ព្រែកជីកហ្វូណនតេជោ

សម្តេច ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោគ្មានអ្វីអាថ៌កំបាំងទេ គឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពពលរដ្ឋ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ គ្មានអ្វីជាអាថ៌កំបាំងនោះទេ ពោលគឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន និងលើកកម្ពស់ជីវភាពពលរដ្ឋ។
ព្រែកជីកហ្វូណនតេជោ
ដោយ

ការលើកឡើងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្រោយមានការលើកឡើងការអភិវឌ្ឍគម្រោងនេះបង្កប់ដោយរឿងអាថ៌កំបាំងមួយចំនួន។ បើតាមការវាយតម្លៃរបស់មន្ត្រី និងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន គម្រោងព្រែកជីកហ្វូណនតេជោដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារនឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនបានចន្លោះពី២០ទៅ៣០%។

នាពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន២គ្រឿង នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជុំវិញគោលបំណងនៃការអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ពីទន្លេបាសាក់ទៅកាន់កំពង់ផែខេត្តកែប។ សម្តេចធិបតីអះអាងថា ការអភិវឌ្ឍន៍គម្រោងផ្លូវដឹកជញ្ជូនតាមផ្លូវទឹក ដែលមានប្រវែងប្រមាណ១៨០គីឡូម៉ែត្រនេះ គ្មានអាថ៌កំបាំងអ្វីនោះទេ ពោលគឺធ្វើឡើងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់អមសងខាងផ្លូវនេះតែប៉ុណ្ណោះ។ ការចេញមកអះអាងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្រោយមានអ្នកវិភាគដែលមាននិន្នាការប្រឆាំងជាមួយរាជរដ្ឋាភិបាលមួយចំនួនបានលើកឡើងថា ការអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ភ្ជាប់ពីទឹកសាបទៅកាន់សមុទ្រនេះធ្វើឡើងក្រោមអាថ៌នេះអាថ៌កំបាំងនោះជាដើម។

ជុំវិញការអភិវឌ្ឍគម្រោងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងអំឡុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីពេលថ្មីៗបានប្រាប់ភាគីវៀតណាមថា ការអភិវឌ្ឍផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ មិនបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធទឹកទន្លេមេគង្គ និងទន្លេផ្សេងៗនោះទេ។ បន្ថែមលើនេះ គម្រោងនេះអាចរក្សាបាននូវបរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវចម្រុះផងដែរ។

គួរបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ»ដែលតភ្ជាប់ពីទន្លេបាសាក់ទៅកំពង់ផែ សមុទ្រខេត្តកែប មានចម្ងាយ១៨០គីឡូម៉ែត្រ ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិក ជាមួយរយៈពេលសាងសង់៤ឆ្នាំ។ បើគ្មានការប្រែប្រួលទេគម្រោងនេះអាចនឹងបើកការដ្ឋានសាងសង់នៅអំឡុងឆ្នាំ២០២៤ ខាងមុខនេះ។ គម្រោងនេះនឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាម បានប្រមាណ៦៩គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។ ជាពិសេសវាអាចជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនបានចន្លោះពី២០ទៅ៣០%។

លើសពីនេះ គម្រោងនេះនឹងជួយបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ជួយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ជួយជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងជួយជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មករនិយោជិតអេស៊ីលីដាជាង ៦០០នាក់ នៅទូទាំងប្រទេស ចូលរួមបរិច្ចាគឈាមនៅក្នុងថ្ងៃតែមួយ

ព័ត៌មាន
ការបរិច្ចាគឈាម គឺជាការួមចំណែកដ៏សំខាន់សម្រាប់ការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ខណៈដែលនៅទូទាំងប្រទេសកម្ពុជាមាន…

កម្ពុជានឹងទទួលផលចំណេញរាប់រយលានដុល្លារ ក្រោយកំពង់ផែក្រុងព្រះសីហនុបញ្ចប់ការលើកគុណភាពជំហានទី១

ព័ត៌មាន
ក្រោយបញ្ចប់ការសាងសង់ជំហានទី១ កំពង់ផែក្រុងព្រះសីហនុ នឹងក្លាយជាកំពង់ផែដែលមានសក្ដានុពលខ្ពស់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងការដឹកជញ្ជូនទំនិញចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ