កសិករមួយចំនួនក្នុងចំណោមកសិករសរុបប្រមាណ៥៧០លាននាក់ នៅទូទាំងពិភពលោកនៅតាមប្រទេសធំៗមួយចំនួនដូចជាឥណ្ឌា អ៊ីតាលី បារាំង និងប្រទេសនៅតំបន់អឺរ៉ុបមួយចំនួន បានផ្ទុះការតវ៉ាជាបន្តបន្ទាប់ ដោយសារពួកគេពិបាកក្នុងការតស៊ូនឹងសម្ពាធជាច្រើនរាប់ចាប់តាំងពីការផលិតរហូតដល់ទីផ្សារ។ ការតវ៉ានេះ គឺដើម្បីទាមទារសុំការជួយអន្តរាគមន៍ពីរដ្ឋាភិបាល បន្ទាប់ពីពួកគេជួបបញ្ហាការកើនឡើងថ្លៃដើមផលិត សម្ពាធពីអាកាសធាតុ និង បញ្ហានានាដែលកំពុងតែកើតឡើងថ្មីៗនៅលើពិភពលោក។
សារព័ត៌មានធំៗបានរាយការណ៍ថា ការតវ៉ាថ្មីៗ ដែលបានផ្ទុះឡើងតាំងពីដើមឆ្នាំមកដល់បច្ចុប្បន្ននេះ គឺកំពុងតែបន្ថែមភាពស្មុគស្មាញនៅប្រទេសមហាអំណាចជាច្រើននៅបស្ចិមប្រទេស និងនៅឥណ្ឌាដែលជាប្រទេសមានប្រជាពលរដ្ឋច្រើនជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ កសិករនៅជុំវិញពិភពលោកកំពុងអំពាវនាវឱ្យរដ្ឋាភិបាលជួយផ្តល់ជំនួយបន្ថែមទៀត សម្រាប់គាំទ្រផលិតកម្ម និងការខិតខំរបស់ពួកគេ ដែលកំពុងតស៊ូដើម្បីរកដំណោះស្រាយ។
អ្នកវិភាគបានលើកឡើងថា បាតុកម្មដែលបានកើតឡើងដោយកសិករនៅអឺរ៉ុប និងនៅឥណ្ឌា អាចជាសម្ពាធបន្ថែមទៀតដល់ផលិតកម្មស្បៀងអាហារ ដែលកំពុងតែប្រឈមមុខនឹងការធ្លាក់ចុះ ដោយសាររងការរំខានដោយគ្រោះធម្មជាតិ ជាពិសេសបាតុភូតអែលនីណូតែម្តង។
លោក ដេវិនឌ័រ សាម៉ា (លោក Devinder Sharma) អ្នកវិភាគគោលនយោបាយអាហារ និងពាណិជ្ជកម្មបាននិយាយថា កសិករនៅលើពិភពលោកកំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើន។អ្នកជំនាញរូបនេះអះអាងថា ក្នុងចំណោមការងារនានា កសិករត្រូវបានគេចាត់ទុកនៅបាតតារាងនៃការងារ ខណៈដែលប្រាក់ចំណូលជាមធ្យមរបស់កសិករ គឺមានកម្រិតទាបណាស់។
មកទល់ពេលនេះគ្រាន់តែប្រទេសឥណ្ឌាមួយ កសិករដែលមានបញ្ហាហើយធ្វើអត្តឃាតមានរហូតដល់១១ពាន់នាក់ ដែលជាស្ថិតិមួយដ៏ខ្ពស់ ដោយសារតែពួកគេលង់នឹងបំណុល ពាក់ព័ន្ធនឹងការខាតបង់នៃវិស័យកសិកកម្ម ក្រោមសម្ពាធនៃការប្រែប្រួលអាកាសធាតុ និងមហន្តរាយធម្មជាតិ៕
ដោយៈ សរ សុជាតិ