ចិនច្រានចោលស្ថានការដើមនៃកោះតៃវ៉ាន់

អាមេរិកថា ចិនទាត់ចោល លែងទទួលយកស្ថានការដើមនៃកោះតៃវ៉ាន់ទៀតហើយ និងបន្ដដាក់សម្ពាធថែមទៀត


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធ ទី ២៦ តុលា បាននិយាយបញ្ជាក់ជាថ្មីទៀតថា ប្រទេសចិនបានសម្រេចចិត្តរួចហើយថាស្ថានភាពដើមរបស់តៃវ៉ាន់ ខ្លួនមិនអាចទទួលយកបានទៀតទេ ហើយទីក្រុងប៉េកាំងបានចាប់ផ្តើមដាក់សម្ពាធគ្រប់បែបយ៉ាងលើកោះប្រជាធិបតេយ្យមួយនេះ រួមទាំងសន្យាប្រើកម្លាំងផងដែរជាវិធីសាស្ត្រចុងក្រោយ។
អាមេរិកថា ចិនទាត់ចោល លែងទទួលយកស្ថានការដើមនៃកោះតៃវ៉ាន់ទៀតហើយ និងបន្ដដាក់សម្ពាធថែមទៀត

ការលើកឡើងពីជោគវាសនា​តៃវ៉ាន់ នឹងកាន់តែត្រូវរងសម្ពាធ​ធ្ងន់ពីសំណាក់​ក្រុងប៉េកាំងនេះ ធ្វើឡើង​នៅក្រោយពេលដែល​ លោកស៊ី ជីនពីង​កំពុង​ក្ដាប់អំណាច​ក្នុងអាណត្តិទី៣យ៉ាងតឹងណែនពេញដី ហើយ​មន្ត្រីកំពូលៗនៅកោះតៃវ៉ាន់​ក៏ធ្លាប់បាន​បារម្ភទុកមុនរួចស្រេចទៅហើយថា កាលណាលោកស៊ី ជីនពីងកាន់អំណាចបន្ដ នោះតៃវ៉ាន់ នឹងត្រូវប្រឈម​សម្ពាធតានតឹង​កាន់តែរឹងតែខ្លាំងដូចគ្នាដែរ ប៉ុន្ដែ កោះប្រជាធិបតេយ្យមួយនេះ នៅតែប្រកាសមិនចុះញ៉មបន្ដិចសោះឡើយ។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលរៀបចំឡើងដោយសារព័ត៌មាន Bloomberg លោក ប្លីនខេន បាននិយាយថា៖ «ជំហរខុសគ្នាដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង​ព្រមព្រៀង​គ្នា​រាប់ទសវត្សរ៍​ក្នុងការដោះស្រាយ​ជាមួយកោះតៃវ៉ាន់​ដោយសន្តិវិធីនោះ​ ចិនបាន​និងកំពុងផ្លាស់ប្តូរហើយ»។

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ​បានសង្កត់ធ្ងន់ថា «អ្វីដែលបានផ្លាស់ប្តូរនេះគឺថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៅទីក្រុងប៉េកាំង គឺលែងទទួលស្គាល់ស្ថានការដើមនៃកោះមួយនេះតទៅទៀត ដោយត្រូវតែពន្លឿនការបង្រួបបង្រួមចិនតែមួយឡើងវិញឲ្យបានឆាប់»។

លោកបានបន្ថែមថា ប្រទេសចិនក៏បានធ្វើការដាក់សម្ពាធ​ស្ទើគ្រប់បែបយ៉ាង​លើទីក្រុងតៃប៉ិ ហើយក៏ត្រៀមប្រើសន្លឹកបៀរចុងក្រោយនោះដែរ គឺការប្រើកម្លាំងយោធា ប្រសិនបើការដាក់សម្ពាធមិនទទួលបានលទ្ធផលអ្វីនោះ។ លោក ប្ល៊ីងខេន ថា «នោះហើយជាអ្វីដែលចិនខ្លួនឯងបានផ្លាស់ប្តូរ»។

យ៉ាងណាមិញ​ រដ្ឋមន្ត្រីការបរទេស​អាមេរិករូបនេះ បាននិយាយដោយឥតលាក់លៀមថា វ៉ាស៊ីនតោនមិនដែរប៉ងប្រាថ្នាចង់បាន «សង្រ្គាមត្រជាក់ជាថ្មីទេ» ហើយក៏មិនដែលព្យាយាមរាំងខ្ចប់​ការរះឡើងរបស់ចិននោះដែរ តែប៉េកាំងត្រូវដឹង​ប្រាកដក្នុងចិត្តថា អាមេរិកនឹងធ្វើគ្រប់​តម្លៃ​ទាំងអស់ដើម្បីការពារផលប្រយោជន៍​របស់ខ្លួន។

កាលពីសប្តាហ៍មុន មន្ត្រីការទូត​កំពូល​របស់សហរដ្ឋអាមេរិកម្នាក់​បាននិយាយថា ទីក្រុងប៉េកាំងបាននឹងកំពុងប្តេជ្ញា​បន្តធ្វើការបង្រួបបង្រួម​ជាមួយតៃវ៉ាន់ «ក្នុងពេលវេលាមួយ​ដ៏លឿន» ទោះបីជាមន្រ្តីរូបនោះមិន​បានបញ្ជាក់​ពេលវេលាជាក់លាក់ណាមួយក៏ដោយ។

កាលពីឆ្នាំមុន ឧត្តមសេនីយកំពូលរបស់សហរដ្ឋអាមេរិកម្នាក់ក៏បាន​និយាយដែរថា ប្រទេសចិនទំនងជាមិនព្យាយាមដណ្តើមកាន់កាប់តៃវ៉ាន់​ដោយប្រើកម្លាំងយោធា​ក្នុងរយៈពេលពីរបីឆ្នាំខាងមុខនេះនោះទេ ក៏ប៉ុន្តែមេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់​សហរដ្ឋអាមេរិករូបនេះ បានប្រាប់សភាអាមេរិកថា​ ការគំរាមកំហែងខ្លាំងនឹងបង្ហាញខ្លួននៅប្រាំមួយឆ្នាំទៀត។

មែនទែនទៅ ការលើកឡើងរបស់មេទ័ព និងមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកមិនមែន​ធ្វើឡើងតាមតែការនឹកឃើញនោះទេ ក្រោមការដឹកនាំប្រកបដោយមហិច្ឆតារបស់បុរសខ្លាំងរដ្ឋចិន លោកស៊ី ជីនពីង មហាយក្សចិនបានរះឡើងលឿនស្លេវតាមពីក្រោយ​សហរដ្ឋអាមេរិក​ទាំងសេដ្ឋកិច្ច និងយោធា ជាពិសេសការពង្រីក​ឥទ្ធិពលកាន់តែខ្លាំងឡើងពីតំបន់អាស៊ីរហូតដល់ទ្វីបអាហ្រិក។

មិនតែប៉ុណ្ណោះ​ ក្រោយពីបានមើលឃើញ​ការពីការក្តោបក្តាប់​អំណាចកាន់តែណែនក្នុងដៃ បន្ទាប់ពីបានជាប់ជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិនក្នុងអាណត្តិទី៣​មិនធ្លាប់មានក្នុងសមាជបក្សលើកទី២០នាពេលថ្មីៗនេះ លោក ស៊ី ជីនពីង បានប្តេជ្ញាថា ចិនត្រូវតែបង្រួបបង្រួមគ្នាជាមួយតៃវ៉ាន់ឡើងវិញ ទោះក្នុងតម្លៃណាក៏ដោយ រួមទាំងសិទ្ធិប្រើប្រាស់កម្លាំងយោធាក្តី​ ព្រោះលោកចាត់ទុកថា វាគឺជា «ការរស់ឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិនទាំងមូល»៕




អត្ថបទបន្ទាប់


សិង្ហបុរីខំប្រឹងប្រែងបង្កើនការនាំចូលអគ្គិសនីពីក្នុងតំបន់នៅត្រឹមឆ្នាំ២០៣៥ខាងមុខនេះ

ព័ត៌មាន
នៅចំពេលដែល ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិថាមពលនោះ រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសសិង្ហបុរីបាននិយាយកាលពីថ្ងៃពុធទី២៦តុលាថា ប្រទេសសិង្ហបុ…

បុរសខ្លាំងរដ្ឋចិន និងអាមេរិក បញ្ចេញវោហារសាស្ត្រទន់ភ្លន់ដាក់គ្នាបន្ដិចវិញហើយ ជាសញ្ញាបង្ហាញពីជំនួបដែលអាចកើតឡើង?

ព័ត៌មាន
យោងទូរទស្សន៍រដ្ឋចិនដែលបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ តុលា បានឲ្យដឹងថា មេដឹកនាំនៃប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ