ប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាម៉េរិក ចេញផ្សាយទិន្នន័យអតិផរណាដែលបង្ហាញថា តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសមហាអំណាចទី១ របស់ពិភពលោកមួយនេះហក់ឡើងយឺតជាងការរំពឹងទុក ប្រទេសអង់គ្លេស កាណាដា និងជប៉ុន ត្រូវបានរំពឹងថា នឹងចេញផ្សាយទិន្នន័យអតិផរណាសម្រាប់ខែមេសា របស់ខ្លួន ដែលទំនងជាមានទិសដៅស្របគ្នា។
ទន្ទឹមនឹងនេះ ការចេញផ្សាយរបាយការណ៍ស្ដីពីប្រាក់ឈ្នួលក្នុងតំបន់ចាយប្រាក់អឺរ៉ូ ក៏នឹងផ្ដល់ទិន្នន័យដ៏សំខាន់ដែលក្រុមអ្នកបង្កើតគោលនយោបាយកំពុងស្វះស្វែងរកផងដែរ។ ការបញ្ចេញទិន្នន័យអតិផរណាក្នុងពេលដ៏ខ្លីខាងមុខរបស់កាណាដា នឹងត្រូវបានក្រុមឈ្មួញតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីវាយតម្លៃពីលទ្ធភាពនៃការបញ្ចុះអត្រាការប្រាក់។ ទិន្នន័យការងារ និងទំនោរអតិផរណាកាលពីពេលថ្មីៗនេះនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកំណត់លទ្ធផលនៃការរំពឹងទុករបស់ទីផ្សារ។
ទន្ទឹមនឹងនេះ ស្ថានភាពអតិផរណារបស់អង់គ្លេស ក៏ត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ ហើយប្រសិនបើអតិផរណានៅតែបន្តធ្លាក់ចុះ ធនាគារកណ្ដាលអង់គ្លេស អាចនឹងពិចារណាបញ្ចុះអត្រាការប្រាក់។ ចំណែកឯធនាគារកណ្ដាលអឺរ៉ុប វិញក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវទិន្នន័យស្ដីពីប្រាក់ឈ្នួល ហើយបើមានសញ្ញាណាមួយបង្ហាញថាអតិផរណាធ្លាក់ចុះ វាអាចជះឥទ្ធិពលលើសេចក្ដីសម្រេរបស់ធនាគារនេះនៅក្នុងការបញ្ចុះអត្រាការប្រាក់៕
ដោយ: តែម សុខុម