នៅក្នុងសុន្ទរកថាដ៏កម្រមួយនៅក្នុងកិច្ចពិភាក្សាស្ដីពីកិច្ចសន្យាមួយនៅទីក្រុង Dearborn រដ្ឋ Michigan ក្រុមហ៊ុន Ford បាននិយាយថា ថ្លៃពលកម្មខ្ពស់អាចដាក់កម្រិតលើការចំណាយរបស់ក្រុមហ៊ុននេះ ទៅលើការអភិវឌ្ឍយានយន្តថ្មី និងការវិនិយោគនៅក្នុងរោងចក្រផលិតកម្ម។
លោក ហិនរី ហ្វត ជាស្ថាបនិកក្រុមហ៊ុន ហ្វត បាននិយាយថា វាគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុនរបស់ពួកគេ។ ហើយបើសិនពួកគេចាញ់ គឺពួកគេនឹងចាញ់ការប្រកួតនេះ ហើយអាម៉េរិក ក៏ចាញ់ហើយមិនតែប៉ុណ្ណោះការងារជាច្រើនក៏នឹងត្រូវបាត់បង់ដែរ។
លោក ហិនរី ហ្វត បាននិយាយថា ក្រុមហ៊ុននេះបង្កើតរថយន្តកាន់តែច្រើននៅអាម៉េរិក និងមានបុគ្គលិករបស់សហជីពកម្មកររថយន្ត (UAW) ច្រើនជាងក្រុមហ៊ុនណាៗទាំងអស់ ដែលបានបង្កើនការចំណាយរបស់ខ្លួននៅក្នុងឧស្សាហកម្មដ៏មានការប្រកួតប្រជែងខ្លាំងបំផុងមួយនេះ។
ក្រុមហ៊ុន ហ្វត មានកម្មកររបស់សហជីពកម្មកររថយន្តចំនួនជិត៦ម៉ឺននាក់ ហើយក្រុមហ៊ុន ជីអឹម មានកម្មករដូចគ្នានេះចំនួនជិត៥ម៉ឺននាក់ ខណៈដែលក្រុមហ៊ុន ស្តេឡេនទីស មានកម្មករជាង៤ម៉ឺននាក់។ ក្រុមហ៊ុន ហ្វត បាននិយាយថា ដៃគូប្រកួតប្រជែងរបស់ក្រុមហ៊ុននេះជាច្រើនបានផ្លាស់ប្តូរការងារទៅប្រទេសម៉ិកស៊ិក ចំណែកក្រុមហ៊ុន ហ្វត វិញបានបន្ថែមការងារនៅសហរដ្ឋអាម៉េរិក។
ក្រុមហ៊ុន ហ្វត គឺស្ទើរតែជាប់គាំងផលិតកម្មទៅហើយដោយសារតែសហជីពកម្មកររថយន្តបានធ្វើកូដកម្មទាមទារការដំឡើងប្រាក់ឈ្នួល និងកាត់បន្ថយម៉ោងការងារកាលពីថ្ងៃទី១៥ ខែកញ្ញា។
កាលពីសប្តាហ៍មុនសមាជិកសហជីពចំនួនជិត៩ពាន់នាក់ បានធ្វើកូដកម្មនៅរោងចក្រដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Ford ដែលផ្ដល់ផលចំណេញច្រើនបំផុតនៅលើពិភពលោក គឺរោងចក្រ Kentucky Truck Plant នៅទីក្រុងល្វីសវីល (Louisville)។ លោក ហ្វត បាននិយាយថា ប្រសិនបើវានៅតែបន្តបែបនេះទៀត វានឹងជះផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចអាម៉េរិក និងបំផ្លាញសហគមន៍មូលដ្ឋាន។
លោក ប៊ីល ហ្វត ជាសមាជិកគ្រួសារទី៤ ដែលដឹកនាំក្រុមហ៊ុនមានអាយុ១២០ឆ្នាំនេះ បាននិយាយថា លោកបានឃើញប្រទេសដទៃទៀតបាត់បង់ឧស្សាហកម្មរថយន្តរបស់ពួកគេ និងបាត់បង់មូលដ្ឋានផលិតកម្មរបស់ពួកគេទាំងអស់ ហើយថាការផលិតរបស់អាម៉េរិកខ្លាំង គឺសំខាន់សម្រាប់សន្តិសុខជាតិ។
ដូច្នេះហើយលោក ប៊ីល ហ្វត បាននិយាយថា ពួកគេត្រូវរួមគ្នា ដើម្បីបញ្ចប់ការចរចារដ៏តឹងតែងមួយនេះ ក៏ដូចជាបញ្ចប់កូដកម្មផងដែរដើម្បីឱ្យពួកគេអាចកសាងរួមគ្នានូវអនាគតដ៏ភ្លឺស្វាង ហើយលោក ប៊ីល ហ្វត នៅតែជឿថា ឧស្សាហកម្មរថយន្តគឺជាកម្លាំងដ៏សំខាន់ជារៀងរហូតនៅសហរដ្ឋអាម៉េរិក ហើយពួកគេនឹងបន្តនៅទីនោះនៅពេលអាម៉េរិកត្រូវការពួកគេខ្លាំងបំផុត៕
អត្ថបទ៖ សុខ ជា