នៅក្នុងកិច្ចសម្ភាសជាមួយខេមបូណូមីសលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា មូលហេតុដែលរដ្ឋាភិបាល ទើបសម្រេចសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនៅក្នុងឆ្នាំនេះ ក៏ដោយសារតែការអភិវឌ្ឍនីមួយៗត្រូវធ្វើទៅតាមដំណាក់កាល។ ជាក់ស្ដែងគម្រោងព្រែកជីកនេះ ត្រូវការថវិកាច្រើនសម្រាប់ប្រើប្រាស់ និងត្រូវការពេលវេលាយូរក្នុងការសិក្សាឱ្យបានល្អិតល្អន់ពាក់ព័ន្ធនឹងប្រព័ន្ធទឹក បរិស្ថាន និងការកាត់បន្ថយថ្លៃដើម ក៏ដូចជាទីតាំងភូមិសាស្រ្ត។
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ កត្តាសំខាន់មួយទៀតដែលជំរុញឱ្យរាជរដ្ឋាភិបាល សម្រេចសាងសង់ព្រែកជីកហ្វូណនតេជោ នៅឆ្នាំនេះ គឺដោយសារការកើនឡើងទំហំពាណិជ្ជកម្មរបស់កម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយ ដែលជំរុញការដឹកជញ្ជូនមានការកើនឡើង និងមមាញឹកជាងមុន ពោលគឺកាលពីប្រមាណ១៥ឆ្នាំមុនការនាំចេញរបស់កម្ពុជាមានក្នុងរង្វង់ជាង១០ពាន់លានដុល្លារឯណោះ តែបច្ចុប្បន្នការនាំចេញមានរហូតជិត៤០ពាន់លានដុល្លារ។
បើមិនមានការប្រែប្រួលទេគម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ គម្រោងដែលគ្រោងចំណាយថវិកាប្រមាណ១ពាន់៧រយលានដុល្លារមួយនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ។ លើសពីនេះ តាមរយៈគម្រោងនេះ វានឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថាន និងកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងធ្វើឱ្យការវិនិយោគនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ដែលនឹងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% ហើយជីវភាពរបស់ពលរដ្ឋជាង១លាន៦សែននាក់ ដែលរស់នៅតាមបណ្ដោយព្រែកជីកនេះ ក៏នឹងមានភាពប្រសើរឡើងផងដែរ៕
អទ្ថបទ៖ បូ ដូឡា