លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ប្រាប់ខេមបូណូមីស ថា គិតចាប់ពីខែមករា ដល់ខែមីនា រោងចក្ររថយន្ត Ford ដំឡើងរថយន្តថ្មីប្រភេទ ភីកអាប់ និង SUV បានចំនួនជិត១ពាន់គ្រឿង។ តែយ៉ាងណាលោកអះអាងថា ការលក់រថយន្តនៅត្រីមាសទី១ឆ្នាំនេះហាក់មានការថយចុះបរិមាណបន្តិច បើធៀបនឹងការលក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារកត្តាសេដ្ឋកិច្ច។ យ៉ាងណាក៏ដោយលោកជឿជាក់ថា ទីផ្សារប្រើប្រាស់រថយន្តថ្មីនៅកម្ពុជានឹងមានការកើនឡើងកាន់តែច្រើននាពេលខាងមុខ ដោយសារបច្ចុប្បន្នតម្លៃរថយន្តថ្មីប្រហាក់ប្រហែលនឹងរថយន្តជជុះ ស្របពេលអ្នកប្រើប្រាស់ភាគច្រើនមានការយល់ដឹងកាន់តែច្រើនពីអត្ថប្រយោជន៍ និងសុវត្ថិភាពនៃការប្រើប្រាស់រថយន្តថ្មី។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ការនាំចូល និងការលក់រថយន្តរបស់ក្រុមហ៊ុន RMA Cambodia នៅកម្ពុជា មានការធ្លាក់ចុះបន្តិចបន្តួចបើធៀបនឹងឆ្នាំ២០២២។ ទោះបីការលក់មានការធ្លាក់ចុះក៏ពិតមែន តែលោក ងន សាំង អះអាងថា ទីផ្សាររថយន្តថ្មីរបស់ក្រុមហ៊ុន RMA Cambodia នៅតែឈរកំពូលតារាងដោយបានក្តោបចំណែកទីផ្សារជាង៥០% នៃការលក់រថយន្តថ្មីសរុបនៅកម្ពុជា។ ពាក់ព័ន្ធនឹងស្ថានភាពទីផ្សាររថយន្តនេះដែរ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ជឿជាក់ថា ចាប់ពីឆ្នាំ២០២៤នេះតទៅ ការប្រើប្រាស់រថយន្តជជុះនឹងមាននិន្នាការថយចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការប្រើប្រាស់រថយន្តថ្មីនឹងកើនឡើងជាបន្តបន្ទាប់៕
អត្ថបទ៖ បូ ដូឡា