
អង្គការសហប្រជាជាតិនឹងត្រូវបង្ខំចិត្តកាត់បន្ថយកងកម្លាំងរក្សាសន្តិភាពនៅទូទាំងពិភពលោកចំនួន ២៥% ដែលបង្ខំឱ្យកងកម្លាំងយោធា និងប៉ូលិសចន្លោះពី១ម៉ឺន៣ពាន់ទៅ១ម៉ឺន៤ពាន់នាក់ត្រូវធ្វើមាតុភូមិនិវត្តន៍ ខណៈបុគ្គលិកស៊ីវិលមួយចំនួនធំ ដែលកំពុងធ្វើបេសកកម្ម ក៏នឹងរងផលប៉ះពាល់ដូចគ្នាដែរ។ គម្រោងកាត់បន្ថយចំនួនកងកម្លាំងរក្សាសន្តិសុខនេះធ្វើឡើងក្រោយអង្គនេះជួបបញ្ហាខ្វះថវិកា ដែលភាគច្រើនដោយសារការកាត់បន្ថយជំនួយរបស់សហរដ្ឋអាម៉េរិក។
អាម៉េរិក ត្រូវបានគេរំពឹងថា នឹងផ្តល់វិភាគទានចំនួន១,៣ពាន់លានដុល្លារនៃថវិកាសរុបជាង៥ ពាន់លានដុល្លារសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឆ្នាំ២០២៥-២០២៦។ ប៉ុន្តែពេលនេះ សហរដ្ឋអាម៉េរិក បានជូនដំណឹងដល់អង្គការនេះថា អាម៉េរិកនឹងផ្ដល់ឱ្យត្រឹមតែពាក់កណ្តាលនៃចំណែករបស់អាម៉េរិក ឬស្មើនឹងជិត៧០០លានដុល្លារប៉ុណ្ណោះ រួមបញ្ចូលទាំងថវិកា៨៥លានដុល្លារ ដែលបានត្រៀមទុកសម្រាប់បេសកកម្មប្រឆាំងក្រុមឧក្រិដ្ឋជនអន្តរជាតិ នៅក្នុងប្រទេសហៃទី ផងដែរ។
រីឯប្រទេសចិនវិញត្រូវបានគេរំពឹងថា នឹងផ្ដល់ចូលផ្ដល់វិភាគទានចំនួន១,២ពាន់លានដុល្លារដល់អង្គការសហប្រជាជាតិ ប៉ុន្តែគិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២នៅលើពិភពលោកនេះមិនទាន់បានបង់វិភាគទានគ្រប់គ្រាន់នៅឡើយទេ។
គួររំលឹកថា បច្ចុប្បន្នអង្គការសហប្រជាជាតិ មានកងរក្សាសន្តិភាពដាក់ពង្រាយនៅប្រទេសមួយចំនួនដូចជាកុងហ្គោ, លីបង់, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, ស៊ូដង់ខាងត្បូង និងដែនដីសាហារ៉ាខាងលិច រួមទាំងកន្លែងផ្សេងទៀតផងដែរ៕
ដោយ៖ សុខ មង្គល