ប្រាក់ឈ្នួល កម្មករកាត់ដេរ

ប្រាក់ឈ្នួលជាង៥០%បន្ថែម ត្រូវបានដំឡើងឱ្យកម្មករកាត់ដេរបង់ក្លាដែស


រដ្ឋមន្ត្រីក្រសួងការងារបង់ក្លាដែស បាននិយាយថា រដ្ឋាភិបាលបង់ក្លាដែស បានសម្រេចចិត្តថានឹងដំឡើងប្រាក់ឈ្នួលអប្បបរមាជាង៥៦% សម្រាប់កម្មករកាត់ដេរចាប់ពីខែក្រោយតទៅ។ នេះគឺជាការដំឡើងប្រាក់ឈ្នួលលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ បន្ទាប់ពីមានការតវ៉ាមួយសប្តាហ៍ ដើម្បីទាមទារឱ្យដំឡើងប្រាក់ខែដល់កម្មករកាត់ដេរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
ប្រាក់ឈ្នួល កម្មករកាត់ដេរ
ដោយ

រដ្ឋមន្ត្រីក្រសួងការងារលោកស្រី ម៉ុននូចាន ស៊ូហ្វៀន (Monnujan Sufian) អាយុ៧០ឆ្នាំ បាននិយាយថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរនឹងត្រូវដំឡើងពីជិត៧៣ដុល្លារ ទៅដល់ជាង១១៤ដុល្លារក្នុងមួយខែចាប់ពីថ្ងៃទី១ ខែធ្នូ តទៅជាមួយនឹងការដំឡើងប្រចាំឆ្នាំ៥%។ ការដំឡើងប្រាក់ឈ្នួលនេះ បានធ្វើឡើងក្រោយពីមានការតវ៉ាមួយសប្ដាហ៍ ដែលនាំឱ្យមានការប៉ះទង្គិចគ្នាជាមួយប៉ូលិសបណ្ដាលឱ្យស្លាប់កម្មករ២នាក់ និងរបួសរាប់សិបនាក់ជាហេតុបង្ខំឱ្យរដ្ឋាភិបាលជួបប្រជុំជាមួយក្រុមថៅកែរោងចក្រ មេដឹកនាំសហជីព និងមន្ត្រីពាក់ព័ន្ធមួយចំនួនដើម្បីពិចារណាលើការទាមទារដំឡើងប្រាក់ខែរបស់កម្មករ។

លោកស្រី ស៊ូហ្វៀន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមហ៊ុន និងអ្នកពាក់ព័ន្ធថា ពួកគេនឹងប្រកាសអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរតាមការណែនាំរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស គឺលោកស្រី សេក ហាស៊ីណា។

ប្រាក់ឈ្នួលទាបបានជួយឱ្យប្រទេសបង់ក្លាដែសបង្កើតឧស្សាហកម្មកាត់ដេរដោយមានរោងចក្រប្រមាណ៤ពាន់កន្លែងផ្ដល់ការងារដល់កម្មករចំនួន៤លាននាក់ និងផ្គត់ផ្គង់ម៉ាកយីហោដូចជា H&M និង GAP ជាដើម។ វិស័យកាត់ដេរគឺជាផ្នែកដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ ដែលមានចំនួនជិត១៦% នៃផលិតផលក្នុងស្រុកសរុបរបស់បង់ក្លាដែស។

លោក ស៊ីឌីគូ រ៉ះម៉េន (Siddiqur Rahman) តំណាងរបស់ម្ចាស់ក្រុមហ៊ុនមួយចំនួនបានប្រាប់សារព័ត៌មានមួយថា ភាគីពាក់ព័ន្ធទាំងអស់បានយល់ព្រមចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ ដោយបានបន្ថែមថា ប័ណ្ណ សុខុមាលភាពរដ្ឋាភិបាលនឹងត្រូវផ្តល់ជូនដល់កម្មករនិយោជិត ហើយប័ណ្ណរបបអាហារនឹងត្រូវផ្តល់ឱ្យពួកគេនៅពេលក្រោយទៀត ដើម្បីឱ្យពួកគេអាចទិញទំនិញចាំបាច់ប្រចាំថ្ងៃក្នុងតម្លៃថោកជាងមុន។

ទោះជាយ៉ាងណា កម្មករនៅមិនទាន់ពេញចិត្តចំពោះចំនួនប្រាក់ឈ្នួលដែលគេបានដំឡើងឱ្យនេះនោះទេ ស្របពេលដែលអតិផរណាកំពុងស្ថិតក្នុងកម្រិត៩,៥% ដូច្នេះហើយពួកគេចង់ទាមទារឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាន២០៨ដុល្លារក្នុងមួយខែ ទើបអាចទប់ទល់នឹងការចំណាយសម្រាប់ជីវិតប្រចាំថ្ងៃបាន។

លោក មូនណា ខាន់ (Munna Khan) កម្មកររោងចក្រកាត់ដេរម្នាក់បាននិយាយថា ការដំឡើងប្រាក់ឈ្នួលនេះមិនទាន់គ្រប់គ្រាន់ទេស្របពេលដែលតម្លៃទំនិញ និងតម្លៃជួលផ្ទះបានកើនឡើងយ៉ាងខ្លាំង ហើយថា ពួកគេធ្វើការដើម្បីរស់ ប៉ុន្តែពួកគេមិនអាចសូម្បីតែបំពេញតាមតម្រូវការមូលដ្ឋានរបស់ពួកគេបានឡើយ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អនុប្រធានាធិបតីចិនរំពឹងទំនាក់ទំនងជាមួយអាម៉េរិកប្រសើរឡើង ខណៈអារ៉ាប៊ីសាអូឌីតគ្រោងអញ្ជើញប្រទេសអារ៉ាប់ប្រជុំគ្នា

ព័ត៌មាន
អនុប្រធានាធិបតីចិន លោក ហាន ហ្សេង បានលើកឡើងពីសារសំខាន់នៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងចិន និងអាម៉េរិក សម្រាប់ពិភពលោកនៅក្នុងវេទ…

តើប្រមុខការបរទេស G7 នឹងចេញសេចក្តីថ្លែងការណ៍ដំបូងបែបណាចំពោះសង្គ្រាមនៅហ្កាហ្សា?

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ ឬ G7 គ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយស្តីពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ