
នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃ (TMD) បានចេញការព្រមានអំពីការធ្លាក់ភ្លៀងខ្លាំងសម្រាប់ខេត្តចំនួន៤១ នៅទូទាំងប្រទេសថៃ កាលពីថ្ងៃទី២៩ ខែមិថុនា ហើយថា រាជធានីបាងកក នឹងរងគ្រោះខ្លាំងជាងគេបំផុត ខណៈគេរំពឹងថា ការធ្លាក់ភ្លៀងនេះនឹងនាំមកនូវខ្យល់បក់ជាមធ្យមនៅសមុទ្រអានដាម៉ាន (Andaman) និងឈូងសមុទ្រថៃ។
តំបន់ភាគខាងជើង និងឦសាននៃប្រទេសថៃនឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះខ្លាំងៗហើយទឹកភ្លៀងត្រូវបានគេរំពឹងថា នឹងថយចុះនៅតំបន់ភាគឦសាន ភាគកណ្តាល និងភាគខាងកើតប្រទេស ទោះបីជាតំបន់ខ្លះនៅតែអាចមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ។
ប្រជាពលរដ្ឋនៅខេត្តភាគខាងជើង និងភាគឦសានខាងលើៗត្រូវមានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗ និងគ្រោះថ្នាក់ដែលបណ្តាលមកពីភ្លៀងធ្លាក់រាយប៉ាយដោយសារតែខ្យល់ មូសុងនិរតីកម្រិតមធ្យម ដែលគ្របដណ្តប់លើសមុទ្រអានដាម៉ាន ប្រទេសថៃ និងឈូងសមុទ្រថៃ ព្រមទាំងមានសម្ពាធទាបគ្របដណ្ដប់លើតំបន់ភាគខាងជើងនៃប្រទេសវៀតណាម។
ក្រៅពីបញ្ហាជំនន់ទឹកភ្លៀង រដ្ឋាភិបាលថៃ ក៏បានព្រមានឱ្យឪពុកម្តាយមានការប្រុងប្រយ័ត្នចំពោះជំងឺកន្ទួលក្រហមលើដៃ ជើង និងមាត់ ដែលជាជំងឺឆ្លងរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមកុមារតូចៗនៅក្នុងរដូវវស្សាផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាល បានប្រកាសកាលពីថ្ងៃសៅរ៍ ថា នាយកដ្ឋានទប់ស្កាត់ជំងឺឆ្លង បានរកឃើញការកើនឡើងគួរឱ្យកត់សម្គាល់នូវករណីជំងឺខាងលើ។ អ្នកនាំពាក្យបានក្រើនរំលឹកដល់មាតាបិតាត្រូវរក្សាអនាម័យ និងត្រួតពិនិត្យសុខភាពឱ្យបានត្រឹមត្រូវសម្រាប់កូនៗរបស់ពួកគេជាពិសេសកុមារអាយុក្រោម៥ឆ្នាំដែលងាយរងគ្រោះបំផុត។
នៅក្នុងរយៈពេល២៥ថ្ងៃ ក្នុងខែមិថុនា ឆ្នាំ២០២៥ ថៃ មានអ្នកកើតជំងឺពងក្រហមលើបាតដៃ បាតជើង និងមាត់ជាង២ម៉ឺនករណី ដោយភាគច្រើនជាកុមារដែលមានរហូតដល់ជិត១ម៉ឺន៦ពាន់ករណី ប៉ុន្តែមិនមានតួលេខបញ្ជាក់ពីអ្នកស្លាប់ដោយសារជំងឺនេះនោះទេ។
ជំងឺនេះ បានបង្កឡើងដោយមេរោគអ៊ីនធើរ៉ូវីរុស (enteroviruses) ហើយជារឿយៗវាបានកើតចំពោះកុមារម្ដងហើយម្ដងទៀត ទោះជាអ្នកធ្នាប់កើតក៏ដោយ ហើយជំងឺនេះ ឆ្លងតាមរយៈការប៉ះពាល់សម្បោរ ទឹកមាត់ សារធាតុរាវចេញពីពងបែក ឬដំបៅ និងវត្ថុ ឬផ្ទៃដែលមានមេរោគខាងលើនេះ។
ឪពុកម្តាយគួរតែបញ្ជួនកូនៗរបស់ពួកគេនៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពភ្លាមៗប្រសិនបើកូនរបស់ពួកគេមានរោគសញ្ញាកាន់តែអាក្រក់ដូចជាគ្រុនក្តៅខ្លាំង ពិបាកញ៉ាំអាហារ ឬទឹក មិនសូវបញ្ចេញសកម្មភាព ប្រកាច់ ដកដង្ហើមញាប់ និងក្អួតជាប់រហូតជាដើម៕
ដោយ៖ សុខ មង្គល