Advertisement
វិស័យ​កាត់ដេរ

ឆ្នាំ​ក្រោយ ចំណាយ​លើ​ប្រាក់​ខែ​កម្មករ​រោងចក្រ​កាត់ដេរ នឹង​កើន​ដល់​២០០​លាន​ដុល្លារ​ក្នុង​១ខែ


សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា តាមរយៈ​គោលការណ៍​ថ្មី​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កម្មការិនី នឹង​កើន​ដល់ ២៥០​​​ដុល្លារ​​អាមេរិក​ក្នុង​មួយ​ខែៗ ដែល​ធ្វើ​ឲ្យ​ការ​ចំណាយ​របស់​រោងចក្រ​លើ​ប្រាក់​បៀវត្ស​កម្មករ​នឹង​កើន​ឡើង​ដល់ ២០០​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​កន្លង​មក​ការ​ចំណាយ​នេះ មាន​តែ​ប្រមាណ ១៦០ ​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។
លោក អ៊ិន ចាន់នី ប្រធាន​អគ្គនាយក​ ធនាគារ អេស៊ីលីដា (រូប​ខាង​ស្ដាំ) និង​លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ GMAC ក្នុង​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ប្រើប្រាស់​សេវា​បើក​ប្រាក់​បៀវត្សរ៍ នា​ថ្ងៃទី១៩ វិច្ឆិកា ២០១៨។
ដោយ
Advertisement

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា បច្ចុប្បន្ន ចំនួន​កម្មករ​​កម្មាការនី ដែល​មាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី នៅ​ក្នុង​បេឡាជាតិ​របប​សន្ដិសុខ​សង្គម (បសស) មាន ៧៨​ម៉ឺន​នាក់ តែ​បើ​បូក​សរុប​ទាំង​កម្មករ​ធ្វើការ​ពេញ​ម៉ោង​និង​ក្រៅ​ម៉ោង អាច​មាន​រហូត​ដល់ ៩០​ម៉ឺន​នាក់ ខណៈ​ដែល​កន្លង​មក​នេះ ការ​ចំណាយ​លើ​ប្រាក់​ខែ​កម្មករ ក្នុង​មួយ​ខែៗ មាន​ប្រមាណ ១៦០​លាន​ដុល្លារ​អាមេរិក។ 

ដោយឡែក សម្រាប់ប្រាក់ឈ្នួលរបស់កម្មករម្នាក់ៗ តាមរយៈគោលការណ៍ថ្មី ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំក្រោយនេះ អាច​មាន​ប្រមាណ ២៥០​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​ក្នុង​នោះ ប្រាក់ខែ​គោល​អប្បបរមា​មាន​ចំនួន ១៨២​ដុល្លារ​អាមេរិក។ 

ដូច្នេះ សម្រាប់ការចំណាយលើប្រាក់បៀវត្ស កម្មករ​កម្មការនី​រោងចក្រ​កាត់ដេរ​ទាំងអស់​នៅ​កម្ពុជា អាច​មាន​រហូត​ដល់ ២០០​លាន​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ដែល​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ក៏​ជា​ថ្ងៃ​ដែល​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ការ​បើក​ប្រាក់​បៀវត្ស ១ខែ ២​ដង ជូន​កម្មករ​កម្មការិនី ផងដែរ។ 

ជុំវិញនឹងការបើកប្រាក់ខែ ១ខែ ២ដងនេះដែរ លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានគូសបញ្ជាក់ដែរថា មកទល់ពេលនេះ រោងចក្រ៥៦៦ រោងចក្រ ដែលជាសមាជិករបស់ GMAC បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការអនុវត្ត ការបើកប្រាក់ខែជូនដល់កម្មករកម្មការនី ដែលជាតម្រូវពីរាជរដ្ឋាភិបាលកម្ពុជា។ 

ថ្មីៗនេះ ខាងសមាគមរោងចក្រកាត់ដេរកម្ពុជា ក៏បានចុះកិច្ចព្រមព្រៀងជាមួយធនាគារ អេស៊ីលីដា ដើម្បីជួយជំរុញឲ្យមានភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាព សម្រាប់គាំទ្រដល់ការបើកប្រាក់ខែ១ខែ ២ដង ជូនដល់កម្មករកម្មការនីផងដែរ។

បើតាម ការអះអាង ពីអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានលើកឡើងថា ការដំឡើងប្រាក់ខែដល់កម្មករកម្មាការីរោងចក្រកាត់ដេរនៅកម្ពុជា គិតត្រឹមរយៈពេល៥ឆ្នាំកន្លងមកនេះ បានកំណើនខ្ពស់ រហូតដល់ប្រមាណ ១៧០% ទៅហើយ ដែលវាក៏ជាក្ដីព្រួយបារម្ភមួយចំពោះថៅកែរោងចក្រផងដែរ។ 

បើធៀបជាមួយនឹងប្រទេសវៀតណាម ប្រាក់ខែគោលអប្បរមារបស់កម្មកររោងចក្រកាន់ដេរ នៅកម្ពុជា គឺមានខ្ពស់ជាប្រទេសវៀតណាមទៅទៀត។ នេះបើតាមការគូសបញ្ជាក់ពី លោកខេន លូ។

Advertisement

សូមជម្រាបថា តាមអ្នកជំនាញសេដ្ឋកិច្ច ធ្លាប់បានលើកឡើងថា វិស័យកាត់ដេររបស់កម្ពុជា ហាក់កំពុងរងនូវសម្ពាធ​ប្រកួតប្រជែងខ្លាំង​ជាមួយ​នឹង​ប្រទេស​ជិតខាង ដូចជាប្រទេសវៀតណាម និង​បង់ក្លាដេស ជាដើម ដោយសារតែ​ប្រទេស​ទាំង​នោះ មាន​ប្រាក់​ខែ​កម្មករ​ទាប និង​ការ​ចំណាយ​លើ​ថាមពល​ដូចជា​ទឹក​ភ្លើង ក៏​មាន​ទាប​ជាង​ប្រទេស​កម្ពុជា​ផងដែរ។ 

ទោះយ៉ាងណា នៅឆ្នាំក្រោយនេះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្ត ដល់ម្ចាស់រោងចក្រកាត់ដេរផងដែរ ដូចជាការសម្រួលដល់ការចុះថ្លៃអគ្គិសនីពី ១៦ សេន មក១៤សេន ខណៈដែលខាងរោងចក្របានស្នើចុះពី១៦ មក ១២ តែការសម្រេចចុងក្រោយចុះបានតែ២សេនប៉ុណ្ណោះ។ 

តំណាងសមាគមរោងចក្របានះអាងថា ទោះបីជាមានការចុះថ្លៃ ២សេនក៏ដោយ ប៉ុន្ដែ តម្លៃ អគ្គិសនី​នៅ​កម្ពុជា​នៅតែ​ខ្ពស់​ជាង​ប្រទេស​ដៃគូ​ប្រជែង ដូចជា​វៀតណាម បង់ក្លាដេស មីយ៉ាន់ម៉ា និង​ថៃ៕




អត្ថបទបន្ទាប់


ផ្ទះ​តម្លៃ​សមរម្យ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​កំពុង​សម្រុក​ការ​សាងសង់​កាន់​តែ​ខ្លាំង!

ព័ត៌មាន
គម្រោង​ផ្ទះ​តម្លៃ​ថោក​និង​មធ្យម​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​របស់​សេដ្ឋី​អចលនទ្រព្យ និង ឡូជីស្ទីក ដ៏​ល្បីល្បាញ​មួយ​រូប សព្វថ្ងៃ កំពុង​តែ​ប...

ទីលាន​វាយ​កូន​ហ្គោល មហាសេដ្ឋី លី យ៉ុងផាត់ ឈ្នះ​ពាន​រង្វាន់​ពិភពលោក​ពី​អេស្ប៉ាញ

ព័ត៌មាន
ទីលាន​វាយ​កូន​ហ្គោល​ធំ​ប្រណីត​មួយ​របស់​កម្ពុជា ដែល​មាន​ឈ្មោះ​ថា ហ្គាឌិន ស៊ីធី បាន​ឈ្នះ​ពាន​រង្វាន់​លំដាប់​ថ្នាក់​ពិភព​លោក​ពី​កម្មវិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ