ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងក្នុងសិក្ខាសាលា ស្តីពី«ការពិចារណាអំពីយុទ្ធសាស្ត្រសម្រាប់កម្ពុជា ប្រឈមនឹងសេដ្ឋកិច្ចសង្គ្រាម» ថា ស្ថានភាពដែលយើងទាំងអស់គ្នាកំពុងតែឃើញ បច្ចុប្បន្ន គឺមិនមែនគ្រាន់តែជាការច្របូកច្របល់ក្នុងរយៈពេលខ្លី ឬ ជាការធ្លាក់ចុះតាមវដ្ត នៃសេដ្ឋកិច្ចនោះទេ ប៉ុន្តែជាការលេចឡើងនូវ ប្រព័ន្ធប្រតិបត្តិសកលថ្មីមួយ“a new global operating system” ដែលកត្តាភូមិសាស្ត្រនយោបាយ និងសន្តិសុខ កាន់តែមានឥទ្ធិពលក្នុងការកំណត់នូវទិសដៅសេដ្ឋកិច្ច (economic outcomes)។
បរិបទនេះ ត្រូវបានវាយតម្លៃកាន់តែញឹកញាប់ថា ជាការលេចឡើងនៃតក្កវិជ្ជានៃសេដ្ឋកិច្ចសង្គ្រាម (War Economy Logic) ដែលចាត់ទុកកត្តាសន្តិសុខជាអាទិភាពសំខាន់ជាងប្រសិទ្ធភាពសេដ្ឋកិច្ច។ និយាយបែបនេះ គឺមិនមែនមានន័យថា សារសង្គ្រាមនឹងកើតឡើងនៅគ្រប់ទីកន្លែងនោះទេ ប៉ុន្តែ គឺដោយសារប្រព័ន្ធសកលបច្ចុប្បន្ន មានសភាពពោរពេញទៅដោយ អស្ថិរភាពឥតឈប់ឈរ(constant instability), ការប្រកួតប្រជែងជាយុទ្ធសាស្ត្រ (strategic competition), និងការធ្លាក់ចុះនៃកិច្ចការពារពហុភាគី (weakened multilateral protection)។ សម្រាប់ប្រទេសសេដ្ឋកិច្ចតូច និងបើកចំហដូចកម្ពុជា ការយល់ដឹង និងការត្រៀមខ្លួនសម្រាប់តថភាពថ្មីនេះ គឺជាការចាំបាច់បំផុតដែលមិនអាចមើលរំលងបាន។
ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ទៀតថា កម្ពុជា កំពុងប្រឈមមុខនឹងការប៉ះពាល់ធ្ងន់ធ្ងរជាច្រើននៅក្នុងបរិបទ នៃសេដ្ឋកិច្ចសង្គ្រាមនេះ។ រចនាសម្ព័ន្ធសេដ្ឋកិច្ច, ទីតាំងភូមិសាស្ត្រ, និងបរិយាកាសភូមិសាស្ត្រនយោបាយរបស់កម្ពុជា បានឆ្លុះបញ្ចាំងពីភាពងាយរងគ្រោះមួយចំនួនរួមមាន៖ការប៉ះពាល់ផ្នែកភូមិសាស្ត្រនយោបាយ, ការប៉ះពាល់ផ្នែកសេដ្ឋកិច្ច, ការពឹងផ្អែកខាងបច្ចេកវិទ្យា និងឌីជីថល, និងភាពមានកម្រិតនៃយន្តការពហុភាគីជាដើម។
ដូច្នេះ ដើម្បីដឹកនាំប្រទេសកម្ពុជា ឆ្លងកាត់នូវបរិយាកាសនៃសេដ្ឋកិច្ចសង្គ្រាម ឯកឧត្តម វង្សី វិស្សុត បានផ្ដល់ជាអនុសាសន៍គន្លឹះថា កម្ពុជា ត្រូវផ្សារភ្ជាប់នូវជម្រើសយុទ្ធសាស្ត្របច្ចុប្បន្នឱ្យស្របនឹងការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែង ដោយផ្អែកលើបទពិសោធដែលទទួលបានដ៏លំបាកកន្លងមក ដូចជា ការរៀបចំដំណាក់កាលបន្ទាប់នៃយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ ក្នុងរយៈពេល ២៥ឆ្នាំខាងមុខ កម្ពុជា អាចកំណត់គោលដៅប្រែខ្លួនជាប្រទេសដែលមាន ស្ថិរភាព សុខសន្តិភាព និងឯកភាពជាតិ ដែលប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងគុណតម្លៃសមស្របផ្សេងទៀត។ សេដ្ឋកិច្ចចំណូលខ្ពស់ និងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាពធន់, សង្គមផ្អែកលើចំណេះដឹង ជាមួយនឹងមូលធនមនុស្សដែលមានចំណេះដឹងខ្ពស់, សង្គមប្រកបដោយបរិយាបន្ន និងប្រព័ន្ធគាំពារសមរម្យ, ការរក្សាតុល្យភាពនៃការអភិវឌ្ឍជាមួយនឹងចីរភាពបរិស្ថាន។
សំខាន់ជាងនេះទៅទៀត ដើម្បីឈានទៅដល់គោលដៅក្នុងដំណើរដ៏វែងឆ្ងាយនេះ កម្ពុជា ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តកសាងភាពធន់របស់ជាតិ និងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេស និងប្រជាជនយើងរីកលូតលាស់ និងឈរជើងបាន។ យើងកំពុងស្ថិតនៅក្នុងចំណុចរបត់មួយដ៏សំខាន់។ ការលេចឡើងនៃយុគសម័យសេដ្ឋកិច្ចសង្គ្រាម មិនមែនជាព្យុះនៅខាងក្រៅ ដែលយើងអាចរង់ចាំឱ្យឆ្លងផុតទៅនោះទេ ប៉ុន្តែវាគឺជា landscape ជាក់ស្ដែងមួយដែលកម្ពុជានឹងត្រូវឆ្លងកាត់នៅទសវត្សរ៍ខាងមុខ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដែលបានចង្អុល បង្ហាញថា កម្ពុជាត្រូវឆ្លើយតបជាមួយនឹង ភាពបត់បែនជាយុទ្ធសាស្រ្ត, សាមគ្គីភាពជាតិ, និងភាពខ្លាំងនៃស្ថាប័ន។ ប្រសិនបើយើងបន្តដំណើរ ជាមួយនឹងការសម្លឹងមើលទៅខាងមុខ, ភាពធន់, និងការប្តេជ្ញាចិត្ត, កម្ពុជានឹងមិនគ្រាន់តែអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មីនៃសណ្ដាប់ធ្នាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជានឹងអាចតម្រង់ទិសនាវារបស់ខ្លួននិងឆ្លងកាត់ដោយជោគជ័យនៅក្នុងបរិបទដ៏លំបាកនេះបាន៕