ជាក់ស្តែងនៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានរោងចក្រសហគ្រាសបង្កើតថ្មីនៅក្នុងវិស័យកាត់ដេរជាង៤០០កន្លែង ខណៈការនាំចេញក្នុងវិស័យនេះមានការកើនឡើងជាង២៣% នៅក្នុងរយៈពេលដូចគ្នានេះ។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា វិស័យឧស្សាហកម្ម គឺជាវិស័យមួយក្នុងចំណោមវិស័យស្នូលទាំង៣ ដែលមានភាពធន់ នៅក្នុងការចូលរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ នៅក្នុងឆ្នាំ២០២៤នេះ។ តួយ៉ាង ការនាំចេញនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរកម្ពុជាបច្ចុប្បន្ននៅតែរក្សាបានកំណើនខ្ពស់ ពោលគឺបានកើនឡើងជាង២៣% នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ ឯកឧត្តម កត្តា អ៊ន បានអះអាងថា ស្ថានភាពវិនិយោគនៅក្នុងវិស័យឧស្សាកម្មកម្ពុជាបច្ចុប្បន្នក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយគិតមកទល់ពេលនេះ កម្ពុជាមានរោងចក្រសហគ្រាសសរុបជាង៤ម៉ឺន៤ពាន់៤រយសហគ្រាស ដែលបានស្រូបទាញកម្លាំងពលកម្មបានជាង១លាន៨០ម៉ឺននាក់ ក្នុងចំណោមនោះ វិស័យឧស្សាហកម្មកាត់ដេរមានជាង១ពាន់៥រយសហគ្រាស និងមានកម្លាំងពលកម្មជិត៩១ម៉ឺននាក់។ មន្ត្រីជាន់ខ្ពស់រូបនេះបានឱ្យដឹងថា ក្នុងចំណោមរោងចក្រសហគ្រាសបង្កើតថ្មីជាង៧ពាន់សហគ្រាស នៅរយៈពេល៩ខែឆ្នាំនេះ កម្ពុជាទទួលបានរោងចក្រក្នុងវិស័យកាត់ដេរជាង៤រយសហគ្រាស ដោយបានស្រូបទាញកម្លាំងពលកម្មបានជាង១៤ម៉ឺននាក់។
ស្របពេលការនាំចេញ ក៏ដូចជាស្ថានភាពវិនិយោគក្នុងវិស័យកាត់ដេរកម្ពុជា មានការរីកចម្រើននៅឆ្នាំនេះ ឯកឧត្តម កត្តា អ៊ន បានអះអាងថា កម្ពុជាក៏បានក្លាយជាកន្លែងដែលមានសេរីភាពសហជីពល្អប្រសើរមួយផងដែរ ពោលគឺគិតមកទល់ពេលនេះកម្ពុជាមានសហជីពរហូតជាង៦ពាន់៣រយសហជីព៕