យោងទៅតាមលទ្ធផលនៃការវាយតម្លៃស្ថិរភាពហិរញ្ញវត្ថុរបស់ភ្នាក់ងារវាយតម្លៃឥណទាន (GCR) ក្រុមហ៊ុន ហ្វតតេ បន្តជាប់ចំណាត់ថ្នាក់ B+ លើភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ក្នុងកម្រិតស្តង់ដាអន្តរជាតិ និងបន្តជាប់ចំណាត់ថ្នាក់ AA+(KH) ក្នុងកម្រិតស្តង់ដាជាតិ។
លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក បានបញ្ជាក់ពីមោទនភាពលើសមិទ្ធផលនេះថា៖“ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដ៏ចំណាស់ជាងគេ និងមានឈ្មោះបោះសំឡេងបំផុតក្នុងប្រទេសកម្ពុជា ការទទួលបានការបញ្ជាក់ពីភ្នាក់ងារវាយតម្លៃឥណទាន GCR ជាថ្មីម្តងទៀតសម្រាប់ឆ្នាំនេះ គឺជាសក្ខីភាពមួយបង្ហាញពីភាពរឹងមាំនៃហិរញ្ញវត្ថុរបស់យើង។ ថ្វីបើវិបត្តិសេដ្ឋកិច្ចសកលបាននិងកំពុងប៉ះពាល់ដល់វិស័យផ្សេងៗក៏ដោយ ការផ្តល់ចំណាត់ថ្នាក់នេះបញ្ជាក់ពីការសម្របខ្លួន និងភាពរឹងមាំរបស់ ហ្វតតេ ក្នុងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ។ យើងជឿជាក់ថា សមិទ្ធផលនេះនឹងបង្កើនទំនុកចិត្តបន្ថែមទៀតដល់អតិថិជន និងសាធារណជនមកលើក្រុមហ៊ុន ហ្វតតេ។”
លោក ពិន និរន្ត នាយកប្រតិបត្តិហិរញ្ញវត្ថុ នៃនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ គ្រុប បានមានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុនមេ ហ្វតតេ បន្តជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខនៅលើទីផ្សារ ក្នុងនោះយើងទទួលបាន 45% ក្នុងចំណែកទីផ្សារធានារ៉ាប់រងទូទៅ (ផ្អែកលើបុព្វលាភរ៉ាប់រងដុល) និង 60% ក្នុងចំណែកទីផ្សារធានារ៉ាប់រងអាយុជីវិត (ផ្អែកលើមូលដ្ឋានអតិថិជន) នៅក្នុងប្រទេសកម្ពុជា។ ទិន្នន័យនេះបានជួយឱ្យក្រុមហ៊ុន ហ្វតតេ ក្លាយជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងគួរជាទីទុកចិត្តបំផុតពីសំណាក់អតិថិជន។"
"អតិថិជនជាង 350,000 នាក់នៅទូទាំងប្រទេស ទទួលបានការការពារពីក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ តាមរយៈផលិតផលសំខាន់ៗជាច្រើនដែលជួយបម្រើដល់សហគមន៍របស់យើង រួមមាន៖អត្ថប្រយោជន៍ផ្នែកវេជ្ជសាស្ត្រ និងសុខភាពសម្រាប់បុគ្គលិក ធានារ៉ាប់រងលើអចលនទ្រព្យ និងសំណង់ ធានារ៉ាប់រងខ្នាតតូច និងកសិកម្ម ធានារ៉ាប់រងថាមពល ធានារ៉ាប់រងលើភស្តុភារកម្ម និងដឹកជញ្ជូន ធានារ៉ាប់រងលើយានយន្ត ក៏ដូចជាធានារ៉ាប់រងលើការធ្វើដំណើរ" លោក ពិន និរន្ត បានសង្កត់បន្ថែម។
ទន្ទឹមគ្នានឹងការអបអរសាទរខួបលើកទី 25 របស់យើងនេះដែរ ក្រុមហ៊ុន ហ្វតតេ បាននិងកំពុងបន្តដំណើរឈានមុខគេក្នុងវិស័យធានារ៉ាប់រងកម្ពុជា។ សមិទ្ធផលនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនធានារ៉ាប់រងមួយនេះ ក្នុងការផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងដ៏ល្អបំផុត និងបង្ហាញពីវឌ្ឍនភាពនៃទំនុកចិត្តរបស់អតិថិជន។ ជាមួយនឹងការគាំទ្រពី និយ័តករ អតិថិជន ដៃគូអាជីវកម្ម និងស្ថាប័នផ្គត់ផ្គង់ ហ្វតតេ នឹងបន្តឆ្ពោះទៅមុខយ៉ាងមោះមុត ក៏ដូចជាពង្រីកវិសាលភាពទៅក្រៅតំបន់ ដោយផ្តល់នូវបទពិសោធន៍ និងអត្ថប្រយោជន៍ដ៏ប្រសើរជូនដល់អតិថិជន និងសហគមន៍។
ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងទូទៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យក្នុងការផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង ក្រោមពាក្យស្លោក “បុគ្គលម្នាក់អាជីវកម្មមួយ ក្នុងពេលតែមួយ”។
បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិត និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលខ្លួនបាននិងកំពុងប្រតិបត្តិការ។ ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងដ៏ចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេស ដែលឈានមុខគេក្នុងទីផ្សារធានារ៉ាប់រងទូទៅ ផ្អែកលើទំហំបុព្វលាភសរុបជាមូលដ្ឋាន និងការធានារ៉ាប់រងអាយុជីវិត ដោយបានធ្វើការការពារដល់បងប្អូនកម្ពុជាជាច្រើនគ្រួសារ។
ការផ្តល់ជូន ទាំងសេវាធានារ៉ាប់រងទូទៅ និងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា និងការធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ក្រុមហ៊ុន ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិជាច្រើន និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយធានារ៉ាប់រងជាក្រុមច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។
ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត និងជូនរង្វាន់បុគ្គលិកដែលមានស្នាដៃ និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍអាជីពការងារតាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។
ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.forteinsurance.com
ដោយឡែក GCR ជាភ្នាក់ងារវាយតម្លៃឥណទាន និងផ្តល់ការប្រឹក្សាយោបល់ឯករាជ្យលើហានិភ័យហិរញ្ញវត្ថុឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធរបស់ Moody’s ផងដែរ បាននិងកំពុងប្រតិបត្តិការ និងផ្តល់នូវការយល់ដឹងអំពីភាពរឹងមាំ និងស្ថិរភាពហិរញ្ញវត្ថុរបស់ស្ថាប័នមួយ។
ព័ត៌មានលម្អិត សូមចូលទៅកាន់៖ https://gcrratings.com/about-us-2/