នយោបាយ

តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង នៅ​មុនទស្សនកិច្ច​​របស់​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប


ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​ដីកា​មួយ​បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​អតីត​មេបក្ស​ប្រឆាំង​គឺ​លោក សម រង្ស៉ី និង​អតីត​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ៧​នាក់​ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ថ្មី តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ នៅ​មុនការមកដល់​របស់​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​ ជា​ផ្នែក​​មួយ​នៃ​ដំណើរការ​ត្រួត​ពិនិត្យ​និង​តាមដាន​ ខណៈ​ដែល​អឺរ៉ុប​ពិចារណា​ដក​ពី​កម្ពុជា​នូវ​កិច្ច​ព្រមព្រៀង​មិន​បង់​ពន្ធ​ទំនិញ​នាំ​ចូល (EBA)។
រូបថត​លោក សម រង្ស៊ី និង​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ រូបភាព​ឯកសារ ពី ហ្វេសប៊ុករបស់​លោក សម រង្ស៊ី។
ដោយ

បើ​តាម​ដីកា​តុលាការ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ក្រុម​តេឡេក្រាម​ឯកសារ​សម្រាប់​មន្រ្តី​សាធារណ: ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន មាន​ឈ្មោះ​​ថ្នាក់​ដឹកនាំ​សំខាន់ៗ​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​នោះ រួមមាន លោក សម រង្ស៉ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ  លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង លោក តុ វ៉ាន់ចាន់ ក្រោម​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ជាអាទិ៍»។

ដីកា​ទាំង​អស់​នោះ ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម​ឈ្មោះ លោក កូយ សៅ នៅ​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៩។

លោក កែត សុផាន អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវ​បាន​គេ​ដក​ស្រង់​ប្រសាសន៍​​ថា ក្រុមការងារ EBA របស់​សហភាព​អឺរ៉ុប​នឹង​មក​ដល់​កម្ពុជា នៅថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ សប្ដាហ៍​នេះ។

បន្ទាប់​ពី​លើក​ការ​ព្រួយ​បារម្ភ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សហភាព​អឺរ៉ុប​បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ ថា ខ្លួន​ចាប់​ផ្តើម​ដំណើរការ​នីតិ​វិធី​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​កម្មវិធី​អនុគ្រោះ​ពន្ធ​ EBA។

EBA គឺ​ជា​គំនិត​ផ្តួចផ្តើម​របស់​សហគមន៍​អឺរ៉ុប​ដើម្បី​ជួយ​​បណ្តាប្រទេស​ក្រីក្រ​ឲ្យ​នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប​​ដោយ​មិន​បាច់​បង់ពន្ធ ហើយ​វា​អាច​ត្រូវ​បាន​ដក​ចេញ​ក្នុង​ករណី​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ យោងតាម​តួលេខ​ផ្លូវការ ទំនិញ​ដល់​ទៅ ៤០​ភាគរយ​នៃ​ទំនិញ​ទាំង​អស់ ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​បាន​ចេញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប។

លោកស្រី មូរ សុខហួរ  អតីត​អនុប្រធាន​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​និយាយ​តាម​អ៊ីម៉េល​ថា គាត់​បាន​ដឹង​ពី​ដីកា​ទាំង​៨​នេះ ហើយ​បាន​បន្ត​ថា ការផ្អាក EBA ដោយ EU និង GSP ដោយ​សហរដ្ឋ​អាមេរិក នឹង​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់ ជាពិសេស ស្ត្រី និង​ប្រជាជន​ដែល​ងាយ​រងគ្រោះ​រួច​ទៅ​ហើយ។

តាមរយៈ​អ៊ីម៉េល​ដដែល លោកស្រី មូរ សុខហួរ បាន​និយាយ​បន្ត​ថា គាត់​នឹង​បន្ត​ការងារ​រៀបចំ​ផែនការ​សម្រាប់​ការវិល​ត្រឡប់​របស់​លោក សម រង្ស៊ី និង​អ្នក​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ផ្សេង​ទៀត ឲ្យ​ចូល​ប្រទេស​វិញ។ 

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​​និយាយ​​ប្រាប់​​អ្នក​សារព័ត៌មាន​តាម​សារ​តេឡេក្រាម ថា អ្នក​នយោបាយ ៤​នាក់ នៃ​ចំនួន​សរុប ១១៨​នាក់ ដែល​ត្រូវបាន​តុលាការ​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​នោះ បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​ថា សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​បាន​បើក​ចំហ​និង​ស្វាគមន៍​ជានិច្ច​ចំពោះ​គ្រប់​អ្នក​នយោបាយ​ពាក់ព័ន្ធ។

លោក​បន្ត​ថា ប្រជាជន​កម្ពុជា​បាន​កត់​សម្គាល់​ថា លទ្ធិ​ប្រជាធិបតយ្យ​នៅ​កម្ពុជា​នៅ​តែ​មាន​«ជីវិត​រស់​រវើក​និង​មាន​សុពលភាព។»

លោក សុខ ឥសាន បាន​និយាយ​ដូច្នេះ​ថា «បញ្ហា​ស្ថិត​នៅ​លើ​សិទ្ធិ​សម្រេច​ចិត្ត​ដោយ​ឯករាជ្យ​របស់​ម្នាក់ៗ គ្មាន​អ្នកណា​គាប​សង្កត់ ឬ​គំរាម​កំហែង​ខ្លួន​ឡើយ។ បើ​ខ្លួន​ឯង​ចង់​បាន គឺ​បាន តែ​បើ​ខ្លួន​ឯង​មិន​ចង់​បាន​ទេ ក៏​មិន​បាន​ដែរ។ ត្រង់​នេះ​សរ​បញ្ជាក់​ថា ជីវិត​នយោបាយ​របស់​ខ្លួន គឺ​ស្ថិត​នៅ​លើ​ខ្លួន​ឯង​ម្នាក់ៗ​ទេ មិន​រណប​លើ​អ្នក​ដទៃ​ឡើយ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុវជន​កម្ពុជា និង​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ

ព័ត៌មាន
ព័ត៌មាន​ក្លែងក្លាយ គឺជា​ពាក្យ​ពេញនិយម​ដែល​កំពុងក្លាយ​ជា​រឿងធម្មតា នៅក្នុងចំណោម​ពលរដ្ឋ​កម្ពុជា ជាពិសេស ក្មេងៗ​យុវវ័យ និង​អ្នករស់នៅ​ក្នុង…

ចាងហ្វាង​កាសែត ខេមបូឌាដេលី ទទួល​មរណភាព​ក្នុង​វ័យ​៨៧​ឆ្នាំ

ព័ត៌មាន
លោក បឺណាដ គ្រីស័រ (Bernard Krisher) ចាងហ្វាង​ការ​ផ្សាយ​សារព័ត៌មាន ខេមបូឌាដេលី បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី៥ ខែ​មីនា ឆ្នាំ​២០១៩ នៅឯ​ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ