នៅក្នុងអំឡុងពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលស្តីអំពីបច្ចេកវិទ្យា AI ដែលមានការចូលរួមពីសមាជិកនៃសហគមន៍យោធាពិភពលោក ជាពិសេសសហភាពអឺរ៉ុប បារាំងបានជំរុញឲ្យសហភាពអឺរ៉ុប រិះគិតអំពីការវិវត្តថ្មីៗ ដែលកំពុងជះឥទ្ធិពលលើវិស័យយោធា និងសេដ្ឋកិច្ចនាពេលអនាគត។ នៅក្នុងកិច្ចប្រជុំនោះ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានអះអាងថា បារាំង និងសហភាពអឺរ៉ុប គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងលើការអភិវឌ្ឈបច្ចេកវិទ្យា AI ជាពិសេសនៅក្នុងវិស័យការពារជាតិ។ ទន្ទឹមនឹងនេះ លោក ម៉ាក្រុង លើកទឹកចិត្តឱ្យអ្នកជំនាញការអឺរ៉ុប លុបបំបាត់ឧបសគ្គលើការសហការគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកទិន្នន័យ។
ពាក់ព័ន្ធបញ្ហានេះ លោក គ្រីស្តូស មេយ័រ (Christophe Meyer) អ្នកជំនាញ AI មួយរូបបាននិយាយថា ផែនការនេះ ជាផែនការមួយដ៏លំបាក។ លោកបានអះអាងថា រឿងទិន្នន័យវាមិនមែនពិបាកគ្រាន់តែនៅប្រទេសបារាំងនោះទេ ពោលគឺនៅទូទាំងតំបន់អឺរ៉ុបតែម្តង ព្រោះអឺរ៉ុបជាប្រជាជាតិដែលមានការបើកទូលាយលើទិន្នន័យនេះតិចបំផុត។ លោកបានបន្ថែមថា នៅពេលនិយាយដល់ទិន្នន័យ អឺរ៉ុបច្រើននិយាយពីដែនអធិបតេយ្យ ហើយវាជារឿងរសើបបំផុត និងពាក់ព័ន្ធនឹងរឿងចារកម្មផងដែរ។
អ្នកជំនាញរូបនេះ យល់ឃើញថា ដើម្បីជម្នះលើបញ្ហានេះបាន អឺរ៉ុបត្រូវការបំផុតនូវអន្តរប្រតិបត្តិការ និងទំនាក់ទំនងដ៏គួរឲ្យជឿទុកចិត្តបំផុតនៅក្នុងចំណោមសមាជិកណាតូទាំង៣២ប្រទេស។ ការអភិវឌ្ឈបច្ចេកវិទ្យា AI ពិតជាត្រូវការបំផុតនូវលំហូរទិន្នន័យ ដែលផលិតដោយសម្ព័ន្ធមិត្តផ្សេងៗ ដើម្បីឲ្យមានស្តង់ដាតែមួយ៕
ដោយៈ សរ សុជាតិ