
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ប្រាប់ ខេមបូណូមីសថា គម្រោងព្រែកជីកហ្វូណន តេជោ គ្រោងនឹងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ សម្រាប់ចំនួនគ្រឿងចក្រដែលត្រូវប្រើប្រាស់ក្នុងការសាងសង់ គឺអាស្រ័យលើពេលវេលា ស្ថានភាព និងទីតាំងដែលជ្រើសរើសសម្រាប់បើកការសាងសង់ជាផ្លូវការ ខណៈមកទល់ពេលនេះ ក្រុមហ៊ុនទទួលសាងសង់ បានត្រៀមគ្រឿងចក្ររួចរាល់ហើយរង់ចាំតែការអនុវត្តនីតិវិធីចាំបាច់ ដូចជាការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះប៉ុណ្ណោះ។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា សម្រាប់កំណាត់ទី១ នៃគម្រោងព្រែកជីក ដែលមានប្រវែង២១គីឡូម៉ែត្រ កំពុងដោះស្រាយផលប៉ះពាល់ ខណៈកំណាត់ទី២ កំពុងប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីក ដែលចាប់ផ្តើមអនុវត្តការកំណត់និយាមការនៅខេត្តកណ្តាល ហើយគ្រោងបន្តទៅខេត្តតាកែវ នៅដើមខែមិថុនា នេះ។
ពាក់ព័ន្ធនឹងគម្រោងនេះដែរកាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានគាំទ្រគម្រោងព្រែកជីកហ្វូណន តេជោ ដែលកម្ពុជាកំពុងដំណើរការសាងសង់ ជាពិសេសរាល់កិច្ចអភិវឌ្ឍន៍នានាផងដែរ ខណៈគម្រោងនេះ នឹងបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាក្នុងការឈានដល់អភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន តេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ។
អត្ថបទ៖ បូ ដូឡា,រូបភព ឯកសារ