កំណើនសេដ្ឋកិច្ចពិភពលោក

តើគោលនយោបាយគ្មានកូវីដ១៩របស់ចិន ពិតជាកំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោកមែនទេ?


តើវាជាការពិតដែរឬទេ ដែលថាគោលនយោបាយគ្មានកូវីដ១៩របស់ចិន កំពុងគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក? ប្រទេសចិនបានប្រកាន់ខ្ជាប់នូវគោលនយោបាយគ្មានកូវីដ១៩ ទោះបីជាប្រទេសជាច្រើនក្នុងពិភពលោកបាននិងកំពុងរស់នៅជាមួយកូវីដ១៩ក៏ដោយ។
គ្រូពេទ្យ បាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅប្រទេសចិន

គោលនយោបាយ​គ្មាន​កូ​វី​ដ​១៩ ឬ​កូ​វី​ដ​១៩​ស្មើ​សូន្យ​របស់​រដ្ឋអំណាច​ទីក្រុង​ប៉េ​កាំ​ង ត្រូវ​បាន​គេ​មើលឃើញ​ថា ទំនងជា​បាន​ដាក់​សម្ពាធ​ទៅ​លើ​កំណើនសេដ្ឋកិច្ច​សកល តាម​រយៈ​ការ​ប៉ះពាល់​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ដែល​បន្ត​អូស​បន្លាយ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ប្រការ​នេះ​នឹង​រុញច្រាន​ឲ្យ​អតិផរណា មាន​អត្រា​កាន់​ខ្ពស់​ទៅ​ៗ​ផង​ដែរ​។ នេះ​បើ​តាម​ការ​អះអាង​ដោយ​អ្នក​បង្កើត​គោលនយោបាយ​របស់​ធនាគារកណ្តាល​ជប៉ុន ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន South China Morning Post​។

សមាជិក​ក្រុមប្រឹក្សាភិបាល​ធនាគារកណ្តាល​ជប៉ុន លោក Toyoaki Nakamura បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ថា ចិន​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​ធំ ហើយ​ក៏​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​សេដ្ឋកិច្ច​ពិភពលោក ពិសេស​លើ​ផ្នែក​ទីផ្សារ និង​ឧស្សាហកម្ម​។ ដូច្នេះ​គោលនយោបាយ គ្មាន​កូ​វី​ដ​១៩​របស់​រដ្ឋអំណាច​ប៉េ​កាំ​ង ពិសេស​នៅ​អំឡុង​ពេល​មានការ​រាតត្បាត​នៃ​កូ​វី​ដ​១៩​អូ​មី​ក្រុង​ស្រាប់​ផង​នោះ អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​កំណើនសេដ្ឋកិច្ច​ពិភពលោក ក៏​ដូច​ជា​អាច​ធ្វើ​ឲ្យ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ដែល​កំពុង​តែ​យ៉ាប់​យឺន​ស្រាប់​ផង​នោះ កំ​ពូ​ង​ជួប​ហានិភ័យ​កាន់តែ​ខ្លាំង​។ ជាមួយ​គ្នា​នេះ វា​ក៏​អាច​ធ្វើ​ឲ្យ​អត្រា​អតិផរណា​បន្ត​កើនឡើង​ផង​ដែរ​។ 

ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF តាម​រយៈ​លោកស្រី គ្រី​ស្តា​លី​ណា ច​ច​ហ្សី​វ៉ា (Kristalina Georgieva) បាន​ព្រមាន​ទៅ​កាន់​ប្រទេស​ចិន គួរតែ​គិតគូ​ឡើង​វិញ​ពី​ការ​អនុវត្ត​គោលនយោបាយ​គ្មាន​កូ​វី​ដ​១៩​មួយ​នេះ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ខាង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​។

គួរ​ជម្រាប​ថា ចិន​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​តែ​មួយ​គត់ ដែល​នៅ​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​តឹងរ៉ឹង​បំផុត ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។ ប៉ុន្តែ​យក្ស​សេដ្ឋកិច្ច​លេខ​២​របស់​ពិភពលោក​មួយ​នេះ នៅ​តែ​អាច​សម្រេច​បាន​កំណើនសេដ្ឋកិច្ច ៨,១% កាលពី​ឆ្នាំ​២០២១ ទោះបី​មានការ​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់ ជា​អន្លើ​ៗ​ក្តី​។

ទោះ​យ៉ាងណា កំណើន​នេះ មិនមែន​ជា​កំណើនថេរ​នោះ​ទេ ដោយ​សេដ្ឋកិច្ច​របស់​ចិន បាន​បង្ហាញ​ពី​កំណើន​យឺត​ខុស​ពី​ការ​រំពឹង​ទុក ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០២១ ពោល​គឺ​ចាប់ពី​ដើម​ត្រីមាស​ទី​៣​មក​ម្ល៉េះ​។

ទោះបីជា​យ៉ាងនេះ​ក្តី អាជ្ញាធរ​ក្រុង​ប៉េ​កាំ​ង នៅ​តែ​បន្ត​ជឿជាក់​លើ​គោលនយោបាយ​របស់​ខ្លួន និង​ព្រមទាំង​ធ្លាប់​បាន​អះអាង​ថា គ្មាន​វិធីសាស្ត្រ​អ្វី​ដែល​អាច​ទប់ស្កាត់​កូ​វី​ដ​១៩​មាន​ប្រសិទ្ធិ​ភាពល្អ​ជាង​អ្វី​ដែល​ប៉េ​កាំ​ង​បាន​ធ្វើ​កន្លង​មក​នោះ​ទេ​។ រដ្ឋអំណាច​ចិន​ប្តេជ្ញា​អនុវត្ត​គោលនយោបាយ​នេះ​បន្ត​ទៀត ខណៈ​សហគមន៍​អន្តរជាតិ មើលឃើញ​ថា វា​ពិតជា​ប្រសើរ​សម្រាប់​ការ​ទប់ស្កាត់​កូ​វី​ដ​១៩ ប៉ុន្តែ​ចំពោះ​វិស័យសេដ្ឋកិច្ច ទំនងជា​អាច​ផ្តល់​ភាព​អវិជ្ជមាន​ច្រើន​ជាង​។

អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​អា​មេ​រិ​ក លោក​វេជ្ជបណ្ឌិត Michael Osterholm បាន​និយាយ​នា​ពេល​ថ្មី​ៗ​នេះ​ដែរ វិធានការ​គ្មាន​កូ​វី​ដ​របស់​ប្រទេស​ចិន នឹង​មិន​អាច​ដាក់​កម្រិត​លើ​ករណី​ឆ្លង​ខ្ពស់​នៃ​មេរោគ​អូ​មី​ក្រុង​បាន​ទេ ព្រោះថា អូ​មី​ក្រុង គឺ​មិន​ដូច​ជា​មេរោគ​កូ​វី​ដ​១៩​ដទៃ​ទៀត​នោះ​ឡើយ​។ អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​អា​មេ​រិ​ក​រូប​នេះ បាន​សង្កត់ធ្ងន់​ទៀត​ថា ការ​ព្យាយាម​បញ្ឈប់​អូ​មី​គឺ​ដូច​ជា ព្យាយាម​បញ្ឈប់​ខ្យល់​កុំ​ឲ្យ​បោកបក់​អ៊ីចឹង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តារាំងស្ទះអ្វីធ្វើឲ្យការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ត្រូវពន្យារពេលរហូតមួយឆ្នាំទៀត?

ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣នឹងត្រូវពន្យារពេលសាង…

ក្រុមហ៊ុន​អា​មេ​រិ​ក​ស្នើ​អាជ្ញាធរ​ឲ្យ​យកពន្ធ​នាំ​ចូល​បន្ទះ​សូ​ឡា​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន ៤ រួម​ទាំង​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​របស់​​កំពុង​ស្នើ​សុំ​ឱ្យ​មន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ស៊ើបអង្កេត ដើម្បី​ការ​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​បន្ទះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ