ប៉ុន្តែយ៉ាងណាក៏ដោយអ្នកជំនាញបានបង្ហាញក្ដីព្រួយបារម្ភជុំវិញការកើនឡើងនៃអត្រាការប្រាក់កម្ចីលើពិភពលោកក្នុងការធ្វើឲ្យប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានចាត់ទុកការកើនឡើងអត្រាការប្រាក់រយៈពេលវែងនៅប្រទេសមួយចំនួន ជាពិសេសនៅសហគមន៍អឺរ៉ុប គឺជាក្តីបារម្ភ ដែលអាចជះឥទ្ធិពលអវិជ្ជមានមកលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។ ថ្នាក់ដឹកនាំរូបនេះអះអាងថា បញ្ហាការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ វិបត្តិសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន គួបផ្សំការដួលរលំធនាគារធំៗមួយចំនួននៅសហរដ្ឋអាមេរិកនាពេលកន្លងមក មិនក្លាយជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចពិភពលោក និងវិស័យធនាគារនោះទេ។ ប៉ុន្តែ អ្វីដែលជាបញ្ហាប្រឈមនោះ គឺការកើនឡើងខ្លាំងនូវអត្រាការប្រាក់កម្ចីនៅបរទេស។
បើតាមលោកបណ្ឌិត អ៊ិន ចាន់នី បច្ចុប្បន្ននេះ អត្រាការប្រាក់កម្ចីសាកលរយៈពេលវែងបានកើនឡើងរហូត៤% ឯណោះ បើធៀបទៅនឹងឆ្នាំ២០២១ និងដើមឆ្នាំ២០២២។ លោកបណ្ឌិត អ៊ិន ចាន់នី បានពន្យល់ថា កត្តាដែលធ្វើឲ្យការកើនឡើងអត្រាការប្រាក់កម្ចីនៅបរទេស អាចជះឥទ្ធិពលដល់វិស័យធនាគារនៅកម្ពុជា គឺដោយសារប្រទេសកម្ពុជាបានពឹងផ្អែកប្រភពទុនមួយចំនួនពីសហគមអឺរ៉ុប និងមកពីសហរដ្ឋអាមេរិកជាដើម។
បើទោះបីជាវិស័យធនាគារនៅជួបបញ្ហាប្រឈមមួយចំនួនក៏ដោយចុះ លោកបណ្ឌិត អ៊ិន ចាន់នី នៅតែវាយតម្លៃខ្ពស់ចំពោះស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាវិស័យធនាគារនៅកម្ពុជានៅឆ្នាំនេះថា នៅតែរក្សាបានភាពរឹងមាំនិងសញ្ញាណវិជ្ជមាន។ ការបង្ហាញសុទិដ្ឋិនិយមបែបនេះ ធ្វើឡើងក្រោយអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា សកម្មភាព និងប្រត្តិបត្តិការរបស់ធនាគារអេស៊ីលីដានៅតែរក្សាបានកំណើនល្អប្រសើរនៅត្រីមាសទី១ឆ្នាំនេះ។ ជាក់ស្តែងនៅត្រីមាសទី១ឆ្នាំនេះទ្រព្យសកម្មរបស់ធនាគារនេះ បានកើនឡើង៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ផ្អែកលើការព្យាកររបស់ធនាគារពិភពលោក អំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងស្ទុះឡើងដល់កម្រិត៥,៥%នៅឆ្នាំ២០២៣ លោកបណ្ឌិត អ៊ិន ចាន់នី មានសុទិដ្ឋិនិយមខ្ពស់ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះនឹងប្រសើរជាងឆ្នាំមុន។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ៩,៤ ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន៦,៥ ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៧ ពាន់លានដុល្លារអាមេរិក និងមានអតិថិជនជាង ៤ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាលច្រើនជាង ២លាន៧៦ម៉ឺននាក់ និងមានដៃគូអាជីវកម្មច្រើនជាង ២៤ម៉ឺនដៃគូ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៣៕