ប្រទេសវៀតណាម

ហេតុអ្វីរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់វៀតណាមប្រឈមមុខនឹងការបិទ?


ក្រុមហ៊ុនដែលកំពុងគ្រប់គ្រងរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់វៀតណាមកំពុងប្រឈមមុខនឹងខ្វះលទ្ធភាពសងបំណុលនៅខែវិច្ឆិកាខាងមុខ។ ស្ថានភាពនេះបង្កើនលទ្ធភាពដែលអាចធ្វើឲ្យរោងចក្រទាំងនោះ នឹងត្រូវបិទទ្វារ ខណៈដែលកិច្ចពិភាក្សាដើម្បីនាំរដ្ឋាភិបាលឱ្យចូលរួមក្នុងផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅតែជាប់គាំង។
ហេតុអ្វីរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់វៀតណាមប្រឈមមុខនឹងការបិទ?

មូលហេតុ ធំមួយដែលធ្វើឲ្យក្រុមហ៊ុនចម្រាញ់ប្រេងទាំងនោះជួបញ្ហាមកទល់ពេលនេះ គឺដោយសារនៅពេលដែលការលក់ប្រេងធ្លាក់ចុះក្នុងអំឡុងពេលមានជំងឺរាតត្បាត ក្រុមហ៊ុនបានយកដើមទុនប្រតិបត្តិការទៅសងបំណុល ដោយទុកឱ្យរោងចក្រខ្វះសាច់ប្រាក់ប្រតិបត្តិការ។សារព័ត៌មានជប៉ុននេះបានរាយការណ៍ថា រោងចក្រចម្រាញ់ប្រេងនិងគីមី ងី សុន ដែលជាប្រតិបត្តិកររោងចក្រចម្រាញ់ប្រេងនៅខេត្ត ថាញ់ ហោ ភាគខាងជើងនៃប្រទេសវៀតណាម ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាក្រោមការដឹកនាំរបស់ក្រុមហ៊ុនប្រេងដ៏ធំរបស់ជប៉ុនឈ្មោះ អ៊ីដេមីតស៊ុ កូសាន រួមជាមួយក្រុមហ៊ុន គុយវ៉ែត ផិតត្រូលៀម អឺរ៉ុប, ក្រុមហ៊ុន មីតស៊ុយ ខេមីកខល, និងសម្ព័ន្ធក្រុមហ៊ុនប្រេងនិងហ្គាសវៀតណាមដែលគ្រប់គ្រងដោយរដ្ឋ។

ប្រភពដដែលបានបន្តថា រោងចក្រចម្រាញ់ប្រេង ងី សុន ដែលបានបើកដំណើរការក្នុងឆ្នាំ ២០១៨ ត្រូវបានបង្កើតឡើងដើម្បីចម្រាញ់ប្រេងឆៅចំនួន ២ សែនធុងបារ៉ែល ជារៀងរាល់ថ្ងៃ។ រោងចក្រនេះផ្គត់ផ្គង់ប្រេងសាំងពី ៣០% ទៅ ៤០% នៅប្រទេសវៀតណាម ហើយការបិទទ្វារនឹងនាំឱ្យមានការខ្វះខាតប្រេងសាំងយ៉ាងខ្លាំង។

គម្រោងតម្លៃ ៩ ពាន់លានដុល្លារសម្រាប់រោងចក្រនេះ ក៏ដើរតួជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងជប៉ុន និងវៀតណាមដែរ។ នេះបើយោងតាមសារព័ត៌មាន នីកេ អេស៊ា ដែលបានលើកឡើងថា កាលពីថ្ងៃទី ៧ ខែឧសភាថា លោក សូ ហាស៊ិហ្គាវ៉ា អគ្គនាយកក្រុមហ៊ុន ងី សុន បានប្រាប់សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុន។ លោក សូ បាននិយាយក្នុងសម្ដីដើមថា៖ «យើងចង់បានការគាំទ្របន្ថែមទៀតពីរដ្ឋាភិបាលជប៉ុន និងវៀតណាម" ។

កាសែតនេះបានឱ្យដឹងថា ក្រុមហ៊ុន ងី សុង បានស្វែងរកការពន្យារពេលក្នុងកម្ចីហិរញ្ញប្បទានទ្រទ្រង់គម្រោង ពីក្រុមធនាគារ ដែលដឹកនាំដោយធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលគ្រប់គ្រងដោយរដ្ឋជប៉ុន។ ប្រភពដដែលបានរៀបរាប់ថា ក្រុមហ៊ុននេះត្រូវសងបំណុលរៀងរាល់ខែឧសភា និងខែវិច្ឆិកា ហើយក្រុមហ៊ុនមានប្រាក់ចំនួន ៣៧៥ លានដុល្លារ សម្រាប់សងនៅខែឧសភានេះ ប៉ុន្តែចំពោះប្រាក់សំណងនៅខែវិច្ឆិកាចំនួន ២៧៧ លានដុល្លារទៀត អាចនឹងមានការលំបាក។

យោងតាម នីកេ អេស៊ា រោងចក្រចម្រាញ់ប្រេង ងី សុង គ្រោងបិទរយៈពេលពីរខែ ដោយចាប់ផ្តើមនៅក្នុងខែសីហា ដើម្បីធ្វើការងារថែទាំជាប្រចាំ ដែលជាការកាត់ផ្តាច់ចរន្តប្រាក់ចំណូលរបស់ក្រុមហ៊ុន។ កាសែតបានបន្តថា ក្នុងការរំពឹងថានឹងមានវិបត្តិសាច់ប្រាក់ រោងចក្រនិងអ្នកផ្តល់កម្ចីកំពុងចរចាលើផែនការរៀបចំលក្ខខណ្ឌបំណុលឡើងវិញ ហើយធនាគារបានស្នើឱ្យពន្យារការសងប្រាក់កម្ចីប្រមាណជា ២ពាន់លានដុល្លារក្នុងរយៈពេលជាង ៣ ឆ្នាំ។

អ្នកវិនិយោគទាំងបួននៅក្នុងរោងចក្រ ងី សុន ចាំបាច់ត្រូវយល់ព្រមលើសំណើនេះ ប៉ុន្តែក្រុមហ៊ុនប្រេងនិងហ្គាសវៀតណាមមិនបានធ្វើដូច្នេះទេ ដោយសំអាងថា សំណើនេះ ត្រូវមានការចុះហត្ថលេខាយល់ព្រមពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមសិន។ នេះបើយោងតាម នីកេ អេស៊ា ដែលបានបង្ហើបឱ្យដឹងទៀតថា អ្នកវិនិយោគផ្សេងទៀត រួមទាំងក្រុមហ៊ុន អ៊ីដេមីតស៊ុ ផង បានផ្ញើលិខិតមួយទៅកាន់រដ្ឋាភិបាលវៀតណាមដើម្បីស្វែងរកការយល់ព្រម ប៉ុន្តែទីក្រុងហាណូយនៅតែមានភាពអវិជ្ជមានចំពោះសំណើពន្យារពេល ជាហេតុធ្វើឱ្យការចរចានៅជាប់គាំង។

សូមរំឭកថា ពេលដែលការលក់ប្រេងធ្លាក់ចុះក្នុងអំឡុងពេលមានជំងឺរាតត្បាត ក្រុមហ៊ុនបានយកដើមទុនប្រតិបត្តិការទៅសងបំណុល ដោយទុកឱ្យរោងចក្រនេះខ្វះសាច់ប្រាក់។ ទោះបីជាតម្រូវការប្រេងបានស្ទុះងើបឡើងវិញក៏ដោយ ក៏ការកើនឡើងនៃតម្លៃប្រេងឆៅដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនបានជំរុញឱ្យតម្លៃលទ្ធកម្មរបស់រោងចក្រចម្រាញ់ប្រេងកើនឡើង ហើយបន្ទុកការប្រាក់របស់ក្រុមហ៊ុនត្រូវបានគេរំពឹងថានឹងកើនឡើង ជាហេតុនាំឱ្យហិរញ្ញវត្ថុរបស់រោងចក្រកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត៕




អត្ថបទបន្ទាប់


ការនាំចេញផលិតផលសំខាន់ៗរបស់សិង្ហបុរីដាំក្បាលចុះនៅ៧ខែជាប់គ្នា តើដោយសារកត្តាអ្វីខ្លះ?

ព័ត៌មាន
អត្រានៃការនាំចេញទំនិញសំខាន់ៗរបស់សិង្ហបុរីទៅកាន់ទីផ្សារនៅក្រៅប្រទេសក្នុងខែមេសាកន្លងទៅនេះ បានបង្ហាញពីការធ្លាក់ជិត១០% នៅក្នុងខែមេសា ហើយវា…

លើកស្ទួយផលិតផលខ្មែរ ផ្សារទំនើបអ៊ីអន ចាប់ដៃជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បង្ហាញផលិតផលនៅក្នុងស្រុករាប់រយមុខ

ព័ត៌មាន
ផ្សារទំនើបអ៊ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ដោយមានការសហការ និងគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ នឹងរៀបចំពិព័រណ៌ផលិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ