ប្រធានសមាគមស្វាយចន្ទី និងម្ចាស់ចម្ការសុទ្ធតែអះអាងថា តម្លៃស្វាយចន្ទីស្រស់ចុះថ្លៃនេះ ដោយសារតែកម្ពុជា ពឹងផ្អែកតែលើទីផ្សារវៀតណាមតែមួយ រួមទាំងកង្វះខាតរោងចក្រកែច្នៃ និងឃ្លាំងស្តុកស្វាយចន្ទីស្ងួតជាដើម។
លោក អួន ស៊ីឡុត ប្រធានសមាគម ស្វាយចន្ទី កម្ពុជា បានប្រាប់ ខេមបូណូមីសថា តម្លៃគ្រាប់ស្វាយចន្ទី ស្រស់នៅឆ្នាំនេះ គ្រាប់តូចធ្លាក់ពីតម្លៃ៤.០០០រៀល មកនៅត្រឹម ៣.៧០០រៀលក្នុងមួយគីឡូក្រាម និងគ្រាប់ធំធ្លាក់ពី ៥.៥០០រៀល មក៤.៥០០រៀលក្នុងមួយគីឡូក្រាម។ ការធ្លាក់ចុះនៃតម្លៃគ្រាប់ស្វាយចន្ទីស្រស់នេះ គឺនៅទូទាំងប្រទេស ដោយសារតែសមាជិករបស់សមាគមទាំង១០ខេត្ត បានរាយការណ៍មកថា ស្វាយចន្ទីមានការធ្លាក់ថ្លៃជាងឆ្នាំមុន នៅគ្រាដែលទិន្នផលប្រមូលបានតិចដោយសារបញ្ហាអាកាសធាតុផងនោះ។
លោក អួន ស៊ីឡុត
បានបញ្ជាក់ថា សម្រាប់ចំការរបស់លោកផ្ទាល់
គឺខាតធ្ងន់ធ្ងរខ្លាំងណាស់នៅឆ្នាំនេះ។
លោក តុប វណ្ឌី ម្ចាស់ចម្ការស្វាយចន្ទីខេត្តកំពង់ចាម និងលោក ណុក ប៊ុនថន ម្ចាស់ចម្ការស្វាយចន្ទីប្រចាំខេត្តកំពង់ធំ បានលើកឡើងស្រដៀងគ្នា ទិន្នផលឆ្នាំនេះកាន់តែធ្លាក់ចុះជាងឆ្នាំមុនទៅទៀត ដោយសារតែកត្តាអាកាសធាតុ ដែលធ្វើឲ្យការប្រមូលផលយឺតជាងឆ្នាំមុនផង គួបផ្សំនឹងតម្លៃចន្ទីស្រស់ធ្លាក់ចុះខ្លះទៀត ធ្វើឲ្យកសិករខាត ស្ទើរតែមិនអាចទូទាត់ថ្លៃជី និងថ្នាំបាញ់ផង។
ដោយឡែក លោកស្រី អ៊ិន ឡៃហួត នាយកគ្រប់គ្រងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ឡៃហួត នៅខេត្តកំពង់ធំវិញបានឲ្យដឹងដឹងថា បើតាមលោកស្រីដឹង តម្លៃគ្រាប់ស្វាយចន្ទីដែលឈ្មួញកណ្តាលដទៃទៀតទិញពីកសិករពិតជាមានការចុះថ្លៃមែន។ ប៉ុន្តែបច្ចុប្បន្ន សិប្បកម្មរបស់លោកស្រីមិនទាន់ទទួលទិញគ្រាប់ស្វាយចន្ទីពីកសិករនៅឡើយទេ ដោយជាទូទៅទាល់ពាក់កណ្តាលខែមេសាទើបចាប់ផ្តើមទិញ។ ទោះយ៉ាងណា លោកស្រីបញ្ជាក់ថា លោកស្រីនឹងមិនទិញទម្លាក់ថ្លៃនោះទេ ពោលគឺទិញនៅក្នុងតម្លៃដូចឆ្នាំមុនដដែល ប៉ុន្តែសម្រាប់តែកសិករជាសមាជិករបស់សហគមន៍លោកស្រីប៉ុណ្ណោះ។
ជុំវិញការត្អូញត្អែររបស់អ្នកដាំស្វាយចន្ទីនៅឆ្នាំនេះដែរ លោក វ៉ា រុតសាន ម្ចាស់ចំការស្វាយចន្ទីនៅកំពង់ចាម និងជាអ្នកបទពិសោធន៍ជាង២ទសវត្សរ៍ក្នុងការដាំដុះ និងស្រាវជ្រាវពូជស្វាយចន្ទីនៅកម្ពុជាផងដែរនោះ បានពន្យល់ថា បញ្ហាតម្លៃគ្រាប់ស្វាយចន្ទីស្រស់ធ្លាក់ថ្លៃនេះ គឺកើតមានរាល់ឆ្នាំ។ប៉ុន្តែឆ្នាំនេះ ដោយមានបញ្ហាមួយចំនួន ទើបធ្វើឲ្យតម្លៃចុះជាងឆ្នាំមុនបន្តិចទៀត។
យ៉ាងណាមិញ ចំពោះដំណោះស្រាយបញ្ហាទាំងអស់នេះ ត្រូវបានលោក វ៉ា រុតសាន បញ្ជាក់ថា មានវិធានការមួយចំនួន គឺបានចែងនៅក្នុងគោលនយោបាយជាតិស្វាយចន្ទី ដែលក្រុមការងារពាក់ព័ន្ធកំពុងរៀបចំសេចក្តីព្រាងនៅឡើយ។ ទោះយ៉ាងណា លោកបញ្ជាក់ថា បើសិនជាអាចកសិករគួរតែហាលគ្រាប់ស្វាយចន្ទីទុកសិន ចាំបានថ្លៃចាំលក់ ប៉ុន្ដែវាក៏ត្រូវតែបង្កើតឃ្លាំងសហគមន៍ ហើយក៏រដ្ឋត្រូវជួយផ្តល់ដើមទុនសម្រាប់ការងារទាំងអស់នេះផងដែរ។
បើតាមការឲ្យដឹងពីប្រធានសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្ន កម្ពុជាមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំៗចំនួនតែ៤ប៉ុណ្ណោះ ដោយរោងចក្រទាំង៤នេះ មានសមត្ថភាពកៃច្នៃគ្រាប់ស្វាយចន្ទីបានត្រឹមតែប្រមាណ ១០ម៉ឺនតោនប៉ុណ្ណោះក្នុងមួយឆ្នាំ ខណៈដែលទូទាំងប្រទេសអាចផលិតស្វាយចន្ទីបានលើសពី ៦០ម៉ឺនតោន។ ដូចនេះ គ្រាប់ស្វាយចន្ទីប្រមាណជាង៥០ម៉ឺនតោនទៀត ត្រូវពឹងលើទីផ្សារវៀតណាមទាំងស្រុង ដែលជាហេតុធ្វើឲ្យវៀតណាមអាចទម្លាក់តម្លៃទៅតាមចិត្តបាន៕