខែឆ្នាំនេះ កម្ពុជាសម្រេចបានការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ក្នុងទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារ ថយចុះជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក ការនាំសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមិនមែនធ្វើពីក្រណាត់វិញ ក៏មានការថយចុះជាង១២% ដោយសម្រេចបានទំហំទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារនៅរយៈពេល១១ខែឆ្នាំនេះ។
សូមបញ្ជាក់ថា មុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម។
បើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដ្បិតការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារធំៗ មួយចំនួន ដូចជា អាម៉េរិក ជប៉ុន និងថៃ នៅ១១ខែក្នុងឆ្នាំនេះ ហាក់មានការថយចុះ តិចតួច ប៉ុន្ដែបើមើលទៅលើការនាំចេញទៅកាន់ទីផ្សារប្រទេសធំៗ មួយចំនួនទៀត ដូចជា ចិន និងវៀតណាម គឺសុទ្ធសឹងតែរក្សាបានអត្រាកំណើនជាវិជ្ជមានគួរឲ្យកត់សម្គាល់៕