
ក្រោយបើកឆាកប្រយុទ្ធគ្នាតាំងពីថ្ងៃសុក្រ សប្តាហ៍មុន សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នេះបានសម្លាប់មនុស្សជាង៤០០នាក់ហើយ ខណៈការខូចខាតនៅមិនទាន់បានគណនានៅឡើយទេ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ការវាយប្រហារតាមដែនអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលកំពុងឡើងកម្តៅខ្លាំងបានបង្កឱ្យមានការខូចខាតទាំងសងខាង គ្រាន់តែអ៊ីរ៉ង់ហាក់ធ្ងន់ធ្ងរជាងអ៊ីស្រាអែល។ យោធាអ៊ីស្រាអែលបានអះអាងថា ការវាយប្រហាររបស់អ៊ីរ៉ង់បានសម្លាប់មនុស្សប្រមាណ១៤នាក់ និងរបួស៣៩០នាក់ ក្នុងនោះក្នុងចំណោមមីស៊ីល២៧០គ្រាប់ ដែលអ៊ីរ៉ង់វាយប្រហារមកលើខ្លួនមានតែ២២គ្រាប់ប៉ុណ្ណោះដែលអាចទម្លុះសំណាញ់ការពារដែនអាកាសរបស់អ៊ីស្រាអែល។
ដោយឡែក ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់វិញបានសម្លាប់មនុស្សចំនួន៤០៦នាក់ និងរបួស៦៥៤នាក់ ដោយរួមទាំងមន្រ្តីយោធាកំពូលៗមួយចំនួនផងដែរ។ គោលដៅរបស់អ៊ីស្រាអែលដែលបានវាយលុកអ៊ីរ៉ង់ភាគច្រើន គឺសំដៅទីតាំងដែលសង្ស័យថា ជារោងចក្រចម្រាញ់សារធាតុសម្រាប់ឧស្សាហកម្មនុយក្លេអ៊ែ និងមូលដ្ឋានយោធា។
នៅមុនពេលកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ចាប់ផ្តើម លោកនាយករដ្ឋមន្ត្រីអង់គ្លេស គៀ ស្តេម័រ ( Keir Starmer) បាននិយាយថា លោកបានពិភាក្សាពីកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយវិបត្តិជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក៏ដូចជាមេដឹកនាំពិភពលោកផ្សេងទៀត ហើយលោករំពឹងថា ការពិភាក្សាស៊ីជម្រៅនឹងបន្តនៅឯកិច្ចប្រជុំកំពូល។
ដោយឡែកលោក ដូណាល់ ត្រាំ ដែលគេជឿជាក់ថាជាមនុស្សដែលបានដឹងពីគម្រោងវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ងកាលពីថ្ងៃសុក្រ សប្តាហ៍មុន បាននិយាយមុនធ្វើដំណើរឆ្ពោះទៅចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសកាណាដា ដោយស្នើសុំភាគីពាក់ព័ន្ធកុំពង្រីកទំនាស់ និងរំពឹងថា ដំណោះស្រាយសម្រាប់សង្គ្រាមនេះកើតមានឡើង៕
ដោយៈ សរ សុជាតិ