អាជ្ញាធរកម្ពុជា

តើការផលិតវីដេអូផ្សព្វផ្សាយខុសពីការពិតជះឥទ្ធិពលយ៉ាងណាខ្លះដល់សេដ្ឋកិច្ច និងកិត្តិយសកម្ពុជា?


ការផលិតមាតិកាវីដេអូផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ត្រូវបានសង្កេតឃើញថា កំពុងមានការពេញនិយមខ្លាំងនៅកម្ពុជា ក៏ដូចជានៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោក ដ្បិតវីដេអូខ្លះបានទាក់ទាញឱ្យមានអ្នកចូលមើលច្រើន ហើយអ្នកផលិតវីដេអូខ្លះក៏ទទួលបាននូវអត្ថប្រយោជន៍ជាប្រាក់មួយចំនួនពីការផ្សព្វផ្សាយរបស់ពួកគេ។
អាជ្ញាធរកម្ពុជា
ដោយ

ជាក់ស្ដែងនៅកម្ពុជា មានអ្នកធ្វើមាតិកាផ្សព្វផ្សាយមួយចំនួន បានផលិតវីដេអូប្រឌិតខុសពីការពិត ដើម្បីទាក់ទាញអ្នកចូលមើល ដោយពុំបានគិតពីផលប៉ះពាល់នានា។ តើការផលិតវីដេអូប្រឌិតខុសពីការពិតនឹងជះឥទ្ធិពលយ៉ាងណាខ្លះដល់សេដ្ឋកិច្ចនិងកិត្តិយសកម្ពុជា?តើអ្នកពាក់ព័ន្ធនឹងឆ្លើយតបបែបណាចំពោះអ្នកធ្វើមាតិកាវីដេអូប្រឌិតនេះ?

កាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិន តៃវ៉ាន់២នាក់ នៅបន្ទប់ខុនដូមួយកន្លែង ស្ថិតក្នុងក្រុងព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ពាក់ព័ន្ធការរត់គេចពីការតាមចាប់ខ្លួនធ្វើទារុណកម្ម, វីដេអូខ្មោចលង និងវីដេអូផ្សេងៗទៀតនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីទាក់ទាញការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម។

ជុំវិញរឿងរ៉ាវអ្នកផលិតមាតិកាវីដេអូប្រឌិតនេះដែរ ត្រូវបានឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ចាត់ទុកការបង្រ្កាបជនបរទេស២នាក់ ដែលបានផលិតមាតិកាវីដេអូញុះញង់ បំភ័ន្តមតិសាធារណជន អំពីបញ្ហាសន្តិសុខនៅកម្ពុជានេះថា ជាការរៀបចំសេណារីយ៉ូថត ដែលមានចេតនាទុច្ចរិត ក្នុងការមួលបង្កាច់នូវអ្វីដែលជាស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលកំពុងមានភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព។ ថ្នាក់ដឹកនាំរូបនេះ បានហៅទង្វើទាំងអស់នេះថា បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់របស់កម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ ហើយក៏សង្ឃឹមថា នឹងមិនមានអំពើបែបនេះកើតឡើងសាជាថ្មីម្តងទៀតនោះដែរ។ ទន្ទឹមនេះ ឯកឧត្តមបានអំពាវនាវឱ្យមានការចូលរួមទប់ស្កាត់ការចែកចាយ និងផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈបំភ្លៃការពិត និងមានចរិតញុះញង់ឱ្យមានការយល់ច្រលំមកលើសង្គមជាតិតទៅទៀត។

ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការផលិតមាតិកាវីដេអូផ្សព្វផ្សាយនៅលើបណ្ដាញសង្គមដែលខុសពីការពិតនឹងបង្កផលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់ប្រទេសកម្ពុជា។ ការណ៍នេះនឹងបង្កផលប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកវិនិយោគបរទេស និងធ្វើឱ្យពួគគេមានការខ្លាចរអាក្នុងការមកបណ្ដាក់ទុននៅកម្ពុជា ព្រមទាំងប៉ះពាល់ដល់វិស័យទេសចរណ៍ដ៏មានសក្ដានុពលរបស់កម្ពុជា។ អ្នកជំនាញរូបនេះ ស្នើឱ្យមន្រ្តីក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងសមត្ថភាព និងបន្តឃ្លាំមើលចំពោះអ្នកផលិតមាតិកាវីដេអូផ្សព្វផ្សាយនៅលើបណ្ដាញសង្គម និងបានដាស់តឿនដល់អ្នកផលិតមាតិកាវីដេអូទាំងអស់ត្រូវគិតគូរពីផលប៉ះពាល់នៃការផ្សព្វផ្សាយរបស់ពួកគេផងដែរ។

​នៅក្នុងអំឡុងពេលនៃការបង្ហាញមុខជនជាតិចិនតៃវ៉ាន់ ដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធការផ្សព្វផ្សាយវីដេអូប្រឌិត ក្នុងពេលថ្មីៗនេះ អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន បានចាត់ទុកការផ្សព្វផ្សាយវីដេអូប្រឌិតរបស់ជនជាតិចិនទាំងនេះថា បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដក្នុងខេត្តព្រះសីហនុ។ បើតាមការអះអាងរបស់អភិបាលខេត្តរូបនេះ គឺមិនមានហេតុការណ៍ណាមួយកើតឡើងដូចការផ្សព្វផ្សាយនោះទេ ដោយជនសង្ស័យធ្វើឡើង ដើម្បីទាក់ទាញការចូលមើលឱ្យបានច្រើនតែប៉ុណ្ណោះ។ ទន្ទឹមនេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានអំពាវនាវដល់អ្នកផ្សព្វផ្សាយទាំងអស់ត្រូវចេះថ្លឹងថ្លែងឱ្យបានត្រឹមត្រូវ និងកុំផ្សព្វផ្សាយខុសពីការពិត ដែលបង្កផលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម។

​គួរកត់សម្គាល់ថា ស្របពេលដែលកម្ពុជា កំពុងខិតខំស្ដារសេដ្ឋកិច្ចឡើងវិញ អំឡុងពេលរងគ្រោះដោយសារឥទ្ធិពលជាសកល ប៉ុន្តែគេសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ កម្ពុជាបានរងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនពាក់ព័ន្ធនឹងភាពអសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ ការផ្សព្វផ្សាយនូវព័ត៌មាននេះ ត្រូវបានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាការបង្ខូចកិត្តិយសរបស់កម្ពុជា និងបានបញ្ជាឱ្យមានការបកស្រាយ ព្រមទាំងចាត់វិធានការបន្ទាន់ផងដែរ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ដំណើរនៃការបង្កើតសុភមង្គលរយៈពេល១៥ឆ្នាំរបស់មិត្តហ្វូននៅកម្ពុជា

បន្ទាប់ពីរយៈពេលជិត ៣ ឆ្នាំនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំធនធាន និងការបង្កើតម៉ាកយីហោរបស់ខ្លួន មិត្តហ្វូនត្រូវបានបើកដំណើរការជាផ្លូ…

ប្រធានធនាគារកណ្ដាលអាម៉េរិក ចេញមុខអះអាងថា ប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក

ស្របពេលលេចឮព័ត៌មានជាបន្តបន្ទាប់ថា ប្រទេសកាន់តែច្រើន ជាពិសេសសមាជិកនៃប្លុកប្រទេស BRICS បានឈប់ប្រើប្រាក់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ