ប្រទេសវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកគ្រោងទស្សនកិច្ចនៅវៀតណាមនៅសប្តាហ៍ក្រោយ


សមាជិកព្រឹទ្ធអាមេរិកលោក ចេហ្វ មើកលី ( Jeff Merkley ) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហាណូយកាលពីថ្ងៃសៅរ៍ ទី ៨ មេសា ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អ៊ែនថូនី ប្លីងខិន ( Antony Blinken ) នឹងធ្វើទស្សនកិច្ចនៅវៀតណាមនាចុងសប្តាហ៍នេះ ដើម្បីជំរុញទំនាក់ទំនងការទូតជាមួយទីក្រុងហាណូយឱ្យកាន់តែខ្ពស់នៅឆ្នាំនេះ។ មុននេះមិនយូរប៉ុន្មាន មន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយរូបឯណោះវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួននៅប្រទេសវៀតណាម ក៏បានចុះកិច្ចព្រមព្រៀងសំខាន់ៗពីរជាមួយទីក្រុងហាណូយ។
វៀតណាមកំពុងត្រូវបានមហាអំណាចនានាចាត់ទុកជាដៃគូកាន់តែសំខាន់ឡើង!

នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានសឹង្ហបុរី CNA។ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក មើកលី ( Merkley ) បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមចុងសប្ដាហ៍មុនថា «សប្តាហ៍ក្រោយរដ្ឋមន្ត្រីការបរទេស លោក ប្លីនខិន នឹងមកកាន់ទីនេះ»។ ទោះយ៉ាងណា គម្រោងដំណើរទស្សនកិច្ចរបស់លោក ប្លីខិន ( Blinken ) ដែលមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយ ត្រូវបានបង្ហើបឱ្យដឹង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ( Joe Biden) បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីសប្តាហ៍មុន ជាមួយប្រធានបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូជុង។

សហរដ្ឋអាមេរិកសង្ឃឹមថាខ្លួននឹងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយទីក្រុងហាណូយនៅឆ្នាំនេះ ស្របពេលដែលខួបលើកទី១០ នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម នឹងមកឈានមកដល់នាខែកក្កដា។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ ត្រូវបានគេរំពឹងថាអាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅថ្ងៃសៅរ៍ មុនពេលរូបលោកបន្តដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំងប្រាំពីរ (G7) ក្នុងប្រទេសជប៉ុន ពីថ្ងៃទី ១៦ ដល់ទី ១៨ ខែមេសា។

ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏ត្រូវបានគេដឹងថាកំពុងមានទំនោរងាកមករកសម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់ខ្លួន គឺប្រទេសវៀតណាមដែរ គឺដើម្បីពង្រឹងទំនាក់ទំនងការទូត និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ខណៈក្រុងម៉ូស្គូប្រឈមនឹងភាពឯកោកាន់តែខ្លាំងឡើង ក្រោយការចូលឈ្លានពានអ៊ុយក្រែន។ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចពីរថ្ងៃនៅប្រទេសវៀតណាមកាលពីថ្ងៃសុក្រ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ឈើន្នីសិនកូ ( Dmitry Chernyshenko ) បានសម្រេចនូវលទ្ធផលគួរឱ្យកត់សម្គាល់ជាមួយទីក្រុងហាណូយ។

លោក Chernyshenko និងសមភាគីវៀតណាម លោក ត្រាន់ ហុង ហា ( Tran Hong Ha ) បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ រវាងប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះបានប្រាប់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ត្រាន់ ហុង ហា ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចាត់ទុកការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពរបស់រុស្ស៊ីក្នុងគោលនយោបាយការបរទេសរបស់ខ្លួនសម្រាប់តំបន់»។

កិច្ចព្រមព្រៀងទាំងពីរនោះរួមមាន៖ «ទីមួយរុស្ស៊ីនឹងបង្កើតមជ្ឈមណ្ឌលបញ្ញាសិប្បនិមិត្តនៅទីក្រុងហាណូយ ជាមួយនឹងមហិច្ឆតាដើម្បីធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ កិច្ចព្រមព្រៀងមួយទៀតគឺការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាលាវិទ្យាសាស្ត្រសង្គមនៃប្រទេសទាំងពីរ៕

ជាការពិត ប្រទេសអាស៊ីអាគ្នេយ៍ និងជាប្រទេសក្បែរខាងកម្ពុជាមួយនេះគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់រុស្ស៊ីក្នុងពិភពលោក។ ខណៈកាលពីពេលកន្លងទៅដែលទីក្រុងហាណូយតែងតែលើកឡើងឱ្យមានកិច្ចសន្ទនដើម្បីដោះស្រាយបញ្ហានៅអ៊ុយក្រែន។ មួយវិញទៀត វៀតណាមតែងប្រកាន់ជំហរអព្យាក្រឹតជានិច្ច និងបានបដិសេដថ្កោលទោសការឈ្លានពានរុស្ស៊ីជាច្រើនដងនៃដំណោះស្រាយរបស់អង្គការសហប្រជាជាតិកាលពីពេលកន្លងទៅ៕




អត្ថបទបន្ទាប់


របរលក់គោមផ្កាយហាក់កាក់កបនៅឆ្នាំនេះ ក្រោយតម្រូវការបស់ពលរដ្ឋមានការកើនឡើង

ព័ត៌មាន
នៅអំឡុងពេលជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ ប្រជាជនខ្មែរតែងតែនិយមនាំគ្នាយកគោមផ្កាយមកតុបតែងលម្អផ្ទះសម្បែង ហាង បុរី ក៏ដូចនៅតាមវត្…

ប្រទេសជប៉ុនកាត់បន្ថយការពឹងផ្អែកលើការនាំចូលធ្យូងថ្មមកពីប្រទេសរុស្ស៊ី

ព័ត៌មាន
ប្រទេសជប៉ុនបានកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលធ្យូងថ្មមកពីប្រទេសរុស្ស៊ី ដោយសារតែក្រុមហ៊ុនផលិតថាមពល និងអ្នកទិញផ្សេងៗទៀត បានខំប្រឹងស្វែងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ