នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីចុងសប្តាហ៍មុន ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានពិភាក្សាអំពីបញ្ហាជាច្រើនជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដោយរាប់ចាប់ទំនាក់ទំនងសេដ្ឋកិច្ច រហូតដល់រឿងកោះតៃវ៉ាន់។
ការអត្ថាធិប្បាយរបស់លោកនៅក្នុងបទសម្ភាសន៍មួយ ផ្សាយកាលពីថ្ងៃអាទិត្យ អាចនឹងធ្វើឱ្យសហរដ្ឋអាមេរិកខឹង ហើយក៏ឆ្លុះបញ្ចាំងឱ្យឃើញទស្សនៈខុសៗគ្នាក្នុងចំណោមបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុបដែរ ទាក់ទងនឹងរបៀបដូចម្ដេចដែលសហភាពនេះគួរប្រាស្រ័យជាមួយចិន បើសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកកំពុងបង្កើនការប្រឈមមុខទល់នឹងគូប្រជែងដ៏ចម្បងបំផុតរបស់ខ្លួន គឺចិន ហើយចិនកំពុងងាកទៅរករុស្ស៊ីកាន់តែជិតស្និទ្ធឡើង បន្ទាប់ពីមានការឈ្លានពាននៅអ៊ុយក្រែន។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង លោក ម៉ាក្រុង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងថា៖ «អ្វីដែលអាក្រក់បំផុតនោះគឺគិតថា យើង ជនជាតិអឺរ៉ុប ត្រូវតែធ្វើជាអ្នកដើរតាម ហើយសម្របខ្លួនយើង ទៅតាមចង្វាក់សហរដ្ឋអាមេរិក និងទៅតាមប្រតិកម្មហួសហេតុរបស់ចិន»។
ដោយលើកឡើងអំពី«ស្វ័យភាពបែបយុទ្ធសាស្ត្រ» ដែលជាឧត្ដមគតិដ៏មានតម្លៃរបស់ខ្លួន លោក ម៉ាក្រុង បានបន្ថែមថា៖ «យើងត្រូវប្រាកដថា ជំហររបស់យើងត្រួតស៊ីគ្នាជាមួយអាមេរិកនៅកន្លែងណា ប៉ុន្តែទោះជាលើបញ្ហាអ៊ុយក្រែន, លើបញ្ហាទំនាក់ទំនងជាមួយចិន ឬលើបញ្ហាទណ្ឌកម្មក៏ដោយ, យើងមានយុទ្ធសាស្ត្រអឺរ៉ុបរបស់យើង»។
លោកប្រធានាធិបតីបារាំងរូបនេះបានសង្កត់ធ្ងន់ទៀតថា៖ «យើងមិនចង់ចូលរួមក្នុងទំនាស់រវាងប្លុកនិងប្លុកទេ។ យើងមិនគួរជាប់ផុងខ្លួនក្នុងភាពច្របូកច្របល់និងវិបត្តិរបស់ពិភពលោក ដែលមិនមែនជាវិបត្តិរបស់យើងនោះទេ»។
វិមាន អេលីហ្ស៊េ (Elysee) របស់ប្រធានាធិបតីបារាំង បានឱ្យដឹងថា ក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង, លោក អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងអំពីបញ្ហាកោះតៃវ៉ាន់ និងបានបង្ហាញក្ដីបារម្ភរបស់លោកទាក់ទងនឹងកំណើនភាពតានតឹងនៅក្នុងតំបន់ ដែលអាចនាំទៅដល់«គ្រោះថ្នាក់ដ៏អាក្រក់»៕