ប្រមុខការបរទេសនៃក្រុមប្រទេស G7 បានមកប្រមូលផ្តុំគ្នា ជួបពិភាក្សានៅក្នុងទីក្រុងតូក្យូកាលពីថ្ងៃអង្គារ។ បើតាមលោក ហ៊ីរូកាហ្ស៊ូ ម៉ាត់ស៊ូណូ (Hirokazu Matsuno) ប្រធានលេខាធិកា គណៈរដ្ឋមន្ត្រីជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជប៉ុនសង្ឃឹម G7 នឹងអាចមានជំហររួមគ្នា ដើម្បីចេញសេចក្តីថ្លែងការណ៍លើជម្លោះនៅមជ្ឈឹមបូព៌ា។
យ៉ាងណាមិញ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុនមួយចំនួនបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេស G7 ដែលមានចក្រភពអង់គ្លេស បារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាម៉េរិក និងសហភាពអ៊ឺរ៉ុបនឹងអាចចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃពុធនេះ ស្តីអំពីការអំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្ន សម្រាប់ជំនួយមនុស្សចូលក្នុងតំបន់ហ្គាហ្សា។
ក្រៅពីនេះ សេចក្តីថ្លែងការណ៍នោះ ក៏អាចរួមបញ្ចូលការបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ប្លុក G7 សម្រាប់អ៊ុយក្រែនក្នុងសង្រ្គាមជាមួយរុស្ស៊ី និងស្នើឱ្យចិនចូលរួមដោះស្រាយបញ្ហា និងក្តីបារម្ភរួមគ្នា ព្រមទាំងសារថ្កោលទោសការសាកល្បងមីស៊ីល និងការផ្ទេរអាវុធរបស់កូរ៉េខាងជើងទៅឱ្យប្រទេសរុស្ស៊ីផងដែរ។
យោងតាមរដ្ឋាភិបាលជប៉ុន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសទាំង៧បានពិភាក្សាអំពីអ្វីដែលកំពុងកើតឡើងនៅហ្គាហ្សា និងដំណោះស្រាយដើម្បីឱ្យសន្តិភាពរស់ឡើងវិញ។ ប៉ុន្តែព័ត៌មានលម្អិតយ៉ាងណានោះ មិនត្រូវបានប្រកាសឱ្យដឹងនោះទេ។
ទោះបីជាយ៉ាងណា G7 បានបង្ហាញពីជំហរបាក់បែកគ្នារួចស្រេចទៅហើយក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិកាលពីថ្ងៃ២៦ តុលា ដោយបារាំងបានបោះឆ្នោតគាំទ្រឱ្យមានបទឈប់បាញ់មនុស្សធម៌ ខណៈសហរដ្ឋអាមេរិកជំទាស់ ហើយប្រទេសផ្សេងទៀតដែលជាសមាជិក G7 បោះឆ្នោតអនុប្បវាត។
យ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងពិចារណាផ្អាកការប្រយុទ្ធតិចតួច» ប៉ុន្តែនឹងមិនមានបទឈប់បាញ់នោះទេ ដរាបណាហាម៉ាសមិនទាន់ត្រូវបានកម្ទេច ហើយថា ការផ្អាកបទឈប់បាញ់នឹងអនុញ្ញាតប្រមូលផ្តុំកម្លាំងវាយប្រហារលើអ៊ីស្រាអែលជាថ្មីប៉ុណ្ណោះ៕