ក្រុមហ៊ុនផលិតរថយន្ត Ford Motor របស់អាម៉េរិកគ្រោងនឹងកាត់បន្ថយការងារចំនួន៤ពាន់កន្លែងនៅអឺរ៉ុប ដែលស្មើនឹង១៤% នៃកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុន Ford នៅតំបន់នេះ ចំពេលតម្រូវការប្រើប្រាស់រថយន្តអគ្គិសនីកំពុងធ្លាក់ចុះ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការជាចម្បងនៅប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេស នៅចុងឆ្នាំ២០២៧។
លោក ចន ឡល័រ (John Lawler) ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Ford បាននិយាយថា ការកាត់បន្ថយការងារនៅទ្វីបអឺរ៉ុប និងអាល្លឺម៉ង់នេះ គឺជាវិធានការមួយច្បាស់លាស់មិនអាចប្រកែកបាន ដើម្បីជំរុញឧស្សាហកម្មរថយន្តអគ្គិសនីរបស់ខ្លួន។ ផែនការកាត់បន្ថយបុគ្គលិកនេះ ធ្វើឡើងចំពេលទីផ្សាររថយន្តរបស់ក្រុមហ៊ុន Ford នៅអឺរ៉ុប បានធ្លាក់ចុះពី៤,១% នៅឆ្នាំ២០២៣ មកនៅត្រឹម៣,៣% នៅឆ្នាំនេះ និងចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងឧស្សាហកម្មមួយនេះ។ នេះបើតាមសមាគមក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប។
គម្រោងកាត់បន្ថយការងាររបស់ក្រុមហ៊ុន Ford នេះ ក៏បានកើតឡើងចំពេលក្រុមហ៊ុនរថយន្ត វ៉ូលស្វាហ្គេន របស់អាល្លឺម៉ង់កំពុងត្រៀមសម្រាប់ជុំថ្មីនៃការចរចាអំពីប្រាក់ឈ្នួល និងការបិទរោងចក្រមួយចំនួននៅប្រទេសអាល្លឺម៉ង់ ខណៈដែលទិន្នន័យរបស់ក្រុមហ៊ុននេះបានបង្ហាញពីសមាមាត្រនៃការលក់ធៀបនឹងការចំណាយលើកម្លាំងពលកម្មមានកម្រិតខ្ពស់ជាងក្រុមហ៊ុនជាគូប្រជែងរបស់ខ្លួន។
តាមផែនការ អ្នកគ្រប់គ្រងក្រុមហ៊ុននេះនឹងចាប់ផ្តើមការចរចាជាថ្មីជាមួយនឹងតំណាងសហជីពកម្មករអាល្លឺម៉ង់ប្រហែល១២ម៉ឺននាក់ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ខណៈដែលសហជីពកំពុងទាមទារដំឡើងប្រាក់ឈ្នួល៧% រីឯក្រុមហ៊ុនកំពុងទាមទារកាត់បន្ថយ១០%៕
អត្ថបទ៖ សុខ មង្គល