ផ្សារម៉ាក្រូ​សាខាទី២

ផ្សារម៉ាក្រូទី២ វិនិយោគ ២០លានដុល្លារ បើកដំណើរការអាជីវកម្ម ក្នុងទឹកដី វប្បធម៌ប្រវត្តិសាស្ត្រ សៀមរាប អង្គរ ហើយ!


ផ្សារម៉ាក្រូសាខាទី២ បានបើកសម្ពោធដាក់ឲ្យប្រតិបត្តិការអាជីវកម្មហើយ នៅក្នុងទឹកដីវប្បធម៌ ប្រវត្តិសាស្ត្រ សៀមរាប អង្គរ ដែលបានចំណាយទុនវិនិយោគរួមគ្នាជាមួយមហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា លី យ៉ុង ផាត់ និង មហាសេដ្ឋីមកពីប្រទេសថៃ។ ផ្សារម៉ាក្រូទីសាខាទី២ នេះ គឺជាផ្សារធំទំនើប នឹងក្លាយជា មជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំដំបូង ធំជាងគេនៅខេត្តសៀមរាប។
ផ្សារម៉ាក្រូទី២ វិនិយោគ ២០លានដុល្លារ បើកដំណើរការអាជីវកម្ម ក្នុងទឹកដី វប្បធម៌ប្រវត្តិសាស្ត្រ សៀមរាប អង្គរ ហើយ!
ដោយ

ផ្សារម៉ាក្រូសាខា​ទី២ សៀមរាបនេះ ត្រូវបាន​ថ្នាក់ដឹក​នាំផ្សារ​ម៉ាក្រូ​ប្រចាំនៅ​កម្ពុជា​អះអាង​ថា មានការ​វិនិយោគ​ទឹកប្រាក់​ប្រមាណ ២០លានដុល្លារ ដែលទំហំ​ផ្ទៃដីសាង​សង់​ទំហំ ៥​,៥ ហិក​តា ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ភូមិគោក​ត្នោត ឃុំកណ្តែក ស្រុកប្រាសាទ​បាគង ក្រុង​សៀមរាប ខេត្តសៀមរាប។

សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បានថ្លែង​នៅក្នុង​ពិធីបើក​សម្ពោធ ផ្សារម៉ាក្រូ​សាខាទី២ ខេត្តសៀមរាប ឲ្យដឹងថា ការបង្កើត​មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ ដែលមាន​គុណភាព និងសុវត្ថិភាព ជាមួយ​តម្លៃសមរម្យ​នេះ នឹងជំរុញ សក្តានុពល​តំបន់​សក្តានុពល​​​ទេសចរណ៍ ឲ្យក្លាយ​ជាមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏ធំប្រចាំ​តំបន់ ជាពិសេស គឺទាក់ទាញ​ការវិនិយោគ​ដោយផ្ទាល់​មកពី​បរទេស ដែលអាច​ប្រែក្លាយ​ទៅជា តំបន់សេដ្ឋកិច្ច​ពិសេស ថែមទៀតផង។

សម្តេច ពិជ័យសេនា ទៀ បាញ់ បន្តថា វត្តមាន​ផ្សារ ម៉ាក្រូ នៅខេត្ត​សៀមរាប នឹងចូលរួម​ចំណែក​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម​កម្ពុជា របស់​វិស័យ​ឯកជន ហើយក៏ជា​សារមួយបង្ហាញ​ពិភពលោកថា កម្ពុជា​កំពុង​តែមាន​សុខ​សន្តិភាព និងស្ថិរភាព​នយោបាយ ដែលពោរពេញ​ដោយ​ឱកាស​ក្នុងការ​វិនិយោគ និងទទួល​បានការ​ទុកចិត្តពី សំណាក់​​វិនិយោគិន​ថៃ មកលើប្រទេស​កម្ពុជា។

លោកជំទាវ ស៊ូឆាដា អ៊ិធិចារឹគុល នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន ស្យ៉ាម ម៉ាក្រូ បានឲ្យដឹង​ដែរថា វត្តមាន​របស់ ផ្សារម៉ាក្រូ នៅក្នុងខេត្ត​សៀមរាប នឹងចូល​រួមចំណែក​ដល់ភាព​រីកចម្រើន​នៃ សេដ្ឋកិច្ច​កម្ពុជា តាមរយៈ ការលើក​កម្ពស់​ជីវភាព​រស់នៅ​រ​បស់​ប្រជាជន​ក្នុងតំបន់ ដោយនាំ​មកនូវ ការគ្រប់គ្រង​ចំណី​អាហារ ប្រកប​ដោយ​សុវត្ថិភាព ជាមួយ​នឹងតម្លៃ​ប្រកួត​ប្រជែង និងផ្តល់នូវ​ជម្រើស​គ្រប់បែប​យ៉ាង សម្រាប់​ម្ចាស់​អាជីវកម្ម និងដៃគូ​ពាណិជ្ជកម្ម។

ផ្សារ​ម៉ាក្រូ គឺជាផ្សារ​​លក់​បោះ​ដុំ​​ទំនិញ​​ថៃ ដ៏​ធំ​មួយ​នេះ ជា​ការ​​បោះ​ទុន​​វិនិយោគ​​​រួមគ្នា​​រវាង​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) ដែល​គ្រប់គ្រង​​ដោយ​​មហា​សេដ្ឋី​​ស្រុក​ខ្មែរ គឺ​អ្នក​​ឧកញ៉ា លី យ៉ុងផាត់ ដែល​កាន់​កាប់​​ភាគ​ហ៊ុន​​ចំនួន ៣០​ភាគរយ និង ​ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែល​គ្រប់គ្រង​​កាន់​កាប់​​ដោយ​​មហាសេដ្ឋី​លេខ​១ របស់​ប្រទេស​ថៃ គឺ​លោក ថានីន ជារ៉ាវ៉ានុន (Dhanin Chearavanont) ដែល​កាន់​កាប់​​ភាគ​ហ៊ុន​​ចំនួន ៧០​ភាគ​រយ។

ផ្សារ​ ម៉ាក្រូ​ ដែល​បើក​​ក្រោម​ស្លាក​​ក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ជា​សម្ព័ន្ធ​​សហគ្រាស​​ចម្រុះ​​រវាង ក្រុមហ៊ុន Siam Makro Public Company Limited របស់​ថៃ។ ​ផ្សារនេះ ​ស្តុក​លក់​​ទំនិញ​​បោះដុំ​រហូត​​ដល់​​ជាង ១​ម៉ឺន​មុខ​ ហើយ​​ផ្សារ​នេះ ត្រូវ​គេ​មើល​​ឃើញថា ​នឹង​ដើរ​តួ​ជា​​អ្នក​ផ្គត់ផ្គង់​​ផលិតផល​​ម្ហូប​អាហារ​​ដ៏​ធំ និង​សំខាន់​​ជាង​គេ​មួយ សម្រាប់​​វិស័យ​​លក់​រាយ​​នៅ​កម្ពុជា។

លោក យ៉ុត្តាផម ចារឺនសុខ (Yuttapoom Jarernsuk) អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុនផ្សារ ម៉ាក្រូ ប្រចាំ​នៅប្រទេស​កម្ពុជា បានបញ្ជាក់​ដែរថា​ ខេត្តសៀមរាប គឺជាខេត្តគោលដៅ​របស់​​យើង ព្រោះ​សម្បូរទៅ​ដោយ ភ្ញៀវទេសចរណ៍ ដូច្នេះហើយ យើងជា​អ្នកលក់ដុំ និងផ្គត់ផ្គង់​បន្ត​ទៅឲ្យ​ សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្ម​លក់រាយ ដែល​បម្រើដល់ ភ្ញៀវទេសចរណ៍​ទាំងអស់​នោះ។

លោកបន្តថា លើសពីនេះ​ទៅទៀត ផ្សារម៉ាក្រូ​ សៀមរាប មាន​ទំនិញ​ស្រស់ៗ​ជាច្រើន​មុខ ដោយសារ​ភ្ញៀវ​ទេសចរណ៍ ចូលចិត្ត​ផលិតផល​ថ្មីៗ ហើយក៏មាន​បណ្តុំ​អាជីវកម្ម​ចម្រុះ នៅក្នុងផ្សា​រនេះផងដែរ ដែលរួមមាន ហាងកាហ្វេ អាហារដ្ឋាន ហាងលក់​គ្រឿង​អលង្ការ ហាងលក់​ឧបករណ៍​អេឡិច​ត្រូនិក និងហាងយីហោ​ល្បីៗ​ជាច្រើន។ 

របាយការណ៍​ពីក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបង្ហាញ​ឲ្យដឹងថា ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ​២០១១ វិនិយោគិន​ថៃ បានបោះ​ទុនវិនិយោគនៅកម្ពុជា​​ប្រមាណ​​តែ ៣៨លានដុល្លារ ក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម បានបន្តកើន​ឡើង​ពី ៥,៦ ពាន់លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១៦ រហូតដល់​ជាង ៦ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១៧ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ រំពឹង​នឹងអាច​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រហូតដល់ ១៥ពាន់​លាន​ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ខាងមុខនេះ។

តាមការបញ្ជាក់​ពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញ​ឲ្យដឹងថា ការវិនិយោគ​ក្នុង វិស័យលក់រាយ និងសេវាកម្ម ក៏ដូចជា វិស័យសណ្ឋាគារ និងបដិសណ្ឋាកិច្ច​នៅកម្ពុជា គឺជាកម្លាំង​ចលក​រ​រុញច្រាន​កំណើន​សេដ្ឋកិច្ច ក្នុងឆ្នាំ ២០១៨​កន្លងទៅ ឲ្យកើន​ដល់ ៧,៣ភាគរយ និងនៅតែដើរ​តួនាទី​ស្នូល ក្នុង​ការរក្សា​កំណើន​សេដ្ឋកិច្ច​កម្ពុជា ឲ្យនៅ​ថេរ​​រង្វង់ ៧,១ភាគរយ ក្នុងឆ្នាំ ​២០១៩​នេះ​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ដាំ​ក្បាល​ចុះ​ក្នុង​ឆ្នាំ​២០១៩​-២០២០

ព័ត៌មាន
កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៣,៥​ភាគរយ ក្នុង​ឆ្នាំ​២០១៩ និង ៣,៦​ភាគរយ ក្នុង​ឆ្នាំ​២០២០ ដោយសារ​តែ​សន្ទុះ​សេដ្ឋកិ…

ថៃ រំពឹងថា នឹងស្រូបបានភ្ញៀវចិន ទិញអចលនទ្រព្យ ក្នុងប្រទេសខ្លួន បានកាន់តែច្រើន នៅឆ្នាំនេះ

ព័ត៌មាន
ចូលមកដល់ឆ្នាំ២០១៩ ភ្លាម ថៃបង្ហាញពីក្ដីរំពឹងខ្ពស់ថា នឹងនៅតែជា​ទីផ្សារ​ពេញនិយម សម្រាប់​ជនជាតិ​ចិនចូល​មកទិញ​អចលនទ្រព្យ ដោយ​គេព្យាករថា អាច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ