វិស័យកសិកម្ម

កសិករដង្ហោយរកការជួយអន្តរាគមន៍ ក្រោយការហក់ឡើងតម្លៃប្រេងឥន្ធនៈជំរុញឱ្យថ្លៃដើមផលិតកើនឡើងខ្ពស់


កសិករដាំដុះស្រូវ ដំឡូងមី ពោត និងបន្លែកំពុងរងសម្ពាធយ៉ាងខ្លាំងពីការហក់ឡើង នៃតម្លៃប្រេងឥន្ធនៈ ដែលបានរុញច្រានឱ្យតម្លៃជីថ្នាំ ថ្លៃដើមផលិត និងសេវាដឹកជញ្ជូនកើនឡើងទ្វេដង​។ ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមកសិករបានដង្ហោយស្វែងរកការជួយអន្តរាគមន៍ ដើម្បីឱ្យតម្លៃទិន្នផលកសិផលរបស់ពួកគេបានកើនឡើងសមស្របតាមទីផ្សារ ចៀសវាងការខាតបង់ធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
វិស័យកសិកម្ម
ដោយ

លោក នួន ណារិន្ទដា កិសករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យ បានលើកឡើងថា បន្ទាប់ពីតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់បានធ្វើឱ្យតម្លៃជីថ្នាំនៅតំបន់របស់លោកបានហក់ឡើងទៅតាមនឹងដែរ។ កសិកររូបនេះបានអះអាងថា តម្លៃជីបានហក់ឡើងពី១៨ម៉ឺនរៀល ដល់២០ម៉ឺន៥ពាន់រៀលក្នុងមួយបាវក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា ដើម្បីអាចបន្តការផលិតបាន កសិករត្រូវការឱ្យតម្លៃដំឡូងមីស្រស់ឡើងដល់៤០០រៀលក្នុងមួយគីឡូក្រាម បើមិនដូច្នោះទេ កសិករជាច្រើននឹងបង្ខំចិត្តបោះបង់ការដាំដុះ។

ជាមួយគ្នានេះ លោក សុង ស៊ីថា កសិករធ្វើស្រែនៅខេត្តតាកែវ បានអះអាងថា បច្ចុប្បន្ននេះតម្លៃជីថ្នាំនៅតំបន់របស់លោកមិនបានឡើងថ្លៃនោះទេ ប៉ុន្តែការហក់ឡើងខ្ពស់នៃតម្លៃប្រេងម៉ាស៊ូតកំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់រូបលោក និងកសិករឯទៀត។ បើតាមការអះអាងរបស់កសិកររូបនេះ ការហក់ឡើងតម្លៃប្រេងឥន្ធនៈកំពុងជំរុញឱ្យថ្លៃដើមខ្ពស់ជាងមុន ដោយបច្ចុប្បន្នថ្លៃដឹកជញ្ជូនស្រូវបានហក់ឡើងពី២ទៅ៣ពាន់រៀលរហូតដល់៤ទៅ៥ពាន់រៀលក្នុងមួយបាវ។ ទន្ទឹមនឹងស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍លើបញ្ហាតម្លៃប្រេងហក់ឡើងថ្លៃ កសិកររូបនេះអះអាងថា ស្ថិតក្នុងបរិបទបច្ចុប្បន្នស្រូវទាល់តែអាចលក់បានក្នុងតម្លៃប្រមាណ១,០០០រៀល ឬខ្ពស់ជាងនេះក្នុងមួយគីឡូក្រាម ទើបអាចទូទាត់ជាមួយថ្លៃដើមបាន។

ដោយឡែក លោក សុខ វិន ប្រធានសហគមន៍កសិកម្មតាសែនខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្ននេះតម្លៃពូជពោតក្រហមខ្មែរកំពុងហក់ឡើងខ្ពស់ក្នុងមួយការ៉ុងមានតម្លៃ១៨ម៉ឺនរៀល ខណៈកាលពីខែមុនមានតម្លៃក្រោមនេះ ដែលកំពុងធ្វើឱ្យកសិករលំបាកក្នុងការសម្រេចចិត្តបន្តផលិតនៅឆ្នាំនេះ។ បើតាមការវាយតម្លៃរបស់លោក សុខ វិន តាមរយៈបញ្ហានេះ គួបផ្សំតម្លៃប្រេងឥន្ធនៈ និងជីថ្នាំកំពុងហក់ឡើងខ្ពស់ អាចជំរុញឱ្យកសិករនៅតំបន់របស់លោកកាត់បន្ថយការដាំដុះប្រមាណ៥០%នៅឆ្នាំនេះ។

ទន្ទឹមនឹងនេះ លោក អ៊ុន អឿន ប្រធានសហគមន៍បន្លែត្រាំកក់ បានកត់សម្គាល់ថា ទោះបីតម្លៃបន្លែស្លឹកបច្ចុប្បន្នហក់ឡើងដល់១,០០០ ទៅ ២,០០០រៀលក្នុងមួយគីឡូក្រាមក៏ដោយ ក៏កសិករមិនសូវសប្បាយចិត្តនោះដែរ ព្រោះថ្លៃដើមផលិត ដែលរងឥទ្ធិពលពីការកើនឡើងតម្លៃប្រេងឥន្ធនៈកំពុងគំរាមកំហែងដល់ប្រាក់ចំណេញរបស់ពួកគេ។

យ៉ាងណាមិញក្រុមកសិករបានសំណូមពរយ៉ាងទទូចដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធឱ្យជួយអន្តរាគមន៍លើតម្លៃប្រេងឥន្ធនៈ ជីថ្នាំ និងពូជដំណាំ ដើម្បីផ្ដល់ដង្ហើមដល់វិស័យកសិកម្ម។ ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយទាន់ពេលវេលាទេ កម្ពុជា អាចប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ដោយសារកសិករសម្រេចចិត្តបោះបង់ការផលិតជាបន្តបន្ទាប់៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ស្ថានភាពសង្គ្រាមនៅជម្ឈិមកាន់តែអាក្រក់ ក្រោយក្រុមហ៊ូធីបើកការវាយប្រហារលើអ៊ីស្រាអែល ខណៈកងទ័ពម៉ារីនអាម៉េរិកទៅដល់សមរភូមិ

ហានិភ័យ នៃសង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ាកាន់តែខិតជិតមកដល់ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានបើកការវាយ…

ទោះចំណូលនាំចេញកើន៤៧% តែអ្នកជំនាញបារម្ភសង្រ្គាមនៅមជ្ឈិមបូព៌ាធ្វើឱ្យប៉ះពាល់ដល់ទីផ្សារកៅស៊ូកម្ពុជា

​​បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ប៉ុន្តែទីផ្សារកៅស៊ូកម្ពុជានៅ​២ខែដំបូងឆ្នាំ២០២៦ នៅតែបង្ហាញសញ្ញាវិជ្ជមានគួរឱ្យក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ