បើតាមការអះអាងរបស់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កត្តាដែលធ្វើឲ្យក្រុមហ៊ុននៅអឺរ៉ុប និងនៅប្រទេសលោកខាងលិចមិនសូវចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ក៏ដោយសារពួកគេយល់ថា កម្ពុជាមានទីផ្សារតូច បើធៀបនឹងប្រទេសផ្សេងៗនៅក្នុងតំបន់។ យ៉ាងណាមិញ រាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការទាក់ទាញក្រុមហ៊ុនមកពីអឺរ៉ុប និងលោកខាងលិចឲ្យមកបោះទុនវិនិយោគនៅកម្ពុជា។
បើតាមរបាយការណ៍របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា មានក្រុមហ៊ុនវិនិយោគមកពីចិនដីគោលជាង៤រយក្រុមហ៊ុនបាននិងកំពុងវិនិយោគនៅក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។ ចំនួនវិនិយោគិនមកពីចិនដីគោកនេះបានក្តោបចំណែកទីផ្សាររហូតដល់៥៥%នៃចំនួនក្រុមហ៊ុនសរុប ដែលបានវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។ បន្ទាប់ពីចិនដីគោក គឺក្រុមហ៊ុនមកពីចិនតៃវ៉ាន់បានឈរលំដាប់ទីពីរដែលបានវិនិយោគក្នុងវិស័យនេះច្រើនជាងគេ ពោលគឺមានជិត១០០ក្រុមហ៊ុន ដែលបានក្តោបចំណែកទីផ្សារចំនួន១១%។ ដោយឡែកវិនិយោគិននៅកម្ពុជាបានរួមចំណែកវិនិយោគក្នុងវិស័យទាំងនេះតែ៧%ប៉ុណ្ណោះ ជាមួយក្រុមហ៊ុនវិនិយោគសរុបចំនួន៥២ក្រុមហ៊ុន។
តាមរយៈតួលេខនេះបានបង្ហាញឲ្យឃើញថា ក្រុមហ៊ុនមកពីអឺរ៉ុប និងប្រទេសលោកខាងលិចហាក់មិនសូវចាប់អារម្មណ៍មកវិនិយោគក្នុងវិស័យនេះនៅកម្ពុជាដូចប្រទេសចិន និងប្រទេសមួយចំនួនទៀតក្នុងតំបន់នោះទេ។ ជុំវិញបញ្ហានេះដែរ ឯកឧត្តមឧបនាយករដ្ឋ ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា កត្តាដែលធ្វើឲ្យក្រុមហ៊ុនមកពីអឺរ៉ុប និងប្រទេសលោកខាងលិចមិនសូវមកវិនិយោគនៅកម្ពុជា គឺដោយសារប្រទេសទាំងនោះគិតថា កម្ពុជាមានទីផ្សារតូចពេក ឬអាចមកពីកម្ពុជាខ្វះការនិយាយពន្យល់ក្នុងការទាក់ទាញក្រុមហ៊ុនទាំងនោះ។ សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កម្ពុជាមិនបានហាមឃាត់ប្រទេសណាមួយមិនឲ្យមកវិនិយោគនៅកម្ពុជានោះទេ ពោលគឺកម្ពុជាស្វាគមន៍រាល់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងចង់មកវិនិយោគនៅកម្ពុជា។ យ៉ាងណាមិញរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកំពុងរៀបចំយុទ្ធសាស្ត្រក្នុងការទាក់ទាញក្រុមហ៊ុនមកពីអឺរ៉ុប និងប្រទេសលោកខាងលិចឲ្យមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។
យ៉ាងណាក៏ដោយក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានធ្វើជាប្រទេសមួយចំនួនក្នុងការបើកចំហរពាណិជ្ជកម្មកម្ពុជាឲ្យកាន់តែទូលំទូលាយ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីការវិនិយោគថ្មី ដែលមានការលើកទឹកចិត្ត និងអំណោយផលខ្ពស់អ្នកវិនិយោគ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប ដែលរួមមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ភ្នំពេញ-សៀមរាប គម្រោងជីកព្រែកហ្វូណនតេជោ គម្រោងមជ្ឈមណ្ឌភស្តុភារកម្ម និងការលើកកម្ពស់គុណភាពកំពង់ខេត្តព្រះសីហនុជាដើម សំដៅទាក់ទាញការវិនិយោគពីបរទេសបន្ថែម ក៏លើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា៕