សេរីភាពសារព័ត៌មាននៅកម្ពុជា

សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកអ្នកសារព័ត៌មានមានវិជ្ជាជីវៈ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីបញ្ហាសង្គម


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកវិស័យព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋតាមរយៈការពាំនាំនូវព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល។ លើសពីអ្នកសារព័ត៌មាន គឺតួអង្គស្នូលដ៏សំខាន់ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ក៏ដូចជាធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីបញ្ហាសង្គមនានា ដែលបាននិងកំពុងកើតមានឡើង។
សេរីភាពសារព័ត៌មាននៅកម្ពុជា
ដោយ

សម្តេចធិបតីកត់សម្គាល់ឃើញថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។ ជាមួយគ្នានេះសម្តេចធិបតី ជំរុញឱ្យអ្នកសារព័ត៌មានជួយលើកស្ទួយវិស័យព័ត៌មាន តាមរយៈការប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ។

ស្របពេលពិភពលោករួមទាំងកម្ពុជាកំពុងអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ«សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន» សម្ដេចធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញពីសារៈសំខាន់នៃតួនាទីសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិក្នុងបរិបទនៃវិបត្តិបរិស្ថានសកលនាពេលបច្ចុប្បន្ន។ សម្តេចធិបតី កត់សម្គាល់ឃើញថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។ ពាក់ព័ន្ធស្ថានភាពសេរីភាពនៃការបញ្ចេញមតិ សម្តេចធិបតី អះអាងថា នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថាអ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរីដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន អ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ សម្តេចបានបន្ថែមថា នៅលើពិភពលោក អ្នកសារព័ត៌មាន បានបំពេញតួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាតនៅក្នុងសង្គម និងបាននាំយកព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំមកវិញនូវព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា និងសុខុដុមនីយកម្មក្នុងសង្គម ចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ហើយអ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពអំពីបញ្ហាសង្គម។ ក្នុងន័យនេះ សម្តេចធិបតី បានណែនាំដល់បងប្អូនសារព័ត៌មាន ត្រូវបន្តចូលរួមលើកស្ទួយវិស័យព័ត៌មាន ដោយប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមានអរិភាពនិងការបែកបាក់សាមគ្គីភាពជាតិ។ ទន្ទឹមនេះ ប្រមុខរាជរដ្ឋាភិបាល បានប្រកាសគាំទ្រចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ផងដែរ។

នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មាននេះដែរឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវមានធាតុសំខាន់ចំនួន៣ជាចាំបាច់ ដែលមិនអាចខ្វះបាន គឺសេរីភាព ការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ តួយ៉ាង ការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាហ្វ្រាំងសម្រាប់ជួយទប់ដល់សេរីភាពសារព័ត៌មាន កុំឱ្យរអិលធ្លាក់ចាកពីគន្លងវិជ្ជាជីវៈ និងជាពិសេសជួយរក្សាតម្លៃនៃសេរីភាពសារព័ត៌មានឱ្យបានគង់វង្សផងដែរ។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ នៅក្នុងខ្លួនរបស់អ្នកសារព័ត៌ទោះតិចក្តីច្រើនក្តី ក៏ត្រូវមានធាតុសំខាន់ចំនួន២ទៀតដែរ គឺសន្តិភាពនិយម និងជាតិនិយម។

យ៉ាងណាក៏ដោយ សម្តេចធិបតី ហ៊ុន ម៉ាំណែត បានបញ្ជាក់ដែរថា បច្ចុប្បន្នវិស័យសារព័ត៌មានបានប្រឈមជាមួយការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជាឥទ្ធិពលនៃបញ្ញាសិប្បនិមិត្ត ដែលកំពុងជ្រៀតចូលយ៉ាងខ្លាំងក្នុងវិស័យព័ត៌មាន។ ជាមួយនេះ មានការកើនឡើងនូវសារព័ត៌មានអនឡាញ និងការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដែលគ្មានវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មានដែលមានចរិតបំពុលសង្គម ញុះញង់ឱ្យកើតមានវិបត្តិនៅក្នុងសង្គម និងការប្រើប្រាស់រូបភាពធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ អរិយធម៌ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិ ដែលបញ្ហាប្រឈមទាំងនេះ ចាំបាច់ត្រូវចូលរួមដោះស្រាយទាំងអស់គ្នាផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


ធនាគារកណ្ដាលអាម៉េរិកថា ខ្លួនអាចត្រូវការពេលវេលាយូរជាងការរំពឹងទុក ទម្រាំអាចបញ្ចុះអត្រាការប្រាក់ ខណៈអតិផរណានៅខ្ពស់នៅឡើយ

ធនាគារកណ្ដាលអាម៉េរិក បានរក្សាអត្រាការប្រាក់ឱ្យនៅថេរ ដោយគ្មានការផ្លាស់ប្ដូរកាលពីថ្ងៃពុធ ទី១ ខែឧសភា ហើយបានផ្ដល់សញ្ញាថា ខ្លួននៅតែត្រូវបញ្ចុះអ…

រដ្ឋាភិបាលកម្ពុជាច្រានចោលការចោទប្រកាន់ដែលថា ការអភិវឌ្ឍគម្រោងព្រែកជីក ហ្វូណនតេជោ ជាការខណ្ឌបែងចែកទឹកដី

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ គឺជាគម្រោងសម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ហើយមិនមែនជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ