ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប

ក្រុមហ៊ុនចំនួន៤ ស្នើសុំសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប


ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា មានក្រុមហ៊ុនចំនួន៤បានដាក់ពាក្យស្នើមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីសុំសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាប។ ប្រសិនបើគម្រោងនេះលេចចេញជារូបរាងមែននោះ វានឹងក្លាយជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានដាក់ឲ្យដំណើរការជាផ្លូវការកាលពីពេលថ្មីៗ និងគម្រោងទី២ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៣។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ

អ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា តាមរយៈគម្រោងនេះ វាមិនត្រឹមតែជួយជំរុញកំណើនភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តសៀមរាបប៉ុណ្ណោះទេ ថែមទាំងអាចជួយកែប្រែខេត្តសៀមរាបពីតំបន់ទេសចរណ៍ឲ្យក្លាយជាតំបន់ឧស្សាហកម្មទៀតផង។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់និងទទួលយានយន្តអគ្គិសនីនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរំពឹងថា កម្ពុជានឹងមានផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបមួយបន្ថែមនាពេលខាងមុខ។ ការរំពឹងបែបនេះ ធ្វើឡើងក្រោយមានក្រុមហ៊ុនចំនួន៤បានដាក់ពាក្យមកក្រសួងសាធារណការ ដើម្បីស្នើសុំសិក្សាលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។ តែយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់លម្អិតទេថា ក្រុមហ៊ុនទាំង៤នោះមកពីប្រទេសណានោះទេ។

លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបក្នុងការជួយជំរុញកំណើនភ្ញៀវទេសឲ្យទៅកម្សាន្តនៅខេត្តសៀមរាប។ លោកជឿជាក់ថា ប្រសិនបើគម្រោងនេះពិតជាអាចកើតឡើងមែននោះ វាមិនត្រឹមតែជួយអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងអាចជួយប្រែក្លាយខេត្តសៀមរាបឲ្យក្លាយជាគោលដៅឧស្សាហកម្មថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជាទៀតផង។

ជាមួយគ្នានេះលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានលើកឡើងថា បើទោះបីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបបម្រើផលប្រយោជន៍ដល់វិស័យទេសចរណ៍ក្តី តែវាក៏អាចជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកសិផលរបស់ខេត្តនៅតាមបណ្តោយផ្លូវនោះ និងការដឹកជញ្ជូនទំនិញពីខេត្តទាំងនោះទៅកាន់ខេត្តជាប់ព្រំដែនផងដែរ ព្រោះកន្លងមកជារឿយៗកម្ពុជា ក៏បានប្រើប្រាស់ផ្លូវជាតិលេខ៦ពីភ្នំពេញទៅសៀមរាប ក្នុងការដឹកជញ្ចូនទំនិញពីកម្ពុជាទៅកាន់ព្រំដែនថៃដែរ។

ប្រសិនបើកគម្រោងនេះលេចចេញជារូបរាងមែននោះ វានឹងក្លាយជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជាបន្ទាប់ពីគម្រោងផ្លូវល្បឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុត្រូវបានសម្ពោធជានិមិត្តរូបដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃប្រទេសចិន អំឡុងពេលឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុត្រូវបានបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរ ចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុមានការកើនឡើងយ៉ាងគំហុក ជាពិសេសនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់ក្នុងពិធីបុណ្យនានា។ បើតាមតួលេខរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុមានភ្ញៀវទេសចរជាមធ្យមប្រមាណ១០ម៉ឺននាក់បានទៅកម្សាន្តនៅខេត្តព្រះសីហនុរៀងរាល់ថ្ងៃចុងសប្តាហ៍៕




អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករថា រោងម៉ាស៊ីនកិនស្រូវបានប្រើទុនអស់ជាង១០០លានដុល្លារ ប្រមូលទិញស្រូវជាង ៥០ម៉ឺនតោនពីកសិករ

ព័ត៌មាន
ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករដែលប្រមូផលនៅឆ្នាំនេះ រាជរដ្ឋាភិបាលបានបញ្ចេញទុនកម្ចីជាបន្ដបន្…

ហេតុអ្វីការបង្កើតតុលាការពាណិជ្ជកម្មដំបូងរបស់កម្ពុជា នឹងត្រូវលើកពេលទៅដល់ឆ្នាំ២០២៣?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា អះអាងថា តុលាការពាណិជ្ជកម្មដំបូងគេរបស់កម្ពុជា ដែលគ្រោងនឹងបង្កើតឡើងនៅឆ្នាំ២០២២នោះ នឹងត្រូវពន្យារពេលដល់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ