លោក ឈន សុដា អាជីវករអ្នកលក់សាច់ជ្រូកនៅផ្សារបុរីពិភពថ្មីកំពូលពីរបានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា តម្លៃសាច់ជ្រូកពិតជាមានការឡើងថ្លៃពិតប្រាកដមែនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ដោយ សាច់ជ្រូក១គីឡូក្រាមលក់ចេញចន្លោះពី ២៥.០០០រៀលទៅ ២៧.០០០រៀលក្នុង១គីឡូក្រាម កើនឡើងពី១.០០០ ទៅ៣.០០០ រៀល បើធៀបនឹងតម្លៃកាលពីពេលកន្លងទៅ ដែលលក់ចេញ១គីឡូក្រាមតម្លៃក្នុងរង្វង់២៤.០០០រៀលប៉ុណ្ណោះ។
លោកកត់សម្គាល់ឃើញថា មូលហេតុដែលធ្វើឲ្យសាច់ជ្រូកឡើងថ្លៃខ្លាំងដោយសារមានកំណើនយ៉ាងគំហុកនូវចំនួនអ្នកទិញក្នុងរយៈពីរបីថ្ងៃចុងក្រោយនេះ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញដាក់ចេញវិធានការបិទខ្ទប់តំបន់មួយចំនួន ដែលមានការឆ្លងកូវីដ-១៩ ខ្លាំងនៅរាជធានីភ្នំពេញ។ មួយវិញទៀត ដោយសារវាកៀកនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផង។
មិនមែនមានតែត្រីសាច់គោជ្រូកមាន់ទានោះទេ ដែលឡើងថ្លៃ សូម្បីបន្លែក៏ឡើងថ្លៃដែរ។ បើតាមលោក រិទ្ធ អាជីវករលក់បន្លែនៅផ្សារបុរីពិភពថ្មីកំពូលពីរបានអះអាងថា តម្លៃបន្លែមានការឡើងថ្លៃចន្លោះពី៥០០រៀល ទៅ១.០០០រៀលក្នុង១គីឡូក្រាម តាមប្រភេទបន្លែនីមួយៗ។ លោក បានបញ្ជាក់ថា មូលហេតុដែលធ្វើបន្លែលក់នៅលើទីផ្សារមានការឡើងថ្លៃ ដោយសារអ្នកបោះដុំបន្លែនៅផ្សារដើមគរលក់ឲ្យលោកឡើងថ្លៃដែរ។
ជាមួយគ្នានេះ លោកស្រី សុខ សុម៉ាលី ពលរដ្ឋម្នាក់រស់នៅបុរីញូថោនអូដឹម បាននិយាយថា តម្លៃសាច់ជ្រូកលក់នៅផ្សារជម្ពូវ័នបានឡើងថ្លៃចន្លោះពី២.០០០រៀលទៅ៣.០០០រៀលតាមប្រភេទសាច់ ខណៈបន្លែដែលលោកស្រីធ្លាប់ទិញ១គីឡូក្រាម១.០០០រៀលបានឡើង១.៥០០រៀលទៅ ២.០០០រៀល ឯណោះក្នុង១គីឡូក្រាម។
ទោះយ៉ាងណា លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសតាមតេឡេក្រាមថា តម្លៃសត្វរស់រួមមានត្រី មាន់ ជ្រូក និងគោនៅតាមកសិដ្ឋាន និងកន្លែងចិញ្ចឹមសត្វទូទាំងប្រទេសមិនមានការឡើងថ្លៃនោះទេ។ លោក កត់សម្គាល់ឃើញថា មូលហេតុដែលធ្វើឲ្យតម្លៃត្រីសាច់នៅលើទីផ្សារមានការឡើងថ្លៃ គឺដោយសារឈ្មួញកណ្តាលដំឡើងថ្លៃ ឬអាចអាជីវករដំឡើងថ្លៃខ្លួនឯង ដោយសារឃើញអ្នកទិញនាំគ្នាសម្រុកទៅទិញច្រើនពេក។
ជិតរយៈពេលពីរខែហើយ ដែលព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ សហគមន៍ ២០ កុម្ភៈ បន្តរីករាលដាលខ្លាំងនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ និងការបង្ការការឆ្លងរីករាលដាលនៃព្រឹត្តិការណ៍នេះ។ ក្រៅពីដាក់បម្រាមគោចរពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញវិធានការបិទខ្ទប់តំបន់មួយចំនួនក្នុងខណ្ឌចំនួន៣រួមមានខណ្ឌសែនសុខ ពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ ក្រៅតែពីបិទខ្ទប់តំបន់មួយចំនួនហើយនោះ គេសង្កេតឃើញថា ផ្សារធំៗចំនួនពីរ នៅរាជធានីភ្នំ គឺផ្សារអូឫស្សី និងផ្សារចាស់ ក៏ត្រូវទើបត្រូវបានបិទបណ្ដោះអាសន្នផងដែរ ដោយសារតែរកឃើញករណីមានអ្នកឆ្លងកូវីដ-១៩ នៅក្នុងផ្សារទាំងពីរនេះ។
គិតត្រឹមថ្ងៃទី១២ មេសា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ៤ពាន់៥រយនាក់ អ្នកជាសះស្បើយចំនួនជាង២ពាន់នាក់ និងអ្នកស្លាប់ចំនួន ៣០នាក់៕
ចុច Like Facebook Page របស់ខេមបូណូមីស និងចូលរួមក្នុង Telegram ដើម្បីទទួលបានព័ត៌មានថ្មីៗលឿនរហ័សមុនគេ: https://t.me/cambonomist