វិស័យកសិកម្ម

អ្នកឧកញ៉ា ម៉ុង ឬទ្ធី រំពឹងដូងស្រស់កម្ពុជា មានទីផ្សារកាន់តែល្អ ក្រោយចិនអនុញ្ញាតឱ្យនាំចូល


អគ្គរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការនូវចម្ការដូង និងទីតាំងវេចខ្ចប់មួយចំនួន ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។ ការយល់ព្រមឱ្យនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិននេះ ត្រូវបានអ្នកជំនួញកសិកម្មនៅកម្ពុជារំពឹងថា វានឹងជួយធ្វើឱ្យទីផ្សារផ្លែដូងកម្ពុជាមានតម្លៃ និងទីផ្សារកាន់តែប្រសើរ ក៏ដូចជាជួយជំរុញឱ្យកសិករបង្កើនការដំាដំណាំដូងបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ខណៈបច្ចុប្បន្នការដំដុះ និងការផ្គត់ផ្គង់ដូងនៅកម្ពុជាហាក់នៅមានកម្រិតនៅឡើយ។
វិស័យកសិកម្ម
ដោយ

អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលកំពុងដាំដុះដំណាំដូងលើផ្ទៃដី២៥០ហិកតាបានចាត់ទុកការអនុញ្ញាតឱ្យកម្ពុជា នាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារចិន គឺជាដំណឹងដ៏ល្អសម្រាប់ប្រជាកសិករខ្មែរ ដ្បិតថា វាជាផ្នែកដ៏សំខាន់មួយជួយដល់កសិករ ដែលប្រកបអាជីវកម្មដាំដំណាំដូងនៅកម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា ផ្លែដូងនឹងទទួលបានការគាំទ្រកាន់តែច្រើននាពេលខាងមុខ ដោយសារប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនបាននាំគ្នាកាត់បន្ថយការទទួលទានគ្រឿងកំប៉ុងដែលមានរសជាតិផ្អែម ដោយងាកមកទទួលទានទឹកដូងជំនួសវិញ។

ទន្ទឹមនឹងចិនបើកទីផ្សារឱ្យនាំផ្លែដូងចូលនេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី អះអាងថា ការដាំដុះដំណាំដូងមិនមានភាពងាយស្រួលប៉ុន្មាននោះទេ ពោលគឺការដាំដុះមានការជួបផលលំបាកមួយចំនួនដូចជាខ្វះទឹកសម្រាប់ស្រោចស្រព ជី ពូជ ការថែទាំ និងជំងឺជាដើម ដែលទាមទារឱ្យអ្នកដាំមានចំណេះដឹងផ្នែកកសិកម្ម ជាពិសេសការថែទាំតែម្តង។ ស្របពេលតម្រូវការផ្លែដូងរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ កម្ពុជាក៏កំពុងជួបបញ្ហាការផ្គត់ផ្គង់ផងដែរ ដែលទាមទារឱ្យអ្នកវិនិយោគ និងកសិករបង្កើនការដាំដុះដំណាំនេះបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងការនាំចេញនាពេលខាងមុខ។

​បើតាមការរំពឹងទុករបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ទីផ្សារផ្លែដូងរបស់កម្ពុជា អាចនឹងមានតម្លៃប្រសើរជាងមុន ខណៈបច្ចុប្បន្នផ្លែដូងក្រអូបអាចលក់បានក្នុងតម្លៃ២ពាន់រៀលក្នុង១ផ្លែ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះលើកទឹកចិត្តឱ្យអ្នកចង់ធ្វើអាជីវកម្មដាំដុះដំណាំដូង ត្រូវមានការគិតគូរឱ្យបានហ្មត់ចត់ទាំងលើពូជ និងតម្រូវការទីផ្សារជាមុនសិន ដើម្បីបញ្ចៀសបញ្ហាផ្សេងៗ។

​លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា អគ្គរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ បើតាមអ្នកនាំពាក្យរូបនេះ ចម្ការដូង និងទីតាំងវេចខ្ចប់ដែលទទួលបានការចុះបញ្ជីពីសំណាក់អគ្គរដ្ឋបាលគយចិន កំពុងតែមមាញឹកក្នុងការរៀបចំនាំចេញផ្លែដូងស្រស់របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយរំពឹងថា ការនាំចេញជើងដំបូងនឹងអាចសម្រេចបាននៅក្នុងឆ្នាំ២០២៤នេះ។

បើយោងតាមទិន្ន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានផ្ទៃដីដាំដំណាំដូងសរុបជិត២ម៉ឺនហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង១ម៉ឺន៤ពាន់ហិកតា៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

None



អត្ថបទបន្ទាប់


តាមដាន និងព្យាបាលភ្នែករបស់អ្នកឲ្យបានទាន់ពេលវេលា ជៀសវាងវិប្បដិសារីទៅថ្ងៃក្រោយ

ភ្នែក ជាសរីរាង្គចក្ខុវិញ្ញាណ ឬជាសរីរាង្គនៃគំហើញ ដែលអនុញ្ញាតឲ្យមនុស្សម្នាក់ៗមើលឃើញនូវអ្វីៗជុំវិញខ្លួន ក៏ដូចជាពិភពលោកដ៏ស្រស់ត្រកាស ប៉ុន្ដែ ប្…

តម្លៃជ្រូករស់នៅកម្ពុជា បានរើបឡើងវិញ ក្រោយបិទការនាំចូលបំណែកសាច់បង្កកជាង១ខែមកនេះ

គិតមកទល់ពេលនេះ មានរយៈពេលជាង១ខែហើយ ដែលអាជ្ញាធរបានអនុវត្តវិធានការផ្អាកការនាំចូលបំណែកសាច់បង្កកជាប្រភេទគ្រឿងក្នុងពីប្រទេសផ្សេងៗមកកាន់ទីផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ