តើពិភពលោកមានការថ្កោលទោសខ្លាំងៗអ្វីខ្លះ ចំពោះរបបយោធាមីយ៉ាន់ម៉ា ចំពោះការកាត់ទោសប្រហារជីវិត?

តើពិភពលោកមានការថ្កោលទោសខ្លាំងៗអ្វីខ្លះ ចំពោះរបបយោធាមីយ៉ាន់ម៉ា ដែលបានការកាត់ទោសប្រហារជីវិតសកម្មជនបក្សប្រឆាំង៤នាក់ថ្មីៗនេះ?


ក្រោយពីរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៥ ខែកក្កដា បានប្រកាសថា ខ្លួនបានកាត់ទោសប្រហារជីវិតសកម្មភាពជនប្រជាធិបតេយ្យចំនួន៤នាក់ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធ អំពើភេរវកម្មរួចមក បានធ្វើឲ្យពិភពលោកបានចេញមកថ្កោលទោសខ្លាំងៗ ចំពោះរបបយោធាភូមា ដែលកំពុងក្ដាប់អំណាច។
តើពិភពលោកមានការថ្កោលទោសខ្លាំងៗអ្វីខ្លះ ចំពោះរបបយោធាមីយ៉ាន់ម៉ា ដែលបានការកាត់ទោសប្រហារជីវិតសកម្មជនបក្សប្រឆាំង៤នាក់ថ្មីៗនេះ?

ដោយក្នុងនោះ កម្ពុជា ក្នុងនាមជាប្រធានអាស៊ានក៏បានចេញសេចក្ដីថ្លែងការណ៍ ដោយបានបរិហារ និងខកចិត្តយ៉ាងក្រែលែងតែម្ដងចំពោះទង្វើរបស់របបយោធាមីយ៉ាន់ម៉ានេះ ខណៈដែលប្រទេសជាច្រើនទៀត រួមទាំងអង្គការសហប្រជាជាតិផងដែរ ដោយបានហៅការកាត់ទោសប្រហារជីវិតនេះថា ជាអំពើដ៏សាហាវឃោឃៅ និងជាការដើរថយក្រោយរបស់ក្រុមមេដឹកនាំប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ការប្រហារជីវិតលើកដំបូងមិនធ្លាប់មាននៅមីយ៉ាន់ម៉ាក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះបានបង្កឱ្យមានការរិះគន់ជាអន្តរជាតិយ៉ាងខ្លាំង។

ជាក់ស្ដែង សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបាននិយាយថា អាមេរិកអាចនឹងលែងមាន ទំនាក់ទំនងដូចធម្មតាជាមួយនឹងរបបយោធាមីយ៉ាន់ម៉ាតទៅទៀតហើយ បន្ទាប់ពីរដ្ឋអំណាចនៃប្រទេសនេះ បានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤ នាក់ ហើយអាមេរិកបានត្រៀមនូវជម្រើសទាំងអស់រួចរាល់ហើយ សម្រាប់ពិចារណាចាត់វិធានដាក់ទណ្ឌកម្មទៅលើរបបយោធានេះ។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនោះអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បានអំពាវនាវឱ្យប្រទេសនានាកុំលក់សម្ភារៈយោធាទៅឱ្យប្រទេសមីយ៉ាន់ម៉ា និងជៀសវាងសកម្មភាពណាមួយ ដែលនឹងផ្តល់សារតាំងអន្តរជាតិដល់របបយោធានេះ។

ឆ្លើយតបនឹងសំណួរថា តើរដ្ឋការរបស់លោក បៃដិន កំពុងពិចារណាលើការដាក់ទណ្ឌកម្មលើឧស្សាហកម្មឧស្ម័នរបស់ប្រទេសមីយ៉ាន់ម៉ាជាវិស័យមួយ ដែលកាលពីលើកមុនអាមេរិកមិនបានដាក់ទណ្ឌកម្ម ឬយ៉ាងណានោះ? លោក Price បាននិយាយថា ពេលនេះអាមេរិកកំពុងដាក់ជម្រើសទាំងអស់នៅលើតុ ដើម្បីពិភាក្សាពីវិធានការទណ្ឌកម្មបន្ថែមទៀតទៅលើរបបយោធាមីយ៉ាន់ម៉ានេះហើយ។

លោក Price បាននិយាយថា ជាមួយអំពើឃោរឃៅដ៏គួរឱ្យរន្ធត់របស់របបយោធានេះ គឺអាមេរិក មិនអាចបន្ដសកម្មភាពដូចបច្ចុប្បន្នជាមួយនឹងមីយ៉ាន់ម៉ាតទៅទៀតបានទេ។

សូមរំលឹកថា របបយោធាមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃចន្ទថាខ្លួនបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤ នាក់ក្រោមការចោទប្រកាន់ថាបានជួយ«អំពើភេរវកម្ម» ប្រឆាំងនឹងកងទ័ព។

តុលាការមីយ៉ាន់ម៉ាបានកាត់ទោសប្រហារជីវិតសកម្មជនទាំង ៤ នាក់នេះនៅក្នុងសវនាការបិទទ្វារកាលពីខែមករា និងខែមេសា ក្រោមការចោទប្រកាន់ថា បានជួយចលនាតស៊ូជនស៊ីវិលដែលបានប្រយុទ្ធប្រឆាំងនឹងយោធាចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន និងការបង្ក្រាបយ៉ាងបង្ហូរឈាមទៅលើការតវ៉ានៅទូទាំងប្រទេសនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ការប្រហារជីវិតបានធ្វើរួចហើយ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាឬវិធីអ្វីនោះទេ ប៉ុន្តែការប្រហារជីវិតនៅមីយ៉ាន់ម៉ាក្នុងពេលកន្លងមក គឺដោយការព្យួរក។

លោក Price បាននិយាយថា គ្មានប្រទេសណាដែលមានឥទ្ធិពលទៅលើរបបសឹកមីយ៉ាន់ម៉ាក្រៅតែពីប្រទេសចិននោះឡើយ ហើយលោកក៏បានអំពាវនាវឱ្យក្រុមប្រទេសអាស៊ានក្នុងតំបន់រក្សាគម្រូ នៃការរារាំងអ្នកតំណាងមកពីរបបយោធាកុំឱ្យចូលរួមកិច្ចប្រជុំក្នុងតំបន់។

ជុំវិញការកាត់ទោសប្រហារជីវិតលើសកម្មជនបក្សប្រឆាំងចំនួន៤នាក់ ដោយរបបយោធាមីយ៉ាន់ម៉ានេះដែរ អគ្គលេខាធិកាអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញមកថ្កោលទោសយ៉ាងខ្លាំងផងដែរ ដោយអ្នកនាំពាក្យនៃអង្គការសហប្រជាជាតិ បានបញ្ជាក់ថា លោក Guterres បានបញ្ជាក់ជាថ្មី នូវការអំពាវនាវរបស់លោកឲ្យមានការដោះលែងជាបន្ទាន់នូវការឃុំខ្លួនដោយបំពានទាំងអស់ រួមទាំងប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint និង ទីប្រក្សារដ្ឋលោកស្រី អោង សានស៊ូជីផងដែរ។

អគ្គលេខាធិកាអង្គការសហប្រជាជាតិ ក៏បានប្រឆាំងចំពោះ ការដាក់ទោសប្រហារជីវិតនេះផងដែរ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ជាមួយគ្នានេះ រដ្ឋាភិបាលស្រមោល NUG មីយ៉ាន់ម៉ា ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងការប៉ុនប៉ងរបស់របបយោធា ដើម្បីគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា វាដល់ពេលហើយសម្រាប់ការឆ្លើយតបជាអន្តរជាតិ ចំពោះទង្វើដ៏ឃោរឃៅរបស់របបយោធា។

លោក Kyaw Zaw អ្នកនាំពាក្យការិយាល័យប្រធានរដ្ឋាភិបាលរួបរួមជាតិ (NUG) ឬហៅថារដ្ឋាភិបាលស្រមោលនោះ បាននិយាយថា សហគមន៍អន្តរជាតិ ត្រូវតែដាក់ទណ្ឌកម្មលើភាពឃោរឃៅរបស់ក្រុមមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ដែលបានធ្វើឡើងដោយសហភាពអឺរ៉ុប អូស្ត្រាលី កាណាដា ជប៉ុន នូវែលសេឡង់ ន័រវេស កូរ៉េខាងត្បូង អង់គ្លេស និងសហរដ្ឋអាមេរិក បានពណ៌នាការកាត់ទោសប្រហារជីវិតរបស់របបយោធាមីយ៉ាន់ម៉ាថា ជាអំពើហិង្សាដ៏គួរឲ្យស្អប់ខ្ពើមជាទីបំផុត ហើយវាបង្ហាញឲ្យឃើញពីឧទាហរណ៍ស្ដែងៗបន្ថែមទៀត នៃការមិនគោរពសិទ្ធិមនុស្ស និងការគោរពច្បាប់របស់របបនេះ។

សូមបញ្ជាក់ថា សម្រាប់អាស៊ានវិញ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៥ ខែកក្កដា ដោយបានបរិហារ និងខកចិត្តយ៉ាងក្រែលែង ចំពោះទង្វើរបស់របបយោធា ដែលបានគាត់ទោសប្រហារជីវិតសកម្មជនគណបក្សប្រឆាំងចំនួន៤រូបនោះផងដែរ។ ក្នុងនាមប្រធានអាស៊ាន កម្ពុជាបានចាត់ទុកការអនុវត្តទោសប្រហារជីវិត គឺជាទង្វើរមិនអាចអត់ឱនបាន ដែលសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែង ជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ពោលគឺការកសាងភាពជឿជាក់ និងទំនុកចិត្ត ដើម្បីឲ្យធ្វើមានកិច្ចសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅបញ្ចប់អំពើហិង្សា និងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ស្រីលង្កាបន្តសុំជំនួយពីចិនបន្ថែមទៀត ដើម្បីសង្គ្រោះសេដ្ឋកិច្ចដែលកំពុងកប់ផុងក្នុងវិបត្តិ

ព័ត៌មាន
ក្រោយការតែងតាំងប្រធានាធិបតីថ្មីប្រទេសស្រីលង្កា ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំប្រទេសចិនបាននិយាយថា ខ្លួនបានស្នើសុំឱ្យប្រទេសចិនជួយស្រីលង្កាបន្ថែមទៀត…

ស្វាគមន៍មកកាន់សាខាថ្មី លើទឹកដីខណ្ឌពោធិ៍សែនជ័យ អគារសាខាស្តង់ដា របស់ធនាគារ អេស ប៊ី អាយ លី ហួរ

ព័ត៌មាន
សូមស្វាគមន៍មកកាន់អគារសាខាស្តង់ដារបស់ធនាគារ អេស ប៊ី អាយ លី ហួរ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាកម្មហិរញ្ញវត្ថុរបស់អតិថិជន ធនាគារ អេស …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ