ការលុបចោលគម្រោងទាំងអស់ពីក្រុមហ៊ុនអភិវឌ្ឍន៍ លី ឈួង

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យលុបចោលគម្រោងទាំងអស់ពីក្រុមហ៊ុនអភិវឌ្ឍន៍ លី ឈួង


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៣ ខែមករានេះ បានថ្លែងបញ្ជាក់ចំៗថា សម្ដេចនឹងលុបចោលគម្រោងទាំងអស់របស់ក្រុមហ៊ុន លី ឈួង សំណង់ និងអាហរ័ណ នីហរ័ណ និងបញ្ជាឱ្យអភិបាលខេត្តណាដែលបានជំពាក់លុយក្រុមហ៊ុននេះ ត្រូវសងបំណុលដោយខ្លួនឯង ដោយរដ្ឋមិនជួយចេញសងនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នឹងមានការអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣នៅថ្ងៃស្អែកនេះ។ រូបភាព៖ SPM Page

ការ​ព្រមាន​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បែប​នេះ បន្ទាប់​ពី​សម្ដេច​បាន​ត្រួតពិនិត្យ​នូវ​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​រក​ឃើញ​ថា បណ្ដា​ខេត្ត​នានា​បាន​ជំពាក់​បំណុល​ក្រុមហ៊ុន លី ឈួ​ង​នេះ យ៉ាងច្រើន តាម​រយៈ​ការ​អនុវត្តន៍​គម្រោង​នានា ដោយ​មិន​បានឱ្យ​រដ្ឋាភិបាល​ដឹង​។

ថ្លែង​នៅ​ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ត​ភ្ជាប់​ខេត្ត​ព្រះ​សីហ​នុ ទៅ​កាន់​ខេត្តកោះកុង នៅ​ថ្ងៃ​ទី​៣ ខែមករា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ សម្ដេច​នឹង​យក​ឆ្នាំ​២០២២​នេះ ដើម្បី​ជំរុញ​កំណែទម្រង់​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​អនុវត្តន៍​ដោយ​ម៉ឺងម៉ាត់​នូវ​ច្បាប់ និង​បទបញ្ជា​ស្ដី​ពី​ការ​ប្រើប្រាស់​ថវិកា ដោយ​សម្ដេច​បាន​ស្នើ​ឱ្យ​គ្រប់​ស្ថាប័ន​ថ្នាក់​ជាតិ ពិសេស​ថ្នាក់​ក្រោម​ជាតិ​អនុវត្ត ដោយ​ម៉ឺងម៉ាត់​នូវ​បទដ្ឋាន​ទាក់ទង​ជាមួយនឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​។ សម្ដេច​បាន​បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ក្រោយ​សម្ដេច​បាន​ទទួល​របាយការណ៍​ពី​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុន្នី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អំពី​បំណុល​ដែល​បណ្ដា​ខេត្ត​នានា​ជំពាក់​ក្រុមហ៊ុន លី ឈួ​ង ដែល​ជា​ក្រុមហ៊ុន​សាងសង់​គម្រោង​ធំ​ៗ ជា​ច្រើន​នៅ​កម្ពុជា នា​ពេល​កន្លង​មក​។

បើ​ទោះជា ក្រុមហ៊ុន​សាងសង់​មួយ​នេះ បាន​ចូលរួម​សាងសង់​សំណង់​ធំ​ៗ ជា​ច្រើន នៅ​កម្ពុជា ក៏​ដោយ​ចុះ តែ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ក្រុមហ៊ុន​នេះ ដែល​បាន​ឃុបឃិត ជាមួយ​បណ្ដា​ខេត្ត​មួយ​ចំនួន អនុវត្ត​គម្រោង​នានា ដោយ​មិន​បានឱ្យ​រដ្ឋាភិបាល​ដឹង​ជា​មុន ដោយ​បាន​អនុវត្ត​ផែនការ​ធ្វើ​មុន​ទូទាត់​ថវិកា​តាម​ក្រោយ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​ដាក់​សំណើ​ជូន​រដ្ឋាភិបាល​រួច​មក​ហើយ តែ​ត្រូវ​រដ្ឋាភិបាល​បដិសេធ​។ ជុំវិញ​បញ្ហា​នេះ ប្រមុខ​ដឹកនាំ​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រាល់​ការ​ទូទាត់​បំណុល​ឱ្យ​ក្រុមហ៊ុន លី ឈួ​ង អភិបាលខេត្ត​ទាំងអស់​ត្រូវ​សង​ត្រឡប់​ទៅ​វិញ ក្នុង​រយៈពេល ២០​ឆ្នាំ ដោយ​ខ្លួនឯង ដោយ​រដ្ឋាភិបាល​មិន​ចេញ​សង​ជំនួស​នោះ​ទេ​។ សម្ដេច​ថែម​ទាំង​បញ្ជា​ឱ្យ​បញ្ឈប់​រាល់​គម្រោង​ទាំងអស់ របស់​ក្រុមហ៊ុន លី ឈួ​ង ទៀត​ផង​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ទៀត​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ព្រមាន​ដល់​ក្រុមហ៊ុន លី ឈួ​ង និង​ក្រុមហ៊ុន​ដទៃ ឱ្យ​បញ្ឈប់​សកម្មភាព​អនុវត្ត​គម្រោង​សាងសង់​មុន រួច​សង​ប្រាក់​តាម​ក្រោយ ដោយ​សម្ដេច​បាន​ចាត់​ទុក​ទ​ង្វើ​នេះ ថា​ជា​ទ​ង្វើ​ពុក​រលួយ នឹង​បង្កើត​បំណុល​ដល់​រដ្ឋាភិបាល​កម្ពុជា​។ បន្ថែម​នោះ សម្ដេច​ក៏​បាន​សង្កត់ធ្ងន់​ទៀត​ថា រាល់​គម្រោង​ទាំងអស់ លុះត្រាតែ​មានការ​អនុម័ត​ពី​រដ្ឋាភិបាល​ជា​មុន​សិន ទើប​អាច​អនុវត្ត​បាន​។

ក្រុមហ៊ុន លី ឈួ​ង សំណង់ និង​អាហរ័ណ នីហរ័ណ គឺជា​ក្រុមហ៊ុន​សាងសង់​អគារ និង​ផ្លូវថ្នល់​នៅ​កម្ពុជា​អស់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​។ តាម​ការ​គូសបញ្ជាក់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ក្រុមហ៊ុន​នេះ ក៏​បាន​សាងសង់​វិមាន​សន្តិភាព វិមាន​រដ្ឋ​សភាជាតិ និង​អគារ​សំណង់​ធំ​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​៕




អត្ថបទបន្ទាប់


មហោស្រពសិល្បៈអន្ដរជាតិអង្គរនឹងក្លាយជាព្រឹត្ដិការណ៍កម្រិតពិភពលោកនៅឆ្នាំ២០២២ ខាងមុខ

ព័ត៌មាន
មហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) នឹងក្លាយជាព្រឹត្ដិការណ៍ស្ដង់ដារអន្ដរជាតិក្នុងកម្រិតពិភពលោកសម្រាប់ឆ្នាំ២០២២ ខាងមុខ ដើម្បីអបអរការប្រារព្ធបិ…

ប្រធានាធិបតីកូរ៉េខាងត្បូងសច្ចាប្រើរយៈពេលចុងក្រោយក្នុងតំណែង ស្វែងរកសន្តិភាពជាមួយកូរ៉េខាងជើង

ព័ត៌មាន
ប្រធានាធិបតីកូរ៉ខាងត្បូងលោក ម៉ូ ជេអ៊ីន នៅថ្ងៃច័ន្ទទី០៣មករានេះបានសច្ចាថា លោកនឹងប្រើប្រាស់ពេលប៉ុន្មានខែចុងក្រោយរបស់លោកក្នុងតំណែងជាប្រធានា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ