លោក ហ៊ត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោ និងទិញគោនៅខេត្តត្បូងឃ្មុំបានឱ្យដឹងថា មកទល់ពេលនេះទីផ្សារគោរស់នៅកម្ពុជាមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយទេ ទោះបីរាជរដ្ឋាភិបាលបានផ្អាកការនាំចូលបំណែកសាច់បង្កកប្រភេទជាគ្រឿងក្នុងក៏ដោយ ខណៈអ្នកចិញ្ចឹមគោមួយចំនួនកំពុងជួបបញ្ហាលក់គោមិនចេញ។ បើតាមម្ចាស់កសិដ្ឋានរូបនេះ គោញីត្រូវបានលោកទិញចូលក្នុងតម្លៃចន្លោះពី៦,៥០០រៀល ដល់៨,០០០រៀល ក្នុង១គីឡូក្រាម រីឯគោឈ្មោលតម្លៃចន្លោះពី៧,៥០០រៀល ដល់៩,០០០រៀល ក្នុង១គីឡូក្រាម។ លោកបានអះអាងថា តម្លៃនេះមិនអាចផ្តល់ប្រាក់ចំណេញដល់កសិករជាអ្នកចិញ្ចឹមគោនោះទេ តែបើកសិករចេះដាំស្មៅ និងផលិតចំណីដោយខ្លួនឯងដូចជារូបលោកអាចទទួលបានប្រាក់ចំណេញខ្លះ។
ម្ចាស់កសិដ្ឋានចិញ្ចឹមគោ និងទិញគោរូបនេះ ហាក់បង្ហាញការព្រួយបារម្ភចំពោះស្ថានភាពនៃការចិញ្ចឹមគោនៅក្នុងរយៈពេល២ឆ្នាំខាងមុខ ព្រោះកសិករអាចនឹងឈប់ចិញ្ចឹមគោហើយងាកទៅប្រកបកិច្ចការងារផ្សេងដែលអាចទទួលប្រាក់ចំណូលប្រសើរជាងនេះ។ ការធ្លាក់ថ្លៃគោរស់នេះ ត្រូវបានម្ចាស់កសិដ្ឋានចិញ្ចឹមគោនៅខេត្តត្បូងឃ្មុំរូបនេះ សន្និដ្ឋានថា អាចដោយសារតែការលួចនាំចូលគោរស់ ដែលមានតម្លៃថោកពីប្រទេសជិតខាងយកមកកាប់សាច់លក់នៅលើទីផ្សារ។
ពាក់ព័ន្ធនឹងស្ថានភាពទីផ្សារគោរស់នេះដែរ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា យល់ឃើញថា បញ្ហាទីផ្សារសាច់គោរស់ចុះថោកនេះអាចដោយសារតែកម្ពុជានៅសេសសល់ប្រភេទសាច់គោបង្កកនាំចូលពីបរទេសដែលមានចំនួនច្រើន និងតម្លៃថោកជាងគោក្នុងស្រុកនាពេលកន្លងមក។បើតាមអ្នកជំនាញរូបនេះ សាច់បង្កកដែលនៅសេសសល់បច្ចុប្បន្ននឹងត្រូវប្រើប្រាស់ក្នុងរយៈពេល១ឆ្នាំទៀត ក៏ពុំទាន់អស់ដែរ។ ទន្ទឹមនេះប្រធានសមាគមរូបនេះកត់សម្គាល់ឃើញថា ការចិញ្ចឹមគោនាពេលបច្ចុប្បន្នចាប់ផ្ដើមមានការថយចុះជាបណ្ដើរៗហើយ ដោយសារតែកសិករមួយចំនួនបោះបង់ការចិញ្ចឹម ដែលបញ្ហានេះទាមទារឱ្យមានវិធានការដោះស្រាយ បើពុំដូច្នេះទេ នៅពេលណាមួយកម្ពុជាអាចនឹងប្រឈមបញ្ហាខ្វះខាតការផ្គត់ផ្គង់សាច់ជាក់ជាមិនខាន។
សូមរំលឹកថា គិតមកទល់ពេលនេះមានរយៈពេលជាង៣ខែហើយ ដែលរាចរដ្ឋាភិបាលកម្ពុជាបានអនុវត្តបម្រាមហាមមិនឱ្យមានការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងពីក្រៅចូលមកកាន់ទីផ្សារកម្ពុជាជាបណ្តោះអាសន្ន។ បម្រាមនេះមានរយៈពេល៦ខែគិតចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ប៉ុន្ដែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ៕
អត្ថបទ៖ បូ ដូឡា