បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម បានអះអាងថា បច្ចុប្បន្នការផ្គត់ផ្គង់ស្បៀងអាហារដល់ពលរដ្ឋភៀសសឹកមិនមានការខ្វះខាតនោះទេ ខណៈក្រសួងកំពុងជំរុញឲ្យមានការដាំដុះបន្លែ ដែលមានពេលខ្លីសម្រាប់ជួយផ្គត់ផ្គង់បន្ថែមទៀត។
អ្នកឧកញ៉ា ម៉ុង រិទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប យល់ឃើញថា នៅក្នុងកាលទេសៈប្រទេសកំពុងជួបការលំបាកដោយសារការឈ្លានពានរបស់យោធាថៃនេះ ទាំងកសិករ ទាំងអ្នកវិនិយោគមិនថា នៅក្នុងវិស័យកសិកម្ម ឬក៏កសិឧស្សាហកម្មនោះទេ ត្រូវតែនាំគ្នាបង្កើនការដាំដុះ ក៏ដូចជាបង្កើនការចិញ្ចឹមសត្វឱ្យបានច្រើន។ អ្នកឧកញ៉ា ម៉ុង រិទ្ធី លើកឡើងថាបច្ចុប្បន្នកម្ពុជា មានសមត្ថភាពផ្គត់ផ្គង់តម្រូវការស្បៀងអាហារបានគ្រប់គ្រាន់ ពោលគឺមិនមានការខ្វះខាតនោះទេ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា បានលើកឡើងថា ការបង្កើនការផលិតក្នុងវិស័យកសិកម្មជារឿង ដែលចាំបាច់ បើទោះបីបច្ចុប្បន្នការផលិតកសិផលមួយចំនួនដូចជា ស្រូវ ដំឡូងមី ស្វាយចន្ទី និងពោតហាក់លើសតម្រូវការក៏ដោយ។ អ្នកជំនាញរូបនេះថា ក្នុងគ្រាលំបាកបច្ចុប្បន្ននេះ ពលរដ្ឋគួរដាំបន្លែ ដែលអាចប្រមូលផលក្នុងរយៈពេលខ្លី ដើម្បីយកទៅផ្គត់ផ្គង់ដល់កងទ័ពជួរមុខ និងពលរដ្ឋកំពុងភៀសសឹក។ ប៉ុន្តែដើម្បីអាចដាំបន្លែទាំងនោះឱ្យមានប្រសិទ្ធិភាពខ្ពស់នារដូវក្ដៅនេះ ទាមទារឱ្យអ្នកដាំអាជីពចូលរួមបង្កើនការដាំដុះពីការដាំនៅទីវាលមកដាំដុះនៅក្នុងផ្ទះសំណាញ់ និងជួយបង្កើនផ្ទះសំណាញ់សម្រាប់ដាំបន្លែដល់កសិករជាដើម។
ដោយឡែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា នៅក្នុងកាលៈទេសៈសង្គ្រាមនេះ ក្រុមអ្នកចិញ្ចឹមសត្វបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជួយផ្គត់ផ្គង់ក្នុងស្រុក ជាពិសេសកងទ័ពជួរមុខ និងពលរដ្ឋកំពុងភៀសសឹក។ លោកថា ដើម្បីអាចឱ្យកសិករអ្នកចិញ្ចឹមសត្វអាចបង្កើនការផលិត តម្រូវឱ្យតម្លៃសាច់សត្វរស់បានឡើងថ្លៃបន្តិច ដើម្បីជៀសវាងការខាតនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ។ លោកក៏បានអំពាវនាវដល់អ្នកចិញ្ចឹមសត្វទាំងអស់នាំគ្នាបន្តការចិញ្ចឹមកុំបោះបង់ ដើម្បីការពារសន្តិសុខស្បៀងជៀសវាងមានការខ្វះខាតក្នុងការផ្គត់ផ្គង់ក្នុងគ្រាដ៏លំបាកនេះ។
ពាក់ព័ន្ធគ្នានេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានអះអាងថា ជាទូទៅកម្ពុជា មិនមានបញ្ហាពាក់ព័ន្ធនឹងការខ្វះខាតផ្នែកសន្តិសុខស្បៀងនោះទេ ដោយកម្ពុជាបានផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃក្នុងស្រុក បើទោះបីជាក្នុងកាលៈទេសៈកំពុងមានសង្គ្រាមនេះក៏ដោយ តែយ៉ាងណាការងាកមកដាំដុះបន្លែ ដែលមានរយៈខ្លី គឺជារឿងសំខាន់ ដើម្បីអាចផ្គង់ផ្គង់បានទាន់វេលាសម្រាប់ពលរដ្ឋភៀសសឹក។
បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ក៏កំពុងអំពាវនាវឱ្យមានចលនាស្នេហាជាតិមួយ តាមរយៈជំរុញដល់សិស្សានុសិស្សដាំដុះបន្លែ ដែលអាចប្រមូលផលបានក្នុងរយៈពេលខ្លី ក្នុងការផ្គត់ផ្គង់ដល់ពលរដ្ឋភៀសសឹក ខណៈក្រសួងកសិកម្ម ក៏កំពុងធ្វើសកម្មភាពនេះរួចផងដែរ នៅក្នុងតំបន់ដែលមានពលរដ្ឋភៀសសឹកច្រើនដូចជា ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារជាដើម៕
អត្ថបទ៖ ជា ម៉ារ៉ា