ប្រទេសអាស៊ីចំនួន៤ រួមមានតួកម៉េនីស្ថាន អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងឥណ្ឌា បានបោះទុនរួមគ្នារហូតដល់ជាង៧ពាន់លានដុល្លារ បង្កើតគម្រោងបង្ហូរឧស្ម័នមួយមានឈ្មោះថា TAPI ដែលតំណាងឱ្យឈ្មោះប្រទេសទាំងបួននេះ ដោយលាតសន្ធឹងលើផ្ទៃដីចម្ងាយប្រហែលជាង ១,៦០០គីឡូម៉ែត្រ។
កិច្ចព្រមព្រៀងវិនិយោគសម្រាប់ការអភិវឌ្ឍគម្រោង TAPI នេះ ត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងបួនកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ជាមួយនឹងការបណ្ដាក់ទុនដំបូងជាង១៥០លានដុល្លារប៉ុណ្ណោះ ហើយប្រទេសតួកម៉េនីស្ថាន គឺជាដៃគូនាំមុខគេនៃគម្រោងនេះ។
បើតាមគម្រោងបង្ហាញថា បំពង់បង្ហូរឧស្ម័នមេនឹងបង្ហូរឧស្ម័នធម្មជាតិ ចំនួន៣ម៉ឺន៣ពាន់ម៉ែត្រគូបជារៀងរាល់ឆ្នាំរវាងប្រទេសទាំង៤នេះ ដែលជាគម្រោងបង្ហូរឧស្ម័នដ៏ធំបំផុតមួយនៅក្នុងតំបន់ ហើយវានឹងផ្តល់ថាមពលស្អាត និងតម្លៃសមរម្យដល់ប្រជាជនរាប់លាននាក់ និងកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិពីបរទេស រួមមានរុស្ស៊ី អ៊ីរ៉ង់ និងចិន ផងដែរ។ ដើមឡើយ គម្រោងបង្ហូរឧស្ម័ននេះគ្រោងនឹងដាក់ដំណើរការជាផ្លូវការនៅត្រឹមឆ្នាំ២០១៩ ប៉ុន្តែបានពន្យារពេលរហូតមកដល់ពេលនេះ ដោយមិនទាន់កំណត់កាលបរិច្ឆេទជាថ្មីនៅឡើយទេ៕
អត្ថបទ៖ សុខ មង្គល