អ្នកនយោបាយដ៏លេចធ្លោរ និងជាអតីតប្រធានគណបក្សឆ្ពោះទៅមុខ ដែលបច្ចុប្បន្នប្តូរមកជាគណបក្សប្រជាជនថៃជឿជាក់ថា សង្គ្រាមខ្មែរ-ថៃ ទំនងជាមិនកើតឡើងនោះទេ បើលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) បានក្លាយជានាយករដ្ឋមន្រ្តីថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Nation។
លោក ថាណាថន ប៊ីលីវ(Thanathorn Believes) អតីតប្រធានគណបក្សឆ្ពោះទៅមុខ ដែលត្រូវបានតុលាការធម្មនុញ្ញថៃរំលាយចោលបានលើកឡើងនៅក្នុងកម្មវិធីជួបជុំគ្នាមួយរបស់គណបក្សប្រជាជនថៃកាលពីថ្ងៃទី១៣ ខែធ្នូ ថា ជម្លោះព្រំដែនខ្មែរ-ថៃ នឹងមិនអាចវិវត្តឈានដល់ចំណុចដូចបច្ចុប្បន្ននោះទេ ប្រសិនបើលោក ភីថា លីមចារឿនរ៉ាត បានក្លាយនាយករដ្ឋមន្ត្រីថៃពេលគណបក្សឆ្ពោះទៅមុខឈ្នះក្នុងការបោះឆ្នោត ព្រោះគ្មាននរណាម្នាក់ស្រេកឃ្លានឈាម ឬចង់បានសង្គ្រាមនោះទេ។ លោកជឿជាក់ថា ប្រសិនបើគណបក្សឆ្ពោះទៅមុខបានដឹកនាំរដ្ឋាភិបាលតាំងពីពេលឈ្នះឆ្នោតមក នោះយន្តការផ្សេងៗនឹងត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ជម្លោះមិនឱ្យកើតឡើង មិនថាយន្តការពាណិជ្ជកម្ម ការទូត ឬយន្តការគោលនយោបាយការបរទេសនោះឡើយ។
ពាក់ព័ន្ធជម្លោះព្រំដែនខ្មែរ-ថៃនេះដែរ លោក ប្រាវីត រូចាណាប្រាក (Pravit Rojanaphruk) អ្នកសារព័ត៌មានជើងចាស់របស់ថៃដ៏ល្បីមួយរូបបានអះអាងថា ការណ៍ដែលថៃមិនគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់តាមសំណើរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ វាមិនមែនជារឿងចៃដន្យនោះទេ តែវាអាចជាផែនការរបស់មេដឹកនាំរូបនេះ។ បើតាមការវាយតម្លៃរបស់អ្នកកាសែតថៃរូបនេះ ថៃមានផែនការចង់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាកម្ពុជា ដើម្បីកុំឲ្យកម្ពុជាគំរាមកំហែងដល់ថៃ ព្រោះសាធារណៈមតិថៃភាគច្រើនគិតថា ថៃនឹងវាយឈ្នះកម្ពុជា។ ប៉ុន្តែកម្ពុជាបានចាត់ទុកសកម្មភាពរបស់យោធាថៃជាការឈ្លានពាន ហើយការដែលថៃមិនព្រមទទួលយកបទឈប់បាញ់ គឺដោយសារថៃមិនចង់បានសន្តិភាព៕
ដោយៈ សរ សុជាតិ